ក្រុមការងារ​បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​ពិភាក្សា​គ្នា​លើ​ច្បាប់​បោះឆ្នោត​ឃុំ-សង្កាត់

រូបឯកសារ៖ ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/វីអូអេ)

ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈនៅក្នុង​សភា​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​ជាលើក​ដំបូង​បន្ទាប់​ពីអាក់​ខាន​ដោយ​សារ​តែ​មាន​ការខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ព្រំដែន​និង​ការចាប់​និង​ការ​កាត់​ទោស​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ។

ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈនៅក្នុង​សភា​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​ជាលើក​ដំបូង​បន្ទាប់​ពីអាក់​ខាន​ដោយ​សារ​តែ​មាន​ការខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ព្រំដែន​និង​ការចាប់​និង​ការ​កាត់​ទោស​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ។

​ក្រុមចរចា​ដែល​ដឹកនាំ​ដោយលោក​ ស ខេង ​អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​សម រង្ស៊ី​ ប្រធានគណបក្ស​សង្គ្រោះជាតិ​បាន​ផ្តោត​តែ​ជា​សំខាន់​លើ​បញ្ហា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ឃុំ​សង្កាត់ដោយ​មិន​មាន​និយាយ​ដល់​ការដោះលែង​មន្ត្រី​និង​សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះឡើយ។

លោក​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​នៅ​ក្នុងសារ​តាម​ទំព័រហ្វេសប៊ុក​របស់​លោក​ថា​ក្រុម​ការងារ​«បានស្រុះស្រួលគ្នា​ស្ទើ​ទាំងស្រុង ​ហើយ​៥​ចំណុច​ទៀត​ដែល​នៅ​សេសសល់​ ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​បន្ដ​សិក្សា​ ជជែកគ្នា​នៅ​សប្ដាហ៍​ក្រោយ‍»។

ចំណុច​ទាំង៥​ដែល​មិន​ទាន់​ឯកភាព​គ្នា​គឺ​ទាក់​ទិននឹង​ ការហែក្បួន​ឃោសនាបោះឆ្នោត​ រយៈពេល​ឃោសនាបោះឆ្នោត​ ការលើក​ស្លាកគណបក្ស​នៅ​ទី​សាធារណៈទោស​ប្បញ្ញត្តិ​និង​ការដាក់ពិន័យ​លើ​មន្ត្រី​សាធារណៈ។

លោកសក់ សេដ្ឋា ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ការជួបជុំ​គ្នា​លើក​នេះ​គឺ​«ជាការ​បន្ត​អនុវត្ត​នូវ​វប្បធម៌​សន្ទនា‍»​ ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំងពីរ​បាន​បង្កើត​ឡើង​បន្ទាប់ពី ជាប់​គាំង​នយោបាយ​អស់រយៈ​ពេលជិត​១ឆ្នាំ​នៅ ក្រោយ​ពី ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

វប្បធម៌​សន្ទនា​នេះ​រង​ការប៉ះទង្គិច​ជាច្រើន​ដោយ​សារ​តែជារឿយៗលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចោទ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា​មិនស្មោះត្រង់និង​មាន​ការ​ចាប់មន្ត្រី​និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ជាង​១០នាក់​ដាក់ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​បាតុកម្ម​ហិង្សា​និង​ព្រំដែន​ជាដើម៕