សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យថា មានករណីឆ្លងជំងឺកូវីដ១៩ ជាង ៣៩ លានករណីនៅទូទាំងពិភពលោក និងករណីស្លាប់ដោយសារជំងឺនេះមានចំនួន ១ លាន ១ សែនករណី។
សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៨ លាន ១ សែនករណី ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
ឥណ្ឌាបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៦ ម៉ឺន ១ ពាន់ករណីក្នុងរយៈពេល ២៤ ម៉ោងមុននេះ។ ឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ សរុបជិត ៧ លាន ៥ សែនករណី និងមានករណីស្លាប់ដោយសារជំងឺនេះចំនួនជាង ១១៤.០០០ ករណី។ នេះបើយោងស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins។
ដងផ្លូវនានាក្នុងទីក្រុងប៉ារីស ប្រទេសបារាំង មានសភាពស្ងប់ស្ងាត់កាលពីយប់ថ្ងៃសៅរ៍ ដោយសារតែទីក្រុងនេះអនុវត្តបម្រាមគោចរមិនឲ្យពលរដ្ឋចេញក្រៅផ្ទះចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៦ ព្រឹក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩។
មានទីក្រុងយ៉ាងហោចណាស់ចំនួន ៧ ផ្សេងទៀតនៅក្នុងប្រទេសបារាំងដែលកំពុងអនុវត្តបម្រាមគោចរពេលយប់នេះ ដែលមានដូចជា ទីក្រុង Lyon ទីក្រុង Grenoble ទីក្រុង Aix-en-Provence ទីក្រុង Montpellier ទីក្រុង Lille ទីក្រុង Rouen និងទីក្រុង Saint-Étienne។ ទីក្រុងទាំងនេះនឹងត្រូវអនុវត្តបម្រាមគោចរនេះរយៈពេល ៤ សប្ដាហ៍។
ប្រទេសប៊ែលហ្សិកនឹងចាប់អនុវត្តបម្រាមគោចរនៅទូទាំងប្រទេសចាប់ពីម៉ោង ១២ អាធ្រាត្រ ដល់ម៉ោង ៥ ទាបភ្លឺចាប់ពីថ្ងៃច័ន្ទស្អែកនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែកើនឡើងនៅក្នុងប្រទេស។ បន្ថែមពីលើនេះទៀត ប្រទេសប៊ែលហ្សិកក៏បានបញ្ជាឲ្យហាងកាហ្វេ បារ និងភោជនីយដ្ឋានទាំងអស់ផ្អាកដំណើរការចាប់ពីថ្ងៃច័ន្ទតទៅផងដែរ។
រដ្ឋមន្ត្រីការបរទេសអឺរ៉ុបពីរនាក់ គឺលោក Alexander Schallenberg នៃប្រទេសអូទ្រីស និងអ្នកស្រី Sophie Wilmè នៃប្រទេសប៊ែលហ្សិក បានឆ្លងជំងឺកូវីដ១៩។ អ្នកទាំងពីរបានចូលរួមកិច្ចប្រជុំសហភាពអឺរ៉ុបមួយនៅក្នុងប្រទេសលុចហ្សំបួរកាលពីថ្ងៃច័ន្ទកន្លងទៅនេះ៕