កាលពីថ្ងៃច័ន្ទ អង្គការសុខភាពពិភពលោក WHO បានព្រមានសារជាថ្មីទៅកាន់ប្រទេសមួយចំនួន ដែលយកជំងឺកូវីដ១៩ «ធ្វើនយោបាយ» ដោយបានបញ្ជាក់ថា ការធ្វើដូច្នេះនឹងនាំឲ្យមានការយល់ច្រឡំ ការមិនគោរពវិទ្យាសាស្ត្រ និងធ្វើឲ្យការឆ្លងរាតត្បាតនៃជំងឺនេះកាន់តែធ្ងន់ធ្ងរថែមទៀត។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា កាលពីសប្ដាហ៍មុន មានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងច្រើនបំផុត ចាប់តាំងពីការរាតត្បាតនៃជំងឺនេះបានចាប់ផ្ដើមមក។ ប្រទេសជាច្រើនដែលស្ថិតក្នុងតំបន់អឌ្ឍគោលខាងជើង ក៏មានការកើនឡើងនៃការចូលសម្រាកព្យាបាលរបស់អ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យផងដែរ ដោយបន្ទប់ព្យាបាលដិតដល់បន្ទាន់នៅតាមបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ពោរពេញដោយអ្នកជំងឺ។
លោក Tedros បាននិយាយថា នៅក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំជាច្រើនជុំវិញពិភពលោក បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ពួកគេ និងបានចាត់វិធានការនានាដូចជាការបិទសកម្មភាពសង្គម ការធ្វើការនិងសិក្សាពីផ្ទះ និងការដាក់កំហិតមួយចំនួនទៀត ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។
លោកបានបញ្ជាក់ថា៖ «វិទ្យាសាស្ត្របន្តប្រាប់យើងអំពីការពិតនៃជំងឺនេះ អំពីរបៀបបង្ការវា បង្រ្កាបវា និងបញ្ឈប់វាកុំឲ្យត្រឡប់មកវិញ ក៏ដូចជាវិធីសង្គ្រោះជីវិតអ្នកដែលបានឆ្លងជំងឺនេះផងដែរ»។
ប្រធានអង្គការ WHO រូបនេះបានបន្ថែមថា ប្រទេសមួយចំនួនដែលបានធ្វើតាមវិទ្យាសាស្ត្របានបង្ក្រាបជំងឺនេះ និងបានធ្វើឲ្យអត្រាស្លាប់ដោយសារជំងឺនេះធ្លាក់ចុះទាបបំផុត។
ប៉ុន្តែ លោកថា៖ «កន្លែងណាដែលមានការបែកបាក់នយោបាយថ្នាក់ជាតិ កន្លែងណាដែលមានការមិនគោរពវិទ្យាសាស្ត្រនិងបុគ្គលិកសុខាភិបាល គេឃើញថា កន្លែងនោះមានការរីកសាយភាយនូវភាពយល់ច្រឡំ ហើយចំនួនករណីឆ្លងនិងស្លាប់ដោយសារជំងឺនេះបានកើនឡើង»៕