វាជាពិបាកសម្រាប់មនុស្សជាច្រើនក្នុងការរក្សាចិត្តឲ្យស្ងប់ ខណៈពេលដែលទទួលបានព័ត៌មានថ្មីៗមិនចេះចប់ អំពីជំងឺកូវីដ១៩ ដោយសារចំនួនអ្នកឆ្លងជំងឺនេះ កើនឡើងនៅអ៊ឺរ៉ុបច្រើនលើសពីនៅប្រទេសចិនទៅទៀត។
លោក Maxim Moskalkov នៃ VOA បាននិយាយជាមួយពេទ្យចិត្តសាស្រ្តអំពីវិធីសាស្រ្តក្នុងការរក្សាចិត្តឲ្យស្ងប់ និងទប់ទល់នឹងការថប់អារម្មណ៍ក្នុងអំឡុងពេលដ៏លំបាកនេះ។
វាជាការលំបាកក្នុងការនៅឲ្យឆ្ងាយពីព័ត៌មានដែលផ្សាយជាប្រចាំតាមទូរទស្សន៍ និងរូបក្រាហ្វិកដែលបង្ហាញអំពីការរាតត្បាតនៃជំងឺកូវីដ១៩ ដ៏គួរឲ្យព្រួយបារម្ភ។
មនុស្សមួយចំនួនចាប់ផ្តើមភ័យស្លន់ស្លោរ ហើយការថប់អារម្មណ៍មានការកើនឡើង។
អ្នកស្រី Mary Alvord ជាគ្រូពេទ្យចិត្តសាស្រ្ត និងជាអ្នកវិទ្យាសាស្រ្តនៃសមាគមចិត្តសាស្ត្រសហរដ្ឋអាមេរិកថ្លែងថា ការភ័យស្លន់ស្លោរ ជាប្រតិកម្មពីធម្មជាតិរបស់មនុស្សចំពោះភាពតានតឹងផ្លូវចិត្ត ឬ ហៅថាស្រ្តេស។ អ្នកស្រីបានថ្លែងបន្តក្នុងសម្តីដើមថា៖
«ខ្ញុំគិតថា ក្នុងនាមជាមនុស្សតើយើងមានអារម្មណ៍យ៉ាងណា នៅពេលដែលយើងត្រូវធ្វើយ៉ាងម៉េច ដើម្បីអាចឲ្យយើងបន្តជីវិតរស់នៅបាន? ដូច្នេះទឹកនឹងត្រូវលក់ដាច់អស់ពីធ្នើ បើទោះបីជា មិនមានការខ្វះទឹកក៏ដោយ។ ជាក់ស្តែង យើងមិនត្រូវការទឹកចំនួន ៥ យួរទេ តែឥឡូវនេះ ហាងនានាកំពុងកំណត់អតិថិជនឲ្យទិញបាន តែប្រហែលជា ១ យួរ ឬ ពីរយួរប៉ុណ្ណោះ…»។
ពេទ្រចិត្តសាស្រ្តនានាថ្លែងថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងយល់អំពីប្រភពដែលអ្នកទទួលព័ត៌មាន ដូច្នេះអ្នកអាចទទួលបានព័ត៌មានដែលមានភាពច្បាស់លាស់។ វាក៏មានសារៈសំខាន់ផងដែរក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នក និងជៀសវាងការភ័យស្លន់ស្លោរ។ អ្នកស្រី Mary Alvord បានថ្លែងក្នុងសម្តីដើមទៀតថា៖
«យើងក៏អាចមើលទៅបញ្ហានេះ ថាជាឱកាសខ្លះបានដែរ។ ឥឡូវនេះ អ្នកមានឱកាសពីព្រោះអ្នកនៅផ្ទះច្រើនជាងមុន។ អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ មិត្តភក្តិដែលអ្នកមិនបាននិយាយជាមួយជាយូរមកហើយ ... ។ គ្រប់វិបត្តិទាំងអស់វាមានឱកាសមកជាមួយដែរ»។
ពេទ្យចិត្តសាស្ត្រអ្នកស្រី Vaile Wright ថ្លែងថា យើងមិនគួរមើលស្រាលឥទ្ធិពលនៃទម្លាប់ទេ។ កាលវិភាគ និងទម្លាប់ជួយរក្សាចិត្តយើងឲ្យស្ងប់ និងផ្តល់នូវអារម្មណ៍ធម្មតាដែលមនុស្សជាច្រើនមានអារម្មណ៍ថា ពួកគេមិនមានគ្រប់គ្រាន់។ អ្នកស្រី Vaile Wright បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ដើម្បីត្រៀមផ្លូវចិត្តរបស់អ្នក អ្នកត្រូវធ្វើអ្វីៗមួយចំនួន ដូចជាការមើលថែរក្សាខ្លួនឯង។ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការរក្សាទម្លាប់ចូលគេងឲ្យត្រូវទៅតាមម៉ោងរបស់អ្នកជារៀងរាល់យប់ និងភ្ញាក់ពីព្រលឹមដូចជាពេលថ្ងៃធ្វើការធម្មតា។ កុំចាត់ទុកវាដូចជាថ្ងៃធ្លាក់ព្រិល។ នៅតែងូតទឹក និងស្លៀកពាក់។ បរិភោគអាហារទៅតាមម៉ោងធម្មតា…»។
ពេទ្យចិត្តសាស្ត្រ អ្នកស្រី Irina Meliksetyan បន្ថែមថា វិធីដែលមនុស្សម្នាក់ៗឆ្លើយតបទៅនឹងស្ថានភាពពេលមានវិបត្តិ គឺអាស្រ័យយ៉ាងខ្លាំងទៅលើប្រភេទចិត្តសាស្ត្ររបស់មនុស្សនោះខ្លួនឯងផ្ទាល់។ អ្នកស្រីបានថ្លែងក្នុងសម្តីដើមថា៖
«វានឹងកាន់តែពិបាកសម្រាប់ប្រភេទមនុស្សដែលមិនសូវនិយាយស្តី ពីព្រោះមនុស្សប្រភេទនេះ មានការថប់អារម្មណ៍ស្រេចទៅហើយ ដែលត្រូវរស់នៅក្នុងស្ថានភាពតានតឹងអារម្មណ៍ជាប្រចាំ។ ពួកគេមានអារម្មណ៍កាន់តែឯកោ ជាពិសេស ដោយសារតែពួកគេមិនអាចជួបជាមួយមនុស្សដែលពួកគេធ្លាប់ពឹងផ្អែក។ ប៉ុន្តែ ដោយសារតែយើងមានបច្ចេកវិទ្យាដូចជា យើងអាចទូរស័ព្ទ យើងមាន Skype និង FaceTime ជាដើម។ បច្ចេកវិទ្យាទាំងនេះ ជួយឲ្យយើងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សជាទីស្រឡាញ់ បង្ហាញការអាណិតអាសូរ បង្ហាញការយកចិត្តទុកដាក់របស់យើង ហើយយើងក៏នឹងដឹងអំពីអ្នកដទៃយកចិត្តទុកដាក់ចំពោះយើងដែរ»។
ក្នុងករណីដែលមានការភ័យស្លន់ស្លោរខ្លាំង ពេទ្យចិត្តសាស្រ្តនិយាយថា ការដកដង្ហើមឲ្យបានត្រឹមត្រូវ អាចជួយកាត់បន្ថយកម្រិតស្ត្រេស និងការថប់អារម្មណ៍។ អ្នកស្រី Irina Meliksetyan ថ្លែងបន្តក្នុងសម្តីដើមថា៖
«ដកដង្ហើមចូលយឺតៗ។ បន្ទាប់មកដកដង្ហើមចេញ។ ធ្វើដូចនេះយ៉ាងហោចណាស់បីដង នោះអ្នកនឹងសម្គាល់ឃើញថា ការថប់អារម្មណ៍ នឹងបាត់ទៅវិញបន្តិចម្តងៗ។ព្យាយាមគិតវិជ្ជមាន ព្យាយាមរក្សាចិត្តឲ្យស្ងប់។ បញ្ហានេះ គ្រាន់តែជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវឆ្លងកាត់»។
វេជ្ជបណ្ឌិតនិងពេទ្យចិត្តសាស្រ្តសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអានព័ត៌មានដែលមកពីប្រភពដែលអាចទុកចិត្តបាន និងការនិយាយជាមួយ អ្នកឯកទេស។ វេជ្ជបណ្ឌិត និងពេទ្យចិត្តសាស្រ្តថ្លែងបន្ថែមថា ចំណេះដឹង និងព័ត៌មានពិត គឺជាតិចនិចដ៏សំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពមិនប្រាកដប្រជានិងការថប់អារម្មណ៍៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់