មុនពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ របាយការណ៍ស្ដីពីវិបត្តិស្បៀងអាហារសាកលឆ្នាំ ២០២០ បានឲ្យដឹងថា មនុស្សចំនួន ១៣៥ លាននាក់ជុំវិញពិភពលោកកំពុងរងទុក្ខដោយសារភាពអត់ឃ្លាន។ ប៉ុន្តែក្រុមអ្នកនិពន្ធរបាយការណ៍នេះបានព្រមានថា រោគរាតត្បាតជាសាកលនេះនឹងធ្វើឲ្យចំនួនអ្នកអត់ឃ្លានកើនឡើងទ្វេដងនៅដំណាច់ឆ្នាំនេះ បើសិនជាមិនមានការចាត់វិធានការឲ្យបានរហ័ស និងសកម្មណាមួយនោះទេ។
របាយការណ៍នេះបានដកស្រង់ពីប្រភពនានាថា ភាពអន់ឃ្លានសាកលកើតឡើងដោយសារជម្លោះ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច។ របាយការណ៍នេះបានឲ្យដឹងថា អាហ្វ្រិកគឺជាទ្វីបដែលរងផលប៉ះពាល់អាក្រក់បំផុតនៅក្នុងពិភពលោក និងតាមពីក្រោយដោយទ្វីបអាស៊ី និងអាមេរិកឡាទីន។ របាយការណ៍នេះក៏បានបន្ថែមថា ភាគច្រើននៃប្រជាជនដែលរងគ្រោះដោយសារកង្វះស្បៀង ប្រហែល ៧៧ ភាគរយ គឺនៅក្នុងប្រទេសដែលមានជម្លោះ។
ប្រធានសេដ្ឋវិទូប្រចាំកម្មវិធីស្បៀងអាហារពិភពលោក លោក Arif Husain បានប្រាប់ VOA ថា ប្រជាជននៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសយេម៉ែន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាហ្វហ្គានីស្ថាន ស៊ីរី និងស៊ូដង់ខាងត្បូង ប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត។
លោក Arif Husain បានថ្លែងដូច្នេះថា៖
«បើសិនជាយើងមិនចែកស្បៀងអាហារដល់ពួកគេទេ ជីវិតរបស់ពួកគេនឹងប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដូច្នេះបើយើងមិនផ្ដល់ស្បៀងអាហារដល់ពួកគេទេ ពួកគេនឹងដាច់ពោះស្លាប់។ ជារៀងរាល់ថ្ងៃ ជាធម្មតាមានមនុស្សប្រហែល ២ សែន ១ ម៉ឺន នាក់បាត់បង់ជីវិតដោយសារភាពអត់ឃ្លាន។ តួលេខនេះមិនរាប់បញ្ចូលពេលដែលមានជំងឺកូវីដ១៩ទេ។ កុមារស្លាប់ជារៀងរាល់ ១០ វិនាទីម្ដង ពីព្រោះកង្វះអាហារូបត្ថម្ភ»។
លោក Husain ថ្លែងថា វិធានការលឿនបំផុតគួរតែត្រូវបានធ្វើឡើង ដើម្បីជួយដល់ប្រជាជននៅក្នុងប្រទេសទាំងនោះ និងប្រទេសផ្សេងៗទៀតដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់។ លោកបន្ថែមថា ពាណិជ្ជកម្ម និងសង្វាក់នៃការផ្គត់ផ្គង់ត្រូវតែដំណើរការឡើងវិញ ហើយចំណីអាហារ និងការផ្គង់ផ្គង់ចាំបាច់ផ្សេងទៀតត្រូវតែរៀបចំឡើងវិញ។ លោកលើកឡើងថា ទីភ្នាក់ងារផ្ដល់ជំនួយទាំងឡាយអាច និងត្រូវតែជួយដល់រដ្ឋាភិបាលណា ដែលមានសំណាញ់សុវត្ថិភាព និងផែនការការពារ ដើម្បីបង្កើនចំនួនកម្មវីធី [ស្បៀងអាហារ] ទាំងនោះ។
លោក Husain ថ្លែងក្នុងសម្ដីដើមថា៖ «យើងមិនគួរបំភ្លេចវិស័យកសិកម្មនោះទេ។ យើងមានការស្តុកទុកគ្រប់គ្រាន់ឥឡូវនេះ ប៉ុន្តែបើសិនជាសង្វាក់ផលិតកម្មលែងដំណើរការ ហើយគ្រាប់ពូជ និងជី និងរបស់ផ្សេងៗទៀតមិនទៅដល់ដៃកសិករ ឬកសិករមិនអាចធ្វើដំណើរទៅស្រែចម្ការរបស់ពួកគេ តើនឹងមានអ្វីកើតឡើងនៅឆ្នាំក្រោយ។ ឆ្នាំក្រោយ យើងនឹងប្រឈមមុខនឹងកង្វះស្បៀង ហើយនេះជាអ្វីដែលយើងត្រូវតែគេចឲ្យផុត»។
ទីភ្នាក់ងារផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិបានព្យាករណ៍ថា ពួកគេត្រូវការប្រាក់ចន្លោះពី ១០ ទៅ ១២ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ដើម្បីទប់ទល់នឹងងវិបត្តិស្បៀងអាហារ ដែលបានរំពឹងទុក។ ប៉ុន្តែ ពួកគេនិយាយថា ពួកគេត្រូវការ ១.៩០០ លានដុល្លារជាបន្ទាន់ ដើម្បីធានាថា ស្បៀងអាហារត្រូវបានចែកជូនដល់ប្រជាជនក្នុងពេលបីខែខាងមុខ ជាពិសេសអ្នកដែលជាប់នៅក្នុងសង្គ្រាម៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា