មេ​រោគ​កូរ៉ូណា​ជា​ការ​គំរាម​កំហែង​ធំ​ដល់​ប្រព័ន្ធ​សុខាភិបាល​មិន​មាំទាំ​នៃ​ប្រទេស​កូរ៉េខាង​ជើង

ការិយាល័យ​នៅក្នុង​មន្ទីរព្យុងយ៉ាងត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់មេរោគកាលពី​ថ្ងៃទី​០១ មេសា ឆ្នាំ២០២០។

អ្នក​ស្រី​ Katharina Zellweger ​ជា​នាយិកា​នៃ​អង្គការ​ KorAid ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ហុងកុង។​ អ្នក​ស្រី​បាន​និយាយ​ថា៖​« ខ្ញុំ​យល់​ថា​ រដ្ឋាភិបាល​កូរ៉េខាង​ជើង​ដឹង​ច្បាស់​លាស់​ណាស់​ថា​តើ​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន​ខ្សោយ​បែប​ណា។ ពួក​គេ​ព្រួយ​បារម្ភ​ថា​ ពួក​គេ​មិន​អាច​ដោះស្រាយ​ការ​រាល​ដាល​ជំងឺ​នេះព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បាន​ចាត់​វិធា​នការ​ទាំង​នេះ​ចាប់​ទាំង​ពី​ដំបូង​មក»។​

អ្នកស្រី​ Zellweger​ ដែល​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក​បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​តាម​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣ ​ខែ​មេសា​ចាត់​ចែង​ដោយ​មជ្ឈមណ្ឌល​Wilson។​

អ្នកស្រី​បាន​ពន្យល់​ថា​ ប្រទេស​កូរ៉េខាង​ជើង​បាន​បិទ​ព្រំដែន​ជា​មួយ​ប្រទេស​ចិន​នៅ​ដំណាច់​ខែ​មករា ​និង​ បាន​ដាក់​ពួក​ជន​បរទេស​ឱ្យ​ដាច់​ពី​គេ​និង​បាន​បន្តឹង​ការ​រឹតត្បិត​ខាង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ថែម​ទៀត​ផង។​

ប្រព័ន្ធ​វេជ្ជសាស្ត្រ​បាក់បែក

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដោយ​មជ្ឈមណ្ឌល​សន្តិសុខ​ខាង​សុខភាព​នៃ​សាកល​វិទ្យាល័យ​Johns Hopkins ​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ខែតុលាបាន​ឲ្យ​ដឹង​ថា ​ប្រទេស​កូរ៉េខាង​ជើង​មាន​លំដាប់​ទី​១៩៣​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៩៥​ដែល​បាន​ត្រូវ​ពិនិត្យ​មើល​នៅ​ក្នុង​សន្ទស្សន៍​សុខភាព​សាកល។​ប្រទេស​សូម៉ាលី​និង​ប្រទេសហ្គីណេអេក្វាទ័រ​នៅ​ក្រោយ​ប្រទេស​កូរ៉េខាង​ជើង។​

សន្ទស្សន៍​នេះ​វាស់វែង​កម្រិត​នៃ​ការ​ប្រុង​ប្រៀប​របស់​ប្រទេស​នីមួយៗ​សម្រាប់​ការ​រាលដាល​ជំងឺ​ឆ្លង​ធំ​មួយ។​ ប្រទេស​កូរ៉េខាង​ជើង​បាន​ទទួល​ពិន្ទុ​«សូន្យ» ​នៅ​ក្នុង​ការ​អនុវត្ត​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​និង​ការ​មាន​គ្រឿង​ឧបករណ៍។​

អ្នក​ជំនាញ​បស្ចឹម​ប្រទេស​ម្នាក់​ដែល​បាន​ដឹង​អំពី​ប្រព័ន្ធ​វេជ្ជសាស្ត្រ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាងបាន​និយាយ​ប្រាប់​វីអូអេ​ថា៖​«ប្រព័ន្ធ​នៃ​ការ​ធ្វើតេស្ត ​និង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដើម្បី​រក​ជំងឺ​ឆ្លង​មិន​មាន​ទេ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។​ មាន​តែ​មន្ទីរពេទ្យ​ពីរ​បី​កន្លែង​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​តេស្ត​ឈាម​បាន»។

អ្នក​ជំនាញ​រូប​នេះ​បាន​សុំ​កុំ​ឱ្យ​គេ​បញ្ចេញ​ឈ្មោះ​លោក។

លោក​ Kee Park ​ជា​សាស្ត្រាចារ្យ​នៅ​ឯ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​Harvard។​ នៅ​ក្នុងវេទិកា​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៤ ​ខែ​មេសា​ដែល​ចាត់​ចែង​ដោយ​វិទ្យាស្ថាន​សន្តិភាព​ស.រ.អា. លោក​បាន​និយាយ​ថា៖​«ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​កូរ៉េខាង​ជើង​ខ្សោយ​ហើយ​ពួក​ពេទ្យ​នៅ​ក្នុង​ប្រទេស​នេះ​អាច​ព្យាបាល​អ្នក​ជំងឺ​ធ្ងន់ៗ​បាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ»។​

លោក​ Park​ បាន​ធ្វើការ​ជាមួយ​ពួក​វេជ្ជ​បណ្ឌិត​កូរ៉េខាង​ជើង​កាល​ពី​១៣​ឆ្នាំ​កន្លង​ទៅ​នេះ​នៅ​ក្នុង​កម្ម​វិធី​ជំនួយ​វេជ្ជសាស្ត្រ។ លោក​បាន​និយាយ​យោង​ដល់​ការ​ឃ្លាំ​មើល​ជំងឺ​ឆ្លង​ដោយ​មហា​វិទ្យាល័យ​ Imperial College ​នៅ​ក្នុង​ក្រុង​ឡុងដ៍​ដើម្បី​ពន្យល់​ របៀប​ដែល​ករណី​អ្នក​ជំងឺ​ COVID-19​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​រាលដាល​ឆាប់​រហ័ស​រហូត​ដល់​ហួស​សមត្ថភាពមន្ទីរ​ពេទ្យ។​

ដោយ​និយាយ​ឧបមាថា​ការ​អះអាង​របស់​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ដែល​ថា ​ប្រទេស​ពួក​គេ​គ្មាន​មេរោគ​វីរុស​នោះ លោក ​Park ​បាន​និយាយ​ថា​ លោក​យល់​ថា៖​ «ទោះជា​កូរ៉េខាង​ជើង​មាន​ជោគជ័យ​ក្នុង​ការ​បង្ក្រាប​ជំងឺ​នេះ​ហើយ​ប្រហែល​បាន​កម្ចាត់​ជំងឺ​នេះ​ទាំង​ស្រុង​ក៏​ដោយ​ចុះ​ក៏ប៉ុន្តែ​លោក​នៅ​តែ​ណែនាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង«បន្ត​អនុវត្ត​វិធានការ​ទូលំទូលាយ​សម្រាប់​បញ្ចៀស​កុំ​ឱ្យ​មាន​ជំងឺ​នេះ​រហូត​ដល់​មាន​ការ​ព្យាបាល​និង​មាន​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ការពារ​ប្រឆាំង​នឹង​ជំងឺនេះ»។

បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​

នៅ​ក្នុង​របាយ​ការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ អង្គការ​កម្មវិធី​ម្ហូប​អាហារ​ពិភពលោក​បាន​ដាក់​ប្រទេស​កូរ៉េខាង​ជើង​ឱ្យ​ឋិត​នៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ចំនួន​៤៩​ដែល​អាច​មាន​ហានិភ័យ​ប្រឈម​នឹង​ផលវិបាក​ខាង​សេដ្ឋកិច្ច​ ដែល​ខ្ទេចខ្ទាំ​ដោយ​សារ​មេរោគ​វីរុស​កូរ៉ូណា។​ពួក​អ្នក​ធ្វើការ​ខាង​ផ្តល់​ជំនួយ​បាន​និយាយ​ថា​ មាន​ផល​ប៉ះពាល់​អវិជ្ជមាន​រួច​ស្រេច​ហើយ​នៅ​ក្នុង​ប្រទេស​នេះ។​

អ្នកស្រី​ Zellweger ​បាន​និយាយ​ថា៖​«រដូវ​ស្លឹក​ឈើ​លាស់​និង​ដើម​រដូវ​ក្តៅ​ជា​និច្ចកាល​ ជា​រយៈ​ពេល​ពិបាក​មួយដោយ​សារ​ស្តុក​ម្ហូបអាហារ​បាន​ធ្លាក់​ចុះ​គឺ​ជា​អ្វី​ដែល​ហៅ​ថា​ រដូវ​រុក្ខ​ជាតិ​ទើប​តែ​មាន​មាន​កម្លាំង​ឡើង​វិញ។ ​ហើយ​ឥឡូវ​នេះ​ មាន​បញ្ហា​ជាច្រើន​ដូចជា​ពាណិជ្ជកម្ម​សឹង​តែ​គ្មាន​ដំណើរការការ​ដាក់​បង្ខាំង​ទំនិញ​ក្នុង​រយៈពេល​យូរ​ បញ្ហា​ខាង​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​ ​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់​ជីរ​គ្រាប់ពូជ បន្ទះ​ប្លាស្ទិក​ និង​ការ​ខ្វះខាត​កម្មវិធី​កសិកម្ម​ឯទៀតៗ។​ បញ្ហា​ទាំង​នេះ​ក៏​បាន​បង្កើន​សម្ពាធ​ផង​ដែរ»។​

លោក​ Scott Snyder ​ជា​នាយក​នៃ​កម្មវិធី​គោល​នយោបាយ​ស.រ.អា. កូរ៉េ​របស់​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការ​បរទេស។ ​លោក​បាន​និយាយ​ដោយ​ប្រុង​ប្រយ័ត្ន​ថា ​វិធី​របស់​អាជ្ញាធរ​កូរ៉េខាង​ជើង​ក្នុង​ការ​ដាក់​អ្នក​ជំងឺ​ COVID​ ឱ្យ​នៅ​ដាច់​ពី​គេ​អាច​ធ្វើ​ឱ្យ​របប​ធ្វើ​ការ​ត្រួតត្រា​ច្រើន​ជាង​មុប។​

លោក ​Snyder ​បាន​ថ្លែង​ថា៖​« ការ​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ដាច់​ពី​គេ​បង្កើន​ការ​ខ្វះ​ទំនិញ​ហើយ​ការណ៍​នេះ​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​ការ​ពឹង​ពាក់​ទៅ​លើ​ពួក​អ្នក​ដឹក​នាំ...។ ​ខ្ញុំយល់​ថា​ការ​ខ្វះខាត​ទំនិញ​ក៏​ជួយ​ដោយ​ប្រយោល​ដល់​បំណង​របស់​រដ្ឋាភិបាល​ធ្វើ​ការ​ត្រួតត្រា​ខាង​សេដ្ឋកិច្ច​បែប​ថ្មី​របស់​ថ្នាក់​បជ្ឈឹម​ទៅ​លើ​ការ​ចែកចាយ​ទំនិញ»។​

ពួក​អ្នក​ជំនាញ​ឯ​ទៀតៗ​បាន​ចង្អុល​បង្ហាញ​ថា​ អាច​មាន​អស្ថិរភាព​ដល់​របប​គ្រប់គ្រង​កូរ៉េខាង​ជើង​នៅ​ក្រោយ​ការ​រាលដាល​នៃ​ជំងឺ​នេះ។​

លោក ​David Maxwell ​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​មូលនិធិ​សម្រាប់​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ។​លោក​បាន​និយាយ​នៅ​ក្នុង​វេទិកា​មួយ​ដែល​ចាត់​ចែង​ដោយ​វិទ្យាស្ថាន​សន្តិភាព​ស.រ.អា.ថា៖​« ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​គឺ​ថា​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​អាច​មាន​ផល​ខ្ទិចខ្ទាំ​ទៅ​លើ​ប្រជា​រាស្ត្រ​កូរ៉េខាង​ជើង ទៅ​លើ​ពួក​យោធា​និង​ទៅ​លើ​ពួក​វរជន​នៃ​របប​គ្រប់គ្រង​នេះ​ដែល​អាច​នាំ​ឱ្យ​មាន​អស្ថិរភាព​ផ្ទៃ​ក្នុង​សម្រាប់​របប​គ្រប់គ្រង​នេះ​ថែម​ទៀត​ផង»៕​

ប្រែសម្រួលដោយ ឈឹម​ សុមេធ