ចក្រភព​អង់គ្លេស បិទ​ស្ថាន​ទូត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ដោយ​យោង​ដល់​ការ​រឹត​ត្បិត​ដ៏តឹង​តែង​នៃ​មេរោគ​កូរ៉ូណា

រូបឯកសារ៖ និស្សិត​ពាក់​ម៉ាស់​ការពារ​កំពុង​វាស់​កម្ដៅ​ ដើម្បី​ការពារ​ការ​ចម្លង​មេរោគ​កូវ៉ូណា នៅ​ពេល​សាកល​វិទ្យាល័យ​បច្ចេក​វិទ្យា Kim Chaek បើក​ឡើង​វិញ នៅ​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង។

ឯកអគ្គ​រាជទូត​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាង​ជើង និយាយ​ថា​ ស្ថានទូត​អង់គ្លេស ​បាន​បិទ​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើងបណ្តាល​មក​ពីការ​រឹត​ត្បិត​ដ៏​តឹង​តែ​ងនៃ​មេរោគ​កូរ៉ូណា។

លោក ​Colin Crooks ​បាន​បញ្ជូនសារ​តាម​ Twitter ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ថា​ «ស្ថាន​ទូច​ក្រភព​អង់គ្លេស ​បាន​បិទ​ជា​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ ហើយ​បុគ្គលិក​ការទូត​ទាំងអស់​បាន​ចាក​ចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង»។​

NK News ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន ​មាន​ទីតាំង​ក្នុង​ប្រទេស​កូរ៉ូខាង​ត្បូង​ដែល​ឃ្លាំមើល​កូរ៉េខាង​ជើង បាន​រាយការណ៍​ថា បុគ្គលិក​ស្ថានទូត​ចក្រភព​អង់គ្លេស​ បាន​ឆ្លង​កាត់​ព្រំដែន​ចូល​ក្នុង​ប្រទេស​ចិន​តាម​ដីគោក។

ការិយាល័យ​បរទេស​របស់​អង់គ្លេស​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា ការ​សម្រេច​ជម្លៀស​បុគ្គលិក​ការទូត​ចេញ​ពី​រដ្ឋធានី​ព្យុងយ៉ាង ​បាន​ត្រូវ​ធ្វើ​ឡើង​ ពីព្រោះ​តែ​ការ​រឹតត្បិត​លើ​ការ​ចូល​ក្នុង​ប្រទេស​នោះ​បាន​ធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស​មិន​អាច​ផ្លាស់​ប្តូរ​បុគ្គលិក​របស់​ខ្លួន និង​បន្ត​កិច្ច​ប្រតិបត្តិ​ការ​របស់​ស្ថានទូត​ទៀត។

កូរ៉េខាង​ជើង​ បាន​បិទ​ព្រំដែន​របស់​ខ្លួន​ហើយ​បាន​ដាក់​វិធានការ​ឲ្យ​នៅ​ដាច់​ពី​គ្នា​លើ​ជនបរទេស​ទាំង​អស់​នៅ​ពេល​ចាប់​ផ្តើម​ការ​រាត​ត្បាត​ បាន​បណ្តាល​ឲ្យ​ប្រទេស​ជា​ច្រើន​ដក​ឯកអគ្គរដ្ឋទូត​និង​បិទ​ស្ថានទូត​របស់​ខ្លួន៕