ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារនេះថា ការជំរុញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងការចាក់វ៉ាក់សាំងដល់មហាជននៅក្នុងខែធ្នូត្រូវពន្យារពេលបន្ទាប់ពីទីភ្នាក់ងារស្បៀងអាហារនិងឱសថរបស់ប្រទេសនេះបានព្រមានថា ខ្លួននឹងមិនអាចផ្តល់ការអនុញ្ញាតជាបន្ទាន់ទេ រហូតដល់ចុងខែមករា ដោយសារទិន្នន័យមិនពេញលេញ។
នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន ប្រធានាធិបតីរូបនេះបានប្រាប់ Reuters ថា ប្រទេសឥណ្ឌូណេស៊ីមានបំណងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដំបូងសម្រាប់បុគ្គលិកពេទ្យនិងបុគ្គលិកជួរមុខផ្សេងទៀតនៅ ខែក្រោយ ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងការឆ្លងនៃជំងឺកូវីដ១៩និងទ្រទ្រង់សេដ្ឋកិច្ចដែលចុះខ្សោយ។
ផែនការនេះគឺប្រើវ៉ាក់សាំងមួយចំនួនរួមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac របស់ចិន ដែលកំពុងធ្វើការសាកល្បងប្រើនៅប្រទេសឥណ្ឌូណេស៊ី។ ការសាកល្បងនេះក៏កំពុងធ្វើឡើងផងដែរនៅក្នុងប្រទេសប្រេស៊ីល។
អ្នកស្រី Penny K. Lukito ប្រធានទីភ្នាក់ងារស្បៀងអាហារនិងឱសថរបស់ឥណ្ឌូណេស៊ីបានប្រាប់សភាកាលពីថ្ងៃអង្គារថា ពេលកំណត់នៅខែធ្នូមិនអាចទៅរួចទេ ព្រោះថា ទិន្នន័យពីប្រទេសប្រេស៊ីលនិងក្រុមហ៊ុន Sinovac នឹងមិនទទួលបានទាន់ពេលទេ។
លោក Budi Gunadi Sadikin ប្រធានគណៈកម្មាធិការស្តារសេដ្ឋកិច្ចជាតិរបស់រដ្ឋាភិបាលបានប្រាប់សភាថា ប្រទេសឥណ្ឌូណេស៊ីនឹងត្រូវការវ៉ាក់សាំងចំនួន២៤៦លានដូសសម្រាប់ប្រជាជនចំនួន២៧០ លាននាក់។
ឥណ្ឌូណេស៊ីជាប្រទេសមានប្រជាជនច្រើនជាងគេទីបួនក្នុងពិភពលោក ហើយដែលមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍នោះ បានរាយការណ៍ពីការកើនឡើងជាថ្មីនៃការឆ្លង វីរុស បន្ទាប់ពីសញ្ញានៃការឆ្លងបានធ្លាក់ចុះ។
មកទល់ពេលនេះ ឥណ្ឌូណេស៊ីមានអ្នកស្លាប់ចំនួន១៥.៣៩០នាក់ ពីជំងឺកូវីដ១៩ មានអ្នកឆ្លងចំនួន៤៧៤.៤០០នាក់ ហើយអ្នកជំនាញសុខភាពខ្លះព្រមានថា អត្រាការធ្វើតេស្តទាបបិទបាំងទំហំពិតប្រាកដនៃការឆ្លងនៃជំងឺរាតត្បាតនេះ៕