​ឥណ្ឌា​ផ្អាក​ការ​ប្រើ​ប្រដាប់​ធ្វើ​តេស្ត​របស់​ចិន​ដែល​«ផ្តល់​លទ្ធផល​មិន​ត្រឹមត្រូវ»​ ហើយ​ចិន​រិះគន់​សេចក្តី​សម្រេច​នេះ​

  • Anjana ​Pasricha

រូបឯកសារ៖ កម្មករធ្វើការសម្អាតច្រកផ្លូវចូលនៅស្ថានីយរថភ្លើងក្រោមភ្លើងនៅក្រុងញូវដេលី ប្រទេសឥណ្ឌា។

សេចក្តី​សម្រេច​មួយ​ដោយ​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ផ្អាក​ការប្រើ​ប្រដាប់​ធ្វើ​តេស្ត របស់​ចិន​អំពី​ជំងឺ​កូវីដ១៩​ ដែល​ «ផ្តល់​លទ្ធផល​មិន​ត្រឹម​ត្រូវ» ​បាន​ត្រូវ​ស្ថានទូត​ចិន​នៅ​ក្នុង​ក្រុង​ញូវដែលី​រិះ​គន់​យ៉ាង​ខ្លាំង​ថា​ «មិន​យុត្តិធ៌ម​និង​គ្មាន​ការ​ទទួលខុស​ត្រូវ»។​

ទីភ្នាក់ងារ​ខាង​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ទាក់​ទិន​នឹង​ការ​រាល​ដាល​វីរុស​កូរ៉ូណា​បាន​និយាយ​ថា​ ខ្លួន​គ្រោង​នឹង​បញ្ជូន​ប្រដាប់​ធ្វើ​តេស្ត​ទាំង​នេះ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ចិន​ពីរ​ដែល​ឥណ្ឌា​បាន​បញ្ជា​ទិញ។ ​ទី​ភ្នាក់ងារ​នេះ​ក៏​បាន​សុំ​ដល់​អាជ្ញាធរ​សុខាភិបាល​នៅ​ទូទាំង​ប្រទេស​ឱ្យ​ឈប់​ប្រើ​ប្រដាប់​ទាំង​នេះ​ដោយ​សារ​លទ្ធផល​តេស្ត​មាន​«ការខុសគ្នា​ច្រើន»។​

ប្រទេស​ឥណ្ឌា​បាន​ទិញ​ប្រដាប់​ធ្វើ​តេស្ត​ខាង​អង្គ​បដិប្រាណ​៥​សែន​គ្រឿង​កាល​ពី​ដើម​ខែ​មេសា​ពី​ប្រទេស​ចិន​ដើម្បី​បង្កើន​ការ​ធ្វើ​តេស្ត ​អំពី​ជំងឺ​ កូវីដ១៩​ នៅ​ក្នុង​ការ​ប្រឹង​ប្រែង​បង្កើន​ការ​ធ្វើ​តេស្ត​នៅ​ពេល​មាន​កង្វល់​ថា​ ការ​ប្រយុទ្ធ​របស់​ខ្លួន​ដើម្បី​ពន្យឺត​ការ​រាត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​កំពុង​ត្រូវ​រារាំង​ដោយ​សារ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​មាន​កម្រិត​ទាប។​ ការ​ធ្វើ​តេស្ត​ទាំង​នេះ​គឺ​ដើម្បី​រក​អង្គ​បដិប្រាណ​នៅ​ក្នុង​រាង​កាយ​មនុស្ស​ដែល​អាច​មាន​ផ្ទុក​មេរោគ​ជំងឺ​នេះ​ហើយ​នឹង​ប្រើ​ជា​ឧបករណ៍​ឃ្លាំ​មើល​នៅ​ក្នុង​កន្លែង​មាន​ការ​រាល​ដាល​ជំងឺ​នេះ។​

ប្រដាប់​ធ្វើ​តេស្ត​ទាំង​នេះ​ដែល​ផ្តល់​លទ្ធផល​ក្នុង​ពេល​ប្រមាណ​៣០​នាទី​បាន​ត្រូវ​ធ្វើការ​ពិសោធន៍​ដោយ​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ឥណ្ឌា​ហៅ​កាត់​ថា ICMR ​នៅ​ក្រោយ​អាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​រដ្ឋ​ខ្លះ​បាន​ត្អូញត្អែរ​ថា ​លទ្ធផល​ពី​ប្រដាប់​ទាំង​នេះ​ផ្តល់​អត្រា​ត្រឹមត្រូវ​កម្រិត​ទាប​ណាស់។​ ពួក​មន្ត្រី​សុខាភិបាល​ទាំង​នេះ​បាន​និយាយ​ថា​ ប្រដាប់​ធ្វើ​តេស្ត​ទាំង​នេះ​បាន​ត្រូវ​ប្រើ​លើ​ពួក​អ្នក​ជំងឺ​ដែល​ពួក​គេ​ដឹង​ស្រេច​ហើយ​ថា ​មាន​ជំងឺ​កូវីដ១៩ ​ ក៏​ប៉ុន្តែ​តេស្ត​ទាំង​នេះ​បង្ហាញ​លទ្ធផល​«អវិជ្ជមាន»​សម្រាប់​អង្គ​បដិប្រាណ​ទៅ​វិញ។​ កូវីដ១៩​ជា​ជំងឺ​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា។

ក្រុម​ប្រឹក្សា​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៧​ខែ​មេសា​ថា៖ ​«លទ្ធផល​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​ការ​ធ្វើ​តេស្ត»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយអ្នកស្រី ​ Ji Rong ​ អ្នក​នាំពាក្យ​នៃ​ស្ថានទូត​ចិន​នៅ​ក្នុង​ក្រុង​ New Delhi ​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ថា៖​ «វា​មិន​យុត្តិធ៌ម​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ពួក​បុគ្គល​ខ្លះ​ដែល​និយាយ​ថា​ ផលិតផល​របស់​ចិន​ផ្តល់​លទ្ធផល​ «មិន​ត្រឹម​ត្រូវ» ហើយ​ពិនិត្យ​មើល​បញ្ហា​ដោយ​មាន​បុរេនិច្ឆ័យ»។​

សេចក្តី​ថ្លែង​ការណ៍​នេះ​និយាយ​ថា​ ប្រទេស​ចិន​បាន​ជួយ​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ដោយ​ធ្វើ​សកម្មភាព​ជាក់​ស្តែង​ហើយ​បាន​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ គុណភាព​នៃ​ផលិត​ផល​ខាង​វេជ្ជសាស្ត្រ​ដែល​ត្រូវ​ដឹក​ជញ្ជូន​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​គឺ​ជា​អាទិភាព​របស់​ក្រុមហ៊ុន​ផលិត​ប្រដាប់​ទាំង​នេះ។​

ប្រទេស​ចិន​បាន​និយាយ​ថា​ ប្រដាប់​ធ្វើ​តេស្ត​ទាំង​នេះ​ជា​ផលិត​ផល​ខាង​វេជ្ជសាស្ត្រ​មាន​គុណភាព​ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រើប្រាស់​ ការ​រក្សាទុក​និង​ការ​ដឹក​ជញ្ជូន​ជាក់​លាក់។​អ្នកស្រី​ Ji ​និយាយ​ថា៖​ «ការ​ប្រើប្រាស់​ដែល​មិន​ធ្វើ​ដោយ​អ្នក​មាន​វិជ្ជាជីវៈ​ មិន​ធ្វើ​តាម​ការ​ណែនាំ​ជាក់លាក់​អំពី​របៀប​ប្រើ​ផលិត​ផល​នេះ​នឹង​នាំ​ឱ្យ​ការ​ធ្វើ​តេស្ត​មិន​ផ្តល់​លទ្ធផល​ត្រឹមត្រូវ»។​

អ្នកស្រី ​Ji ​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បន្ត​គាំទ្រ​ការ​ប្រយុទ្ធ​របស់​ប្រទេស​ឥណ្ឌា​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា។​

ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ផលិត​ដឹក​ជញ្ជូន​និង​លក់​ឧបករណ៍​វេជ្ជសាស្ត្រ​និង​ប្រដាប់​ពាក់​ការពារ​វីរុស​កូរ៉ូណា​នៅ​ឯ​ប្រទេស​ក្រៅ​ច្រើន​ជាង​គេនៅ​ពេល​ដែល​ជំងឺ​នេះ​បាន​រាតត្បាត​នៅ​ទូទាំង​ពិភព​លោក។ ប្រទេស​ចិន​ក៏​បាន​ប្រឈម​នឹង​ការ​ត្អូញ​ត្អែរ​ពី​ប្រទេស​មួយ​ចំនួន​ដែរ​អំពី​ម៉ាស់​និង​ប្រដាប់​ការពារ​វីរុស​មិន​មាន​ប្រសិទ្ធ​ភាពហើយ​លក់​ដោយ​ក្រុម​ហ៊ុន​ចិន។​

សាកល​វិទ្យាល័យ​ Johns Hopkins ​ដែល​តាមដាន​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​ឲ្យដឹង​ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ​ប្រទេស​ឥណ្ឌា​មាន​ករណី​អ្នក​ជំងឺ​កូវីដ១៩​ចំនួន​២៩.៤៥១​នាក់​ហើយ​មាន​មនុស្ស​៩៣៩​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ៕​

ប្រែសម្រួល​ដោយ​ឈឹម សុមេធ​