អាជ្ញាធរក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃចន្ទបានប្រកាសបញ្ចប់វិធានការបិទខ្ទប់ទីក្រុងរយៈពេល២ខែដើម្បីប្រឆាំងនឹងការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ដោយនឹងអនុញ្ញាតឱ្យពលរដ្ឋនៃទីក្រុងដ៏ធំជាងគេរបស់ចិននេះ អាចចេញពីគេហដ្ឋាននិងបើករថយន្តបាន ចាប់ពីថ្ងៃពុធ ទី១ ខែមិថុនានេះតទៅ។ ដំណឹងនេះបាននាំឱ្យផ្ទុះឡើងនូវការអបអរផងនិងប្រុងប្រយ័ត្នផងពីអ្នកក្រុងសៀងហៃដែលបាននឿយហត់នឹងវិធានការតឹងតែងដ៏យូរនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo ម្នាក់បានសរសេរថា៖ «ខ្ញុំមានការរំជួលចិត្តខ្លាំងរហូតដល់ចង់យំ»។
ភាគច្រើននៃពលរដ្ឋសរុបចំនួន ២៥ លាននាក់នៅក្នុងទីក្រុងសៀងហៃ ត្រូវបានតម្រូវឱ្យនៅផ្ទះស្ទើរតែទាំងស្រុងក្នុងអំឡុងពេលនៃវិធានការបិទខ្ទប់នេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែមេសា ហើយដែលវិធានការតឹងតែងនេះទើបតែត្រូវបានបន្ធូរបន្ថយបន្តិចក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះតែប៉ុណ្ណោះ ដោយអនុញ្ញាតឱ្យពលរដ្ឋខ្លះអាចចេញទៅខាងក្រៅផ្ទះរយៈពេលខ្លីបាន។
កាលពីដើមខែឧសភា អាជ្ញាធរក្រុងថាពួកគេមានគម្រោងបើកដំណើរការជីវភាពទីក្រុងជាធម្មតាវិញត្រឹមខែមិថុនា ប៉ុន្តែគេមិនបានដឹងលម្អិតថាតើអាជ្ញាធរនឹងអនុវត្តការបើកទីក្រុងឡើងវិញនេះយ៉ាងណាទេ ខណៈត្រូវធ្វើតាមគោលនយោបាយគ្មានកូវីដ ឬ «សូន្យកូវីដ» (zero-COVID) របស់ចិន។
ពលរដ្ឋខ្លះបានប្រតិកម្មទៅនឹងដំណឹងនេះដោយការពិបាកនឹងជឿអាជ្ញាធរ ដោយពួកគេនឹកឃើញដល់ផែនការដំបូងឡើយដែលអាជ្ញាធរគ្រោងបិទខ្ទប់ទីក្រុងតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ តែបែរទៅជាបិទខ្ទប់យូរជាងការរំពឹងទុក។ ពលរដ្ឋម្នាក់បានសរសេរនៅក្នុងបណ្តាញសង្គមថា៖ «សូមកុំកុហកខ្ញុំ» ហើយពលរដ្ឋម្នាក់ទៀតថា៖ «ខ្ញុំស្ពឹកអស់ហើយ»។
ការលើកលែងវិធានាការបិទខ្ទប់នេះក៏មានតែនៅសង្កាត់ដែលមានហានិភ័យឆ្លងទាបប៉ុណ្ណោះ ដែលតំបន់ទាំងនេះមានប្រជាជនសរុបចំនួនប្រមាណ ២២ លាន ៣ សែននាក់។ ពលរដ្ឋនៅតែត្រូវតម្រូវឱ្យពាក់ម៉ាស់និងត្រូវបានលើកទឹកចិត្តឱ្យទៅចាក់វ៉ាក់សាំង។ អាជ្ញាធរមិនទាន់បញ្ជាក់ថាតើគេនឹងអនុញ្ញាតឱ្យបើកភោជនីយដ្ឋានឡើងវិញ ឬយ៉ាងណានោះទេ។
នៅក្រោយការប្រកាសនេះ លោក Li Qiang ប្រធានបក្សកុម្មុយនីស្តចិនប្រចាំក្រុងសៀងហៃនិងជាសម្ពន្ធមិត្តរបស់ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងថា អាជ្ញាធរនិងពលរដ្ឋក្រុងសៀងហៃបាន«ទទួលជោគជ័យនៅក្នុងការស៊ូនឹងតេស្តសាកល្បងក្រោមលក្ខខណ្ឌដ៏លំបាកក្រៃលែង និងបានសម្រេចកិច្ចការដ៏លំបាកនេះ»៕