នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាដែលគាំទ្រដោយយោធា បានព្រមានក្រុមបាតុករកាលពីថ្ងៃព្រហស្បតិ៍ អំពីការកើនឡើងនៃគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ១៩ ស្របពេលដែលពួកគេធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលនៅចុងសប្ដាហ៍នេះ។
ក្រុមបាតុករបានធ្វើបាតុកម្មស្ទើរតែរៀងរាល់ថ្ងៃអស់រយៈពេលជិតពីរខែមកហើយ ដើម្បីទាមទារដកតំណែងនាយរដ្ឋមន្ត្រី ប្រាយុទ្ធ ដែលអតតីមេដឹកនាំយោធា និងកែប្រែរដ្ឋធម្មនុញ្ញដែលពួកគេនិយាយថា បង្កើតឡើងដើម្បីពង្រីកឥទ្ធិពលយោធាបន្ទាប់ពីការបោះឆ្នោតឆ្នាំមុន។
លោក ប្រាយុទ្ធ អតីតមេដឹកនាំយោធា ដែលកន្លងមកថាលោកត្រូវបានជាប់ឆ្នោតដោយត្រឹមត្រូវនោះបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ថាលោកយល់ពីទុក្ខព្រួយទាំងឡាយ ប៉ុន្តែជំរុញឲ្យក្រុមបាតុករគិតគូរអំពី «ជំងឺកូវីដ១៩ ជាចម្បង» នៅក្នុងពេលនេះ។
លោកថា៖ «នៅពេលដែលអ្នកប្រជុំគ្នាអ្នកកំពុងបង្កើតហានិភ័យដ៏ធំមួយនៃការឆ្លងថ្មី។ ដូច្នេះហើយអ្នកក៏បង្កើតនូវហានិភ័យដ៏ធំដល់ជីវិតរស់នៅរបស់ប្រជាជនថៃរាប់សិបលាននាក់»។
លោកប្រាយុទ្ធ បន្តថា៖ «បាតុកម្មរបស់អ្នកពន្យារពេលការស្ដារឡើងវិញនៃសេដ្ឋកិច្ច ព្រោះអ្នកធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអាជីវកម្ម ហើយអ្នកធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកទេសចរឲ្យត្រឡប់មកកាន់ប្រទេសរបស់យើងនៅពេលដែលយើងត្រៀមខ្លួននឹងទទួលពួកគេ»។
ប្រទេសថៃមិនមានការឆ្លងជំងឺកូវីដ១៩ ក្នុងស្រុករយៈពេល១៤ថ្ងៃហើយ ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា មក នៅពេលដែលអ្នកជាប់ពន្ធនាគារម្នាក់ធ្វើតេស្តវិជ្ជមាន បន្ទាប់ពីរយៈពេលជាង១០០ ថ្ងៃដែលគ្មានការឆ្លងថ្មីក្នុងស្រុកទាល់តែសោះ៕