តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជាបានកើនឡើងដល់ចំនួន៣០០នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមក្រសួងសុខាភិបាល។
កម្ពុជាបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន១១នាក់ក្នុងមួយថ្ងៃ ដែលជាអត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃពុធទី០៩ខែមិថុនា និងថ្ងៃព្រហស្បតិ៍ទី១០ខែមិថុនា ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសាជំងឺកូវីដសរុបកើនឡើងដល់៣០០នាក់។
អ្នកស្លាប់ដោយសារកូវីដដំបូងនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលកត់ត្រាកាលពីថ្ងៃទី១១ ខែមីនាដែលមរណជនជាមន្ត្រីនគរបាលមួយរូបនៅនាយកដ្ឋាននគរបាលអង្គរក្សក្រសួងមហាផ្ទៃ។
នៅថ្ងៃព្រហស្បតិ៍ដដែល ក្រសួងសុខាភិបាលបានរាយការណ៍ពីការឆ្លងថ្មីនៃកូវីដ១៩ចំនួន៤២៦ករណី ដែលក្នុងនោះមាន៣៨០ករណីជាការឆ្លងក្នុងសហគមន៍ និង៤៦ករណីជាការនាំចូលពីក្រៅប្រទេស។ ចំនួនអ្នកឆ្លងសរុបបានកើនដល់ ៣៦.៦៦៦នាក់។ ក្នុងនោះចំនួនអ្នកជះស្បើយសរុបមាន២៩.៨០៧នាក់។
ការបិទខ្ទប់ត្រូវបានអាជ្ញាធរដាក់ឲ្យអនុវត្តឡើងវិញក្នុងសប្ដាហ៍នេះ នៅផ្នែកខ្លះនៃខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ និងផ្នែកខ្លះនៃស្រុកជីក្រែងស្រុកសូទ្រនិគម និងក្រុងសៀមរាប ក្នុងខេត្តសៀមរាបដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលក្នុងតំបន់ទាំងនោះ៕