ជំងឺ​កូវីដ១៩ និង​ភាព​តានតឹង​នយោបាយ​បង្កើន​ការ​រើសអើង​​ប្រឆាំង​ជនជាតិ​ចិន​នៅ​អូស្ត្រាលី

រូបឯកសារ៖ បាតុករ​ម្នាក់​ពាក់ម៉ាស់ និង​កាន់​បដា​មួយ​ ចូលរួម​ដើរ​ដង្ហែ​ក្បួន​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី នៅ​ក្បែរ​ក្រុងចិន ក្នុង​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមការ​ស្ទង់​មតិថ្មី​មួយ​ថា​ពលរដ្ឋអូស្ត្រាលីដើមកំណើត​ចិន​ម្នាក់​ក្នុង​បណ្តា​ប្រាំ​នាក់និយាយ​ថាពួក​គេត្រូវ​បាន​គំរាម​កំហែងឬ​ត្រូវ​វាយប្រហារខាង​រាងកាយ​កាល​ពី​ឆ្នាំ​ទៅ​មិញ ដោយសារ​ដើមកំណើតរបស់​ពួក​គេ។ ពួកអ្នក​ឆ្លើយតប​នឹង​ការ​ស្ទង់មតិ​ដោយ​វិទ្យាស្ថាន Lowy មានមូលដ្ឋាន​ក្នុង​ក្រុង Sydney នេះ​ បានបន្ទោសការ​រើស​អើង​នេះ​ទៅ​លើវីរុស​កូរ៉ូណាដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុងប្រទេស​ចិន​និង​ទៅ​លើ​ជម្លោះ​ខាងនយោបាយដែល​កើនឡើងរវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និងរដ្ឋាភិបាល​ក្រុង Canberra។

​អូស្ត្រាលីជា​កន្លែងល្អសម្រាប់​រស់​នៅ​ហើយ​ភាគ​ច្រើន​នៃ​ពួក​ជន​ទាំង​នេះមានអារម្មណ៍ថា​អូស្ត្រាលី​ជា​ប្រទេស​របស់​ខ្លួន។ តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​១៨ភាគរយនៃ​ពួក​អ្នក​ឆ្លើយ​តប​នឹង​ការ​ស្ទង់មតិ​នេះបាន​និយាយ​ថា​ពួក​គេត្រូវ​បាន​បំភិត​បំភ័យឬត្រូវ​វាយប្រហារ​លើ​រាងកាយ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩និង​កំណើន​ភាព​តានតឹង​ខាង​ការទូត​។ ពួក​ជនទាំង​នេះប្រមាណ​មួយ​ភាគ​បី​បាន​ថ្លែង​ថា​ពួក​គេត្រូវ​បាន​រំលោភ​ដោយពាក្យ​សម្តីកាល​ពី​ឆ្នាំ​ទៅ​មិញ។

អ្នកស្រី Jennifer Hsu ជា​អ្នក​ស្រាវជ្រាវនៅ​ក្នុង​កម្មវិធី​មតិសាធារណៈ​ និង​គោលនយោបាយ​ការបរទេស​នៅ​ឯ​វិទ្យាស្ថាន Lowy។

«ពួក​ជន​ទាំង​នេះបាន​បញ្ជាក់ថាកូវីដ១៩​និង​ទំនាក់​ទំនងរវាងអូស្ត្រាលី​និង​ចិន​គឺ​ជា​កត្តាធំៗ​ពីរ​ ដែល​នាំ​ឱ្យ​ពួក​គេ​រងគ្រោះ​ពី​ការរើសអើង»។

អ្នកស្រី Jennifer Hsu បាននិយាយ​ប្រាប់​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍អូស្ត្រាលី​ថាទោះ​ណា​ជា​មាន​ការរំលោភ​បែប​នេះ​ក៏​ដោយ​ក៏ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ចិន​ច្រើន​នាក់មាន​អារម្មណ៍​ថា​ពួក​គេ​ពេញ​ចិត្តនឹង​ជីវិត​ពួក​គេ​ក្នុង​ប្រទេស​អូស្ត្រាលី។

«ពួក​ជនទាំង​នេះមាន​អារម្មណ៍​ថាអូស្ត្រាលី​ជា​ប្រទេស​របស់​ពួក​គេ​ទោះជា​ឃើញ​ពី​ទង្វើ​រើសអើងក៏​ដោយហើយ​ពួក​គេ​ដិត​អារម្មណ៍​ជា​មួយ​ប្រទេស​អូស្ត្រាលី។ ​នេះ​ជា​អ្វីមួយ​បង្ហាញ​អំពី​ភាពរឹងមាំនៃ​សង្គមអូស្ត្រាលី​និង​ពហុ​វប្បធម៌​និយម​នៃ​ប្រទេសនេះ»។

កាលពី​ឆ្នាំ​ទៅមិញ​ ប្រទេស​ចិន​បាន​ព្រមានអំពី​កំណើន​ការប្រកាន់​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​អូស្ត្រាលីត្រូវ​បញ្ឆេះដោយ​ការ​រាតត្បាតនៃវីរុស​កូរ៉ូណា។ ​ការអំពាវ​នាវរបស់​រដ្ឋាភិបាល​ក្រុង Canberra ​ឱ្យ​ស៊ើបអង្កេត​អំពីប្រភព​នៃវីរុសនេះត្រូវ​បាន​បកស្រាយនៅក្នុង​ក្រុង​ប៉េកាំង​ថា​ជា​ការរិះគន់​ដល់ការ​ដោះស្រាយ​វិបត្តិ​នេះ​ដោយ​ចិន។

ភាព​តានតឹង​នេះក៏ត្រូវបាន​បញ្ឆេះថែមទៀត​ដោយសារ​មានការ​ចោទ​ប្រកាន់អំពី​ការ​ជ្រៀតជ្រែករបស់​ចិន​ក្នុងនយោបាយនិង​បណ្តាញ​ចារកម្ម​ផ្ទៃ​ក្នុង​ប្រទេស​អូស្ត្រាលី​តាម ប្រព័ន្ធ​អ៊ីនធឺណិត។ ការខ្វែង​គំនិត​គ្នា​អំពី​កន្លែងមាន​បញ្ហាខាង​ភូមិសាស្ត្រ​នយោបាយ​ក៏​ជា​ប្រភព​មួយនៃជម្លោះ​នេះ​ដែរ​ដោយ​មានរួម​បញ្ចូល​ការ​អះអាង​ទាមទារទឹកដីរបស់​រដ្ឋាភិបាលក្រុង​ប៉េកាំងក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ផុយ​ស្រួយ​ក្នុង​ក្រុង​ហុងកុង។

ប្រទេស​ចិនជាដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី តែ​នៅ​ពេល​ដែល​ទំនាក់​ទំនង​ទ្វេភាគីរអាក់រអួល​ អាជ្ញាធរក្នុង​ក្រុង​ប៉េកាំង​បាន​ដាក់​កំហិតការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មួយ​ចំនួន​និង​ការ​រឹតត្បិត​លើទំនិញ​អូស្ត្រាលី​មួយ​ចំនួន​ដោយ​មាន​រួម​បញ្ចូល​ធញ្ញជាតិ​ ធ្យូង​ថ្ម​និង​ស្រា​ទំពាំង​បាយ​ជូរ។

អន្តោប្រវេសន៍​ចិនចូលក្នុង​ប្រទេសអូស្ត្រាលីបាន​ចាប់ផ្តើម​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៨០០។ ​នៅ​ពេល​នេះ​មានពលរដ្ឋដើមកំណើត​ចិន​ជាង​១លាន២​សែន​នាក់​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី​។ ពាក់​កណ្តាល​នៃ​ចំនួននេះបាន​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ចិនហើយ​ដប់​ភាគរយបាន​កើតនៅ​អូស្ត្រាលី៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ