មានអ្វីៗជាច្រើនដែលអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់ដឹងនៅឡើយទាក់ទងនឹងជំងឺកូវីដ១៩។ ពួកគេមិនដឹងទាំងស្រុងថា តើការរីករាលដាលកើតឡើងយ៉ាងដូចម្តេចទេ។ ដោយមិនទាន់មានការបញ្ជាក់ថា មានការព្យាបាល ឬវ៉ាក់សាំងនោះ អនាម័យល្អ និងការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា គឺជាវិធីសាស្ត្របង្ការដែលត្រូវបានទទួលស្គាល់ថា អាចការពារមនុស្សមិនឲ្យឆ្លងជំងឺនេះបាន។
លោកវេជ្ជបណ្ឌិត Peter Hotez នៃមហាវិទ្យាល័យឱសថសាស្ត្រ Baylor College បានចាប់ផ្តើមធ្វើការស្រាវជ្រាវផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណាក្នុងឆ្នាំ ២០០៣ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺ SARS ក៏ប៉ុន្តែក្រោយមក មូលនិធិសម្រាប់ការស្រាវជ្រាវនោះ ក៏លែងមាន។ លោក Hotez រំពឹងថា វីរុសកូរ៉ូណានឹងវិវត្ត ហើយរីករាលដាលទៀត។ វីរុសកូរ៉ូណាថ្មីទាំងនោះខ្លះ អាចនឹងមិនសាហាវ ដូចវីរុសកូវីដ១៩ តែខ្លះទៀតអាចនឹងសាហាវជាងវីរុសកូវីដ១៩ ទៅទៀត។
លោកវេជ្ជបណ្ឌិត Peter Hotez បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាទាំងនេះបានក្លាយជារឿងធម្មតាថ្មីមួយ ដូចដែលយើងបានឃើញក្នុងករណីជំងឺ SARS កាលពីឆ្នាំ ២០០៣ ជំងឺ MERS កាលពីឆ្នាំ ២០១២ ហើយឥឡូវនេះ ជំងឺកូវីដ១៩ នេះជាដើម។ ដូច្នេះយើងអាចរំពឹងថា នឹងមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាធ្ងន់ធ្ងរថ្មី នៅរៀងរាល់១០ ឆ្នាំម្ដង»។
ដោយសារតែហេតុផលដូចដែលលោកវេជ្ជបណ្ឌិត Peter Hotez បានរៀបរាប់ខាងលើនេះ វារឹតតែជំរុញឲ្យមានការបង្កើតវ៉ាក់សាំង សូម្បីតែក្រោយពីជំងឺកូវីដ១៩ នេះបានថយចុះ ហើយជីវភាពប្រចាំថ្ងៃ បានវិលទៅរកភាពធម្មតាវិញក៏ដោយ។ លោកវេជ្ជបណ្ឌិត Peter Hotez បានថ្លែងក្នុងសម្តីដើមទៀតថា៖
«យើងកំពុងបង្កើតវ៉ាក់សាំងក្នុងគោលបំណងដើម្បីសុខភាពរបស់ពលរដ្ឋនៅទូទាំងសកលលោក។ យើងមានការព្រួយបារម្ភខ្លាំងណាស់ថា តើនឹងមានអ្វីកើតឡើងនៅពេលវីរុសនេះឆ្លងទៅដល់តំបន់ក្រីក្រតោកយ៉ាកនៅទីក្រុង Mumbai និង Kolkata ដែលមានមនុស្សយ៉ាងកកកុញ ហើយបន្ទាប់មកឆ្លងដល់ទីក្រុងញូវដេលី តើពួកគេ នឹងអនុវត្តការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាបានដោយរបៀបណា? ពួកគេមិនអាចធ្វើបាននោះទេ ដូច្នេះហើយបានជាវ៉ាក់សាំងនឹងមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសនានា ដូចជាប្រទេសឥណ្ឌាជាដើម ហើយនោះបានក្លាយជាអាទិភាពចម្បងរបស់យើងក្នុងពេលឥឡូវនេះ»។
លោក Peter Hotez គឺជាអ្នកវិទ្យាសាស្ត្រម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រមួយចំនួន ដែលធ្វើការស្រាវជ្រាវផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយផ្តោតទៅលើការព្យាបាលអ្នកជំងឺ និងវិធីសាស្ត្រក្នុងការការពារបុគ្គលិកពេទ្យ។ លោកដឹងថា ទឹកស្អាត មិនមាននៅគ្រប់ទីកន្លែងក្នុងពិភពលោកនេះទេ ហើយលោកដឹងថា វាអាចទៅរួចដែលថាជំងឺកូវីដ១៩ អាចនឹងត្រឡប់មកវិញជាថ្មីម្តងទៀត ហើយពិភពលោកទំនងជានឹងមានវីរុសកូរ៉ូណាថ្មីកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខនេះបន្តទៀត៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់