ប្រធាន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ៖ ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ គំរាម​កំហែង​សន្តិភាព និង​ការ​អភិវឌ្ឍ

  • Lisa Schlein

លោក​ស្រី Michelle Bachelet ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី៤៤​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ប្រធាន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា ការ​ឆ្លង​រាតត្បាត​​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នូវ​ស្ថាន​ភាព​សិទ្ធិមនុស្ស​ជា​សកល​ និង​​ធ្វើ​ឱ្យ​ភាព​មិន​ស្មើគ្នា​​កាន់​តែ​រីក​ធំឡើង​​​​នៅ​លើ​ពិភព​លោក​ទាំង​មូល។​

ឧត្តម​ស្នង​ការ​សហប្រជាជាតិ​ ទទូល​បន្ទុក​ជនភៀស​ខ្លួន​ព្រមាន​ថា ជំងឺ​កូវី១៩ បាន​គំរាម​កំហែង​សន្តិភាព​និង​ការ​អភិវឌ្ឍ​នៅ​ជុំវិញ​ពិភព​លោក។ លោក​ស្រី​ Michelle Bachelet អំពាវ​នាវ​ឱ្យ​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ពលរដ្ឋ​ដែល​ងាយ​ទទួល​រង​គ្រោះថ្នាក់​នៅ​ក្នុង​ឱកាស​បើក​សន្និបាត​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី៤៤។

ប្រធាន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា ការ​ឆ្លង​រាតត្បាតជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នូវ​ស្ថាន​ភាព​សិទ្ធិមនុស្ស​ជា​សកល​ និងធ្វើ​ឱ្យ​ភាព​មិន​ស្មើគ្នាកាន់​តែ​រីក​ធំឡើងនៅ​លើ​ពិភព​លោក​ទាំង​មូល។​ លោក​ស្រី Michelle Bachelet បាន​លើក​ឡើងថា​ ក្រុម​ជន​ជាតិ​ភាគតិច​ចម្រុះ​ជាតិ​សាសន៍​ និង​ជន​ជាតិ​ដើម ​ជា​ជន​ដែលស្ថិត​ក្នុង​ចំណោម​ជនរង​គ្រោះ​ខ្លាំង​បំផុត ដោយ​ជំងឺ​ឆ្លង​ដែល​សម្លាប់​ជីវិត​មនុស្ស​នេះ។ លោក​ស្រី​ក៏​បាន​បន្ថែម​ផង​ដែរ​ថា វា​ជា​ការ​ពិត​ផង​ដែរ ដែល​ថា​ពលរដ្ឋ​ដើម​កំណើត​អាហ្វ្រិក​បន្ត​ប្រឈម​មុខការ​រើស​អើង​ពូជ​សាសន៍​ និង​ឱកាស​មិន​ស្មើ​ភាព​គ្នា​នៅ​ក្នុង​វិស័យ​ជាច្រើន​ ដូច​ជា​ការ​អប់រំ​ និង​ការ​ទទួល​បាន​ការ​ងារធ្វើ​ជា​ដើម។​

លោកស្រី ​Bachelet បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​សេចក្តី​រាយការណ៍​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ម៉ាក់ងាយ ការ​រើស​អើង​ និងការស្អប់​ចំពោះ​ជន​ជាតិភាគ​តិច​ និង​ជន​អន្តោប្រវេសន៍​ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដូច​ជា​ប្រទេស​ស្រីលង្កា​ ឥណ្ឌា​ ប៊ុលហ្គារី​ ហាយទី​ អ៊ីរ៉ាក់​ និង​ប៉ាគីស្ថាន​ជា​ដើម។​ លោក​ស្រី​ បាន​អំពាវ​នាវ​ឱ្យ​មាន​សកម្ម​ភាព​ជា​បន្ទាន់​មួយ ដើម្បី​បញ្ចប់​នូវ​ភាព​អយុត្តិធម៌​ និង​អំពើ​ហិង្សា​ពី​សំណាក់​មន្រ្តី​អនុវត្ត​ច្បាប់​ក៏​ដូច​ជា​ការ​បញ្ចប់​ការ​រើស​អើង​ពូជ​សាសន៍​ជា​ប្រព័ន្ធ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​ជា​ច្រើន។​ ​

«ការ​ប្រកាន់​ពូជ​សាសន៍​បណ្តាលឱ្យមនុស្ស​ស្លាប់។ ការ​ដក​ហូតនូវ​សិទ្ធិ​សង្គម​ និង​សេដ្ឋកិច្ច​ពី​ពលរដ្ឋ​ក៏​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដែរ។ ហើយ​ការ​ស្លាប់​ និង​ការ​ឈឺ​ចាប់​ទាំង​នេះ​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​ដល់​សង្គម​ទាំង​មូល។ ជំងឺ​កូវីដ១៩ គឺ​ដូច​ជា​ឧបករណ៍​ស្ទង់​កម្តៅ​ដែល​ផ្ទុះ​ឡើង​ និង​បាន​ជួយ​បន្ថែមកម្តៅ​ដោយ​ភាព​បរាជ័យ​ជា​ប្រព័ន្ធ​ ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស។ បើ​គ្មាន​ការ​សម្រេចចិត្ត​ដោយ​រដ្ឋ​ និង​អន្តរជាតិ​ជា​បន្ទាន់​នោះ​ទេ ជំងឺ​រាតត្បាត​នេះ​នឹង​បញ្ចប់​នូវ​ក្តី​សង្ឃឹមដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ២០៣០»។

លោក​ស្រី​ Bachelet ក៏​បាន​រិះគន់​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​រុស្ស៊ី ចិន​និង​ប្រទេស​អេហ្ស៊ីប​ ក្នុង​ការ​ប្រើប្រាស់​ជំងឺ​កូវីដ១៩​ ដើម្បី​បង្ក្រាប​អ្នក​កាសែត​ ការ​បញ្ជេញ​មតិ និង​ការ​ជួប​ជុំ​ជា​ដើម។ លោក​ស្រី​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ជំងឺ​រាត​ត្បាត​នេះ​ កំពុងគំរាម​កំហែង​យ៉ាងធ្ងន់​ធ្ងរចំពោះ​សន្តិភាព​ក្នុង​ស្រុក​ និង​តំបន់។ លោក​ស្រី​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​មនុស្សធម៌​ ក្នុង​ប្រទេស​យេម៉ែន និង​ប្រទេស​ស៊ីរី ដែលកំពុង​ហែក​ហួរ​ដោយ​សង្រ្គាម​ ថាមាន​លក្ខណៈ​អាក្រក់​ ក្នុង​ខណៈ​ពេល​ដែល​ជំងឺផ្លូវ​ដង្ហើមនេះ​កំពុង​វាយ​លុកយ៉ាង​ខ្លាំង​នោះ។ ​

«ខ្ញុំ​ក៏បារម្ភ​ផង​ដែរ​ដែល​ស្ថាន​ភាព​ដ៏​ធ្ងន់​ធ្ងរ ក្នុង​តំបន់​ Sahel អាច​ធ្លាក់​ដុន​ដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ខណៈ​ដែលការ​ប៉ះ​ពាល់​នៃ​ជំងឺ​កូវីដ១៩ បាន​បង្កើន​ភាព​ឈឺ​ចាប់​ ភាព​ក្រី​ក្រ​ និង​ទុក្ខ​សោក​របស់​ពលរដ្ឋ​កាន់​តែ​ខ្លាំង។ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​ជ្រុល​និយម​ប្រដាប់​អាវុធ​ក៏​បាន​ពង្រឹង​នូវ​ឥទ្ធិពល​របស់​ខ្លួន​លើ​សហគមន៍​ក្នុង​ស្រុក​ ក្នុង​ផ្នែក​កណ្តាល​ និង​ផ្នែក​ខាង​ជើង​ប្រទេស​ម៉ាលី​ ផ្នែក​ភាគ​ខាង​ជើង​ប្រទេស​បូគីណាហ្វាសូ (Burkina Faso) និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឆាដ។ ដោយ​ឡែក​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូងវិញ​ ជំងឺ​កូវីដ១៩​អាចមាន​ភាព​កាន់​តែ​អាក្រក់​ និង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង​ឡើង​ដល់​ពលរដ្ឋ​របស់​ប្រទេស​នេះ»។ ​

អង្គការ​សុខ​ភាព​ពិភព​លោក WHO ​លើក​ឡើង​ថា​ ​ប្រជា​ជន​ប្រមាណ​ជាង​១០​លាន​នាក់​នៅ​លើ​ពិភពលោក​ទទួល​រង​ការ​ប៉ះ​ពាល់​ដោយ​វីរុស​កូរ៉ូណា​ ហើយ​មាន​មនុស្ស​ជាង​កន្លះ​លាន​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។ អង្គការ​ WHO​ ព្រមាន​ថា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ អាច​នឹង​កើ​ត​មាន​ឡើង​ទៅថ្ងៃ​មុខ ហើយ​ថា​វិធី​តែ​មួយគត់ដើម្បី​កម្ចាត់ការ​រាត​ត្បាត​ជំងឺ​នេះ គឺ​ប្រទេស​ទាំង​អស់ ត្រូវ​សាមគ្គី​គ្នា។

លោក​ស្រី​ប្រធាន​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​ Bachelet យល់​ស្រប​ចំពោះរឿង​នេះ។ លោក​ស្រី​ថា​ ប្រទេស​នានា​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ប្រទេស​ទាំង​អស់។ លោក​ស្រី​ព្រមានថា ការ​ខ្វះកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និងការ​ប្រឹង​ប្រែង​រក​ចំណេញ​ផ្ទាល់​ខ្លួន​ ឬផល​ចំណេញ​ខាងនយោបាយ​ ដោយ​មិន​គិត​គូរ​អំពីសុខ​ភាព​សាធារណៈ​របស់​ពលរដ្ឋ​ នឹង​ធ្វើ​ឱ្យជំងឺ​រាត​ត្បាត​នេះ​បន្ត​រីក​រាល​ដាលខ្លាំង និងប៉ះ​ពាល់​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច៕

ប្រែ​សម្រួល​ដោយ​ លោក ជ្រា​ វណ្ណារិទ្ធ