ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​លើ​ពិភពលោក កើន​លើស​៥លាន​នាក់​ហើយ

រូបឯកសារ៖ បុគ្គលិក​ពេទ្យ​យក​សាកសព​អ្នក​ជំងឺ​ម្នាក់​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ទៅ​កន្លែង​បញ្ចុះ​សព​នៅក្នុង​ក្រុង Rivne នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​រាតត្បាត​កូវីដ​១៩​នៅ​លើ​ពិភព​លោក បាន​កើន​ដល់​ចំនួន​៥​លាន​នាក់​ហើយ។ នេះ​បើ​តាមសាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក។ ទិន្នន័យ​របស់​សាកល​វិទ្យាល័យ​នេះ​ បាន​បង្ហាញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា រហូត​មក​ដល់​ពេល​នេះ​ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភព​លោក​ មាន​ចំនួន​សរុបប្រមាណ​៥លាន ​៤២៥​នាក់។

ចំនួន​សរុប​៥លាន​នៃ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺរាតត្បាត​កូវីដ​១៩នេះ​ ​កើត​មាន​ឡើងតែ​ក្នុងរយៈ​ពេល​៤​ខែ​ប៉ុណ្ណោះ ​ក្រោយការប្រកាស​នៃ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ចំនួន​៤​លាន​នាក់​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

ចំនួន​អ្នក​ស្លាប់​សរុប​នៅពេល​នេះ​កើត​មាន​ឡើង​ ខណៈ​ពេល​ដែល​ប្រទេសមួយ​ចំនួន​នៅ​ក្នុង​ពិភព​លោក​ កំពុង​ប្រឹង​ប្រែង​តស៊ូ​ដើម្បី​រក​វ៉ាក់សាំងចាក់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួនក្នុង​ដូស​ដំបូង​ ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទៅ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​រួច​ហើយ​នោះ។

នៅ​ក្នុង​លិខិត​ចំហរ​មួយ​ទៅ​កាន់មេដឹកនាំ​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី​នោះ អង្គការ​សុខភាព​ពិភព​លោក​ បាន​បង្ហាញ​ពី​ភាពខុសគ្នា​នៃការផ្តល់​វ៉ាក់សាំងរវាង​ប្រទេស​អ្នក​មាន​ និង​ប្រទេសដែល​មាន​ប្រាក់​ចំណូល​ទាប។

លិខិត​ចំហរ​នោះ​ក៏​បាន​លើក​ឡើង​ថា «គម្លាត​ខុស​គ្នា​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​នាពេល​បច្ចុប្បន្ន​ រវាង​ក្រុម​ប្រទេស​អ្នក​មាន​និង​ក្រុម​ប្រទេស​ដែល​មាន​ធនធាន​តិចតួច​នោះ​ បាន​បង្ហាញ​នូវ​ការ​មិន​ការមិន​គិតគូ​ពី​អាយុជីវិត​របស់មនុស្ស​នៅ​ក្នុង​ប្រទស​អ្នក​ក្រ​និង​អ្នក​ដែល​ងាយ​ទទួល​រង​គ្រោះ​ខ្លាំង។ ក្នុង​ចំណោមមនុស្ស១០០នាក់​នៅ​ក្នុង​ប្រទេសដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ វ៉ាក់សាំង​ចំនួន​១៣៣​ដូស ​ត្រូវ​បាន​ចាក់​ ខណៈ​ពេល​ដែល​វ៉ាក់សាំង​ចំនួន​តែ​៤​ដូស​ប៉ុណ្ណោះ ត្រូវ​បាន​ចាក់​ទៅលើ​មនុស្ស​១០០​នាក់​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប»។

លិខិតចំហរ​របស់​អង្គការ​សុខភាព​ពិភពលោក ក៏​បានព្រមាន​ផង​ដែរ​ថា គេ​ត្រូវ​ធ្វើ​ការ​កែប្រែ​នូវ​ភាព​អសកម្ម​បែប​នេះ​ដើម្បី​ឲ្យ​មាន​ការផ្លាស់​ប្តូរ​មួយ​ដ៏​យូរ​អង្វែងនៅ​ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវីដ១៩​នោះ។ អសមធម៌​នៃ​វ៉ាក់សាំង​កូវីដ១៩​ កំពុង​សម្លាប់ជីវិត​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ ហើយកំពុង​បន្តដាក់​មនុស្សគ្រប់​គ្នា​នៅ​ក្នុង​ស្ថានភាព​ហានីភ័យ»។

លិខិត​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​បន្ត​ទៀត​ថា «ប្រវិត្តិសាស្ត្រ​និងវិទ្យាសាស្ត្រ​ បានបញ្ជាក់​ច្បាស់​ហើយ​ថា «សកម្មភាព​ដែល​មានការ​សម្រប​សម្រួល​គ្នា​ ជា​មួយ​នឹង​ការ​ទទួល​បាននូវ​ប្រភព​ធន​ធាន​សុខភាព​សាធារណៈ​ប្រកប​ដោយភាព​សមធម៌​នោះ​ គឺ​ជា​វិធី​តែ​មួយ​គត់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ផ្ទុះហក់​ឡើង​នៃ​ជំងឺ​ឆ្លង​ដល់​សុខភាព​ជា​សាកល ដូច​ជា​ជំងឺ​កូវីដ​១៩​នេះ​ជា​ដើម។ យើង​ត្រូវការ​ការខិតខំ​រួម​គ្នា​មួយ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ កាត់​បន្ថយ​ការឈឺចាប់​ ​និង​ធានា​នូវការងើប​ឡើង​វិញ​ជា​សាកល​ប្រកប​ដោយ​ចីរភាព​មួយ៕