មន្រ្តីតៃវ៉ាន់បានរាយការណ៍ថា មានករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ពីមួយទៅប្រាំមួយនាក់ជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី ២៦ ខែមីនាមក។ ច្បាប់ស្តីពីជនអន្តោប្រវេសន៍ ការដាក់មនុស្សឲ្យនៅដាច់ដោយឡែក និងការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុវត្តជាបន្តទៀត។
ក្នុងពេលសព្វថ្ងៃនេះ កោះតៃវ៉ាន់រាយការណ៍ថា ខ្លួនមានករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ចំនួនពី ១ ទៅ ៦ ករណីក្នុងមួយថ្ងៃ។ សាលារៀន ការិយាល័យ និងភោជនីយដ្ឋាន កំពុងដំណើរការទាំងអស់ជាធម្មតា។ ក៏ប៉ុន្តែ រដ្ឋាភិបាលកោះនេះ ត្រូវបានគេរំពឹងថា នឹងរង់ចាំរហូតដល់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នេះ ថយចុះសិន មុននឹងបន្ធូរបន្ថយការរឹតត្បិតដែលបានជួយទប់ស្កាត់ការរីករាលដាលនៃវីរុស ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់តៃវ៉ាន់។
មានករណីអ្នកឆ្លងថ្មីតែមួយករណីប៉ុណ្ណោះកាលពីថ្ងៃទី ៥ ខែមេសា។ ជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី ២៦ ខែមីនាមក មជ្ឈមណ្ឌលបញ្ជាការលើផ្នែកជំងឺរាតត្បាតកណ្តាលរបស់កោះតៃវ៉ាន់ បានរាយការណ៍ថា មានករណីអ្នកឆ្លងថ្មី ពី ២ ទៅ ៦ ករណី ហើយគ្មានសញ្ញាគំរាមកំហែងថា នឹងរីករាលដាលនៅក្នុងសហគមន៍ឡើយ។ ករណីអ្នកឆ្លងថ្មីសរុបកាលពីថ្ងៃច័ន្ទទី ១៣ ខែមេសា មានចំនួន ៥ ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបមាន ៣៩៣ នាក់ ដែលក្នុងនោះ មានអ្នកស្លាប់ចំនួន ៦ នាក់ និងអ្នកជាសះស្បើយចំនួន ១១៤ នាក់។
លោក Huang Ching-tai ដែលជាសាស្ត្រាចារ្យ និងជាវេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យ Chang Gung Memorial Hospital បានថ្លែងថា ក្រុមមន្ត្រីប្រហែលជានឹងបន្តអនុវត្តវិធានការគ្រប់គ្រងក្នុងពេលមានការរាតត្បាតនៃជំងឺនេះ រហូតដល់វិបត្តិនេះមានភាពធូរស្រាលនៅឯក្រៅប្រទេស។ លោកថ្លែងបន្តទៀតថា ការបន្តអនុវត្តវិធានការនេះ នឹងជួយធានាថា គ្មានអ្នកផ្ទុកវីរុសកូរ៉ូណាណាម្នាក់ នឹងចូលមកកោះតៃវ៉ាន់ ហើយចម្លងដល់អ្នកនៅជុំវិញខ្លួននោះឡើយ។ លោក Huang Ching-tai បានថ្លែងបន្តក្នុងសម្តីដើមថា៖
«បច្ចុប្បន្ននេះ ស្ថានភាពនៅកោះតៃវ៉ាន់ត្រូវបានចាត់ទុកថាជាស្ថានភាពល្អមួយ ហើយយើងទាំងអស់គ្នាមានអារម្មណ៍ធូរស្រាល ក៏ប៉ុន្តែ បើមើលទៅស្ថានភាពពិភពលោកទាំងមូលវិញ មិនឃើញថា នឹងមានភាពប្រសើរឡើងនោះទេ។ ដូច្នេះការពិតបើសិនជាថ្ងៃនេះ យើងអាចរក្សាស្ថានភាពនេះបាន នោះមានន័យថា ដើម្បីធានាថា ថ្ងៃស្អែក និងពេលអនាគតយើង អាចបន្តរក្សាស្ថានភាពនេះបាន យើងត្រូវបន្តប្រុងប្រយ័ត្នដោយគ្មានការធ្វេសប្រហែសឡើយ។ យើងមិនអាចនិយាយបានថា យើងឆ្លងផុតពីការរាតត្បាតនៃជំងឺកូវីដ១៩នេះទេ»។
វិធានការគ្រប់គ្រងក្នុងពេលមានការរាតត្បាតនៃជំងឺនេះ រួមមានការហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យភ្ញៀវទេសចរបរទេសចូលក្នុងកោះតៃវ៉ាន់ និងតម្រូវឲ្យមានការ ដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ ចំពោះអ្នកដែលធ្វើដំណើរមកដល់កោះតៃវ៉ាន់ទាំងអស់រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់មុនទៅកន្លែងផ្សេងផងដែរ។ ករណីអ្នកឆ្លងនៅកោះតៃវ៉ាន់ភាគច្រើន ជាពលរដ្ឋតៃវ៉ាន់ដែលធ្វើដំណើរមកកោះតៃវ៉ាន់វិញ ពីប្រទេសដែលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ។
សាលារៀននៅកោះតៃវ៉ាន់ពិនិត្យសិស្សជារៀងរាល់ថ្ងៃ រករោគសញ្ញា ដូចជាគ្រុនក្តៅ ហើយសកម្មភាពក្រៅសាលា គឺមានកម្រិត។ ហាង ធនាគារ និងអគារការិយាល័យ បានស្នើសុំអតិថិជនឲ្យនៅចម្ងាយ ១ម៉ែត្រកន្លះ ឬ ពាក់ម៉ាស ដែលនេះការអនុត្តជាទូទៅស្រាប់ទៅហើយនៅកោះតៃវ៉ាន់។ ពិធីនានា ដែលធ្វើឡើងនៅក្នុងអាគារ ឬ លំនៅដ្ឋាន មិនត្រូវឲ្យមានមនុស្សលើសពី ១០០ នាក់ឡើយ។
កោះតៃវ៉ាន់បានរក្សាចំនួនអ្នកឆ្លងវីរុសកូរ៉ូណាឲ្យមានកម្រិតទាប បើប្រៀបធៀបទៅនឹងប្រទេសជិតខាងជាច្រើននៅអាស៊ី។ កោះតៃវ៉ាន់ ធ្វើដូចនេះបាន តាមរយៈការបញ្ឈប់ជើងហោះហើរតាំងពីដំបូងៗ ពីតំបន់នៅប្រទេសចិន ដែលជាប្រភពដើមនៃវីរុសនេះ និងតាមរកអ្នកដែលបានទាក់ទងជាមួយអ្នកជំងឺ។
កាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាពកោះតៃវ៉ាន់ លោក Chen Shih-chung បានបដិសេធមិននិយាយថា នៅពេលណា ទើបកោះតៃវ៉ាន់អាចដកការរឹតបន្តឹងនេះ ក៏ប៉ុន្តែលោកបាននិយាយថា កោះនេះបានឈានដល់ដំណាក់កាលមានស្ថិរភាព និងស្ថិតក្នុង«ដំណាក់កាលអង្កេតមើល»។ លោកបានថ្លែងបន្ថែមថា ការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ បាន នឹងរឹតតែជារឿងដ៏ល្អមួយថែមទៀត។ លោក Chen Shih-chung បានថ្លែងបន្តក្នុងសម្តីដើមថា៖
«វិធីដែលយើងអាចធ្វើឲ្យស្ថានភាពសុខភាពមានស្ថេរភាព និងអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាត្រឡប់ទៅធ្វើសកម្មភាពតាមធម្មតាវិញ គឺជាអ្វីដែលយើងតែងតែគិតគូរ»។
លោក Liang Kuo-yuan ប្រធានវិទ្យាស្ថានស្រាវជ្រាវ Polaris Research Institute ក្នុងទីក្រុងតៃប៉ិ បាននិយាយថា ឧស្សាហកម្មសេវាកម្មរបស់តៃវ៉ាន់ កំពុងជួបការលំបាក ក្រោមវិធានការគ្រប់គ្រងក្នុងពេលមានការរាតត្បាតនៃជំងឺនេះ ដោយមានអតិថិជនកាន់តែតិចទៅៗ។ នេះ ដោយសារថា ប្រជាពលរដ្ឋមានការស្ទាក់ស្ទើរក្នុងការចេញទៅក្រៅ។
តួលេខរបស់ក្រសួងការងារកោះតៃវ៉ាន់ បង្ហាញថា អ្នកធ្វើការចំនួន ២,៦៩៣ នាក់ ក្នុងឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈ និងផ្ទះសំណាក់ ត្រូវបានឲ្យឈប់ជាបណ្តោះអាសន្នដោយគ្មានប្រាក់ខែ នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃខែមីនា។ ចំនួននោះ គឺច្រើនជាងនៅក្នុងវិស័យដទៃទៀត។
ក្នុងពេលឥឡូវនេះ ក្រុមហ៊ុនដែលរៀបចំពិធីនានា មានអតិថិជនតិចតួចណាស់ ដែលនេះមួយផ្នែកដោយសារតែការហាមឃាត់មិនឲ្យមានការជួបជុំក្នុងអាគារ ឬ លំនៅដ្ឋាន ដែលមានមនុស្សលើសពី ១០០ នាក់។ ក្រុមហ៊ុនប្រតិបត្តិការផ្នែកទេសចរណ៍ មិនមានអតិថិជនដែលជាធម្មតាមកពីជប៉ុន កូរ៉េខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែវិធានការមិនអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសចូលកោះតៃវ៉ាន់។ ប្រជាពលរដ្ឋតៃវ៉ាន់ ភ័យខ្លាចក្នុងការចេញទៅក្រៅ ដែលធ្វើឲ្យហាង និងភោជនីយដ្ឋាន គ្មានអតិថិជន។
លោក Liang Kuo-yuan ថ្លែងបន្តថា អតិថិជនបារម្ភថា អាចមានអ្នកណាម្នាក់ ធ្វើដំណើរតាមយន្តហោះចូលមកកោះតៃវ៉ាន់ ហើយចម្លងវីរុសនោះដល់មនុស្សគ្រប់គ្នា។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានគាំទ្រការភ័យខ្លាចទាំងនោះ។ លោកបានបន្ថែមថា វិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យពាក់ម៉ាស និងការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាធ្វើឲ្យប្រជាពលរដ្ឋ កាន់តែភ័យខ្លាច។
«អាជីវកម្មខ្លះ ប្រហែលជានឹងបានប្រសើរឡើង។ ឧទាហរណ៍ប្រសិនបើហាងលក់ទំនិញ មានទំហំធំ ហើយមានកន្លែងទំនេរច្រើននោះ ប្រជាពលរដ្ឋ នឹងហ៊ានទៅទិញទំនិញនៅទីនោះ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកនិយាយអំពីភោជនីយដ្ឋានមួយ ដែលពេញទៅដោយមនុស្សនោះ ខ្ញុំជឿថា មនុស្ស នឹងមិនហ៊ានទៅភោជនីយដ្ឋាននោះទេ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់