ជំងឺ​កូវីដ១៩ រារាំង​ការ​ដឹក​ជញ្ជូន​វ៉ាក់​សាំង​សម្រាប់​កុមារ​រាប់​លាន​នាក់

  • Lisa Schlein

រូបឯកសារ៖ កុមារម្នាក់ទទួលវ៉ាក់ស៊ាំងនៅមន្ទីរពេទ្យមួយនៅក្រុង Sanaa ប្រទេសយ៉េមែន កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

ការ​បិទ​សកម្មភាព​នានា​ក្នុង​ប្រទេស និង​វិធានការ​នានា​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ កំពុង​តែ​រារាំង​ដល់​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង។ អង្គការ UNICEF រាយការណ៍​ថា ខ្លួន​ទទួល​បាន​វ៉ាក់សាំង​ជិត ២ពាន់ ៥រយ​លាន​ដូសកាល​ពី​ឆ្នាំ​មុន ដែល​គ្រប់គ្រាន់​សម្រាប់ ៤៥ភាគរយ នៃ​កុមារ​អាយុ​ក្រោម ៥ឆ្នាំនៅ​ក្នុង​ប្រទេស​ចំនួន ១០០។

ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​ភាគច្រើន​ជាប់​គាំង​ក្នុង​ឃ្លាំង ព្រោះ​មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​ជើង​ហោះហើរ ដោយសារ​តែ​ការ​ដាក់​កំហិត​ក្នុង​អំឡុង​ពេល​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩។ អង្គការ​នេះ​បាន​ឲ្យដឹង​ទៀត​ថា បណ្តា​ប្រទេស​ជាច្រើន​ប្រើ​ជិត​អស់​វ៉ាក់សាំង​នេះ​ហើយ។ អង្គការ​នេះ​បញ្ជាក់​ទៀត​ថា ប្រទេស​ចំនួន ២៦ គឺ​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់ភាគ​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក​កំពុង​ស្ថិត​ក្នុង​ហានិភ័យ។

អ្នកនាំពាក្យ​អង្គការ UNICEF អ្នកស្រី Marixie Mercado ថ្លែងថា តម្លៃ​ខ្ពស់​កប់​ពពក​នៃ​ការ​ដឹកជញ្ជូន​វ៉ាក់សាំង​កំពុង​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​លំបាក​ជាង​មុន។ អ្នកស្រី​ថ្លែងថា តម្លៃ​ដឹក​ជញ្ជូន​បាន​ឡើង​ថ្លៃ​ពី ១០០ ទៅ ២០០ ភាគរយ​ខ្ពស់​ជាង​មុន ហើយ​តម្លៃ​នៃ​ការ​ម៉ៅ​យន្តហោះ​ដឹក​ជញ្ជូន​ឡើង​ខ្ពស់​ហួស​កម្រិត។

អ្នកស្រី Mercado ថ្លែងថា៖ «បណ្តា​ប្រទេស​ដែល​ធនធាន​មាន​កម្រិត​នឹង​ពិបាក​ក្នុង​ការ​បង់​ថ្លៃ​ដែល​មាន​តម្លៃ​ខ្ពស់ ដែល​នឹង​បណ្តាល​ឲ្យ​កុមារ​ដែល​ងាយ​រងគ្រោះ​មិន​អាច​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​ដែល​អាច​ទប់ស្កាត់​បាន​ដូចជា​ជំងឺ​កញ្ជ្រិល និង​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ជាដើម។ សូម្បីតែ​មុន​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ជា​រៀង​រាល់​ឆ្នាំ កុមារ​អាយុ​ក្រោម​មួយ​ឆ្នាំ​ប្រមាណ ២០ លាន​នាក់​មិន​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រិល ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង និង​វ៉ាក់សាំង​ផ្សេងៗ​ទៀត​នោះទេ»។

មន្ត្រី​សុខាភិបាល​នានា​បាន​រាយការណ៍​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ភាគ​ច្រើន​ត្រូវ​បាន​ផ្អាក ដែល​បាន​ធ្វើ​ឲ្យ​គំនិត​ផ្តួចផ្តើម​លុប​បំបាត់​ជំងឺ​នេះ ដែល​បាន​ធ្វើ​ឡើង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ ស្ថិត​ក្នុង​ហានិភ័យ។ អ្នកស្រី Mercado ប្រាប់​វីអូអេ​ថា យើង​អាច​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​នេះ​បាន ទោះបីជា​កំពុង​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូវីដ១៩​ក៏​ដោយ។

អ្នកស្រី Mercado ថ្លែងថា៖ «នៅ​ប្រទេស​កុងហ្គោ​ដែល​អ្នក​ដឹង​ហើយ​ថា មាន​ការ​ផ្ទុះ​ឡើង​ជំងឺ​កញ្ជ្រិល​ដ៏​អាក្រក់​បំផុត​កាល​ពី​ឆ្នាំ​មុន យើង​បាន​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ប្រឆាំង​នឹង​ជំងឺ​នេះ។ ហើយ​ច្បាស់​ណាស់ យើង​ត្រូវ​គោរព​ការ​រក្សា​គម្លាត​ពី​គ្នា​នៅ​ក្នុង​សង្គម និង​វិធានការ​ការ​ពារ​សុវត្ថិភាព​ផ្សេងៗ​ទៀត»។

អង្គការ UNICEF ព្រមាន​ថា ការ​អាក់ខាន​ក្នុង​ការ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង ជា​ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​អន់​ថយ អាច​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយៗ​ទៀត។ អង្គការ​នេះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នានា វិស័យ​ឯកជន និង​ឧស្សាហកម្ម​ហោះហើរ​ឲ្យ​ទុក​កន្លែង​សម្រាប់​ដឹក​វ៉ាក់សាំង និង​រក្សា​តម្លៃ​សមរម្យ​សម្រាប់​ថ្លៃ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទាំង​នេះ៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា