មេដឹកនាំសភាជាតិបានប្រាប់ដល់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថាប្រព័ន្ធតុលាការគឺជាមូលហេតុចម្បងដែលនាំឱ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាហើយត្រូវតែកែប្រែ។
លោកកឹម សុខា អនុប្រធានទីមួយនៃសភាជាតិបានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្រោយពីជំនួបជាមួយនឹងលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា៖
«ខ្ញុំថាដើម្បី ដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជាត្រូវតែកែទម្រង់ប្រព័ន្ធតុលាការជាដំបូងសិន។ បើមិនបានកែប្រព័ន្ធតុលាការឱ្យឯករាជ្យពិតប្រាកដទេបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជាមិនអាចដោះស្រាយបានទេ។ ការកែប្រព័ន្ធតុលាការដើម្បីផ្តោតទៅលើប្រព័ន្ធយុត្តិធម៌សង្គម ស្វែងរកយុត្តិធម៌សង្គម»។
ជារឿយៗតុលាការកម្ពុជាទទួលរងការរិះគន់ថាកាត់ក្តី មានភាពលម្អៀងទៅរកអ្នកមានលុយកាក់និងអំណាចហើយតែងតែរងសម្ពាធនយោបាយ។ បច្ចុប្បន្នមានមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់២០ឆ្នាំនិងមួយចំនួនទៀតកំពុងរង់ចាំការកាត់ទោសនៅក្នុងសំណុំរឿងដែលគេមើលឃើញថាមានលក្ខណៈនយោបាយ។
លោកស្រី Rhona Smith កំពុងធ្វើដំណើរទស្សនកិច្ចស្វែងយល់លើកទីមួយបន្ទាប់ពីទទួលបានការតែងតាំងកាលពីដើមឆ្នាំនេះ។ លោកស្រី បានជួបជាមួយនឹងថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិក្នុងនោះមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្ថាប័ននីតិប្បញត្តិនិងអង្គការសង្គមស៊ីវិលផងដែរ។
លោកកឹម សុខាដែលក៏ជាអនុប្រធានគណបក្សសង្គ្រោះជាតិដែលមិនកាន់អំណាចក៏បានលើកឡើងពីការលំបាកក្នុងការអនុម័តច្បាប់សំខាន់ៗប្រាប់ទៅលោកស្រី Rhona Smith ដោយសារតែគណបក្សកាន់អំណាចហាក់មិនស្តាប់មតិជំទាស់។
លោកបានបន្ថែមថា៖ «ដូចជាច្បាប់អង្គការគណបក្សសង្គ្រោះជាតិបានទទួលនូវមតិរបស់សង្គមស៊ីវិលជាច្រើនហើយគណបក្សសង្គ្រោះជាតិបានទាមទារឱ្យពន្យាពេលក្នុងការអនុម័តដើម្បីបើកប្រកាសឱ្យសង្គមស៊ីវិលគេផ្តល់យោបល់ហើយយកគំនិតរបស់សង្គមស៊ីវិលមកបញ្ចូលរួម។ ប៉ុន្តែដោយសារគណបក្សប្រជាជនគាត់បានជំរុញដោយសារគាត់មានសំឡេងភាគច្រើនដូច្នេះវាត្រូវតែចេញទោះបីជាគណបក្សសង្គ្រោះជាតិមិនចូលរួមក៏ដោយ»៕