តុលាការ​កោះ​ហៅ​កញ្ញា​ស៊ិន ចាន់ពៅ​រ៉ូហ្សេត និង​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​៤​នាក់

រូបឯកសារ៖ នាង ស៊ិន ចាន់ពៅ​រ៉ូហ្ស៊េត នៅ​ពេល​ដែល​នាង​នៅ​ជា​ចៅ​សង្កាត់​រង​ទី​ពីរ​នៃ​សង្កាត់​​អូចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ខេត្ត​បាត់ដំបង ធ្វើការ​ចែក​រំលែក​បទពិសោធន៍​​​អំឡុង​ពេល​ចូលរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះ​ជាតិ​ នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០១៦។ (VOA)

កញ្ញា ​ស៊ិន ចាន់ពៅរ៉ូហ្សេត ​ បាន​លើក​​ជា​ចម្ងល់​ចំពោះ​ការកោះ​ហៅ​នោះ ដោយ​សារតែ​ខ្លួន​បាន​វិល​មក​ជីវភាព​ធម្មតា​វិញ​តាំងពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ មកម៉្លេះ។

អតីត​មន្ត្រី​ថ្នាក់មូលដ្ឋាន​ប្រាំ​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយរបស់​ពួកគេ ក្រោយ​ពី​ការរំលាយ​អតីត​គណបក្ស​ប្រឆាំង​នេះ។​

មន្ត្រី​ទាំងប្រំា​នាក់​មាន​ កញ្ញា ​ស៊ិន ចាន់ពៅ​រ៉ូហ្សេត​ អតីត​ចៅសង្កាត់​អូចារ ​លោក ម៉ក់ រ៉ា ​អតីត​ចៅសង្កាត់​ទួលតាឯក ​លោក ហួន ចំរើន ​អតីត​ចៅសង្កាត់​ចំការ​សំរោង ​លោក ​ឌឹម សារឿន ​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់​ដំបង ​និង​លោក ​គង់ ប៊ុនហ៊ាង ​សកម្មជន​គណបក្ស​នឹង​ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ខែ​ឧសភា​នេះ ពាក់ព័ន្ធ​នឹង​«ការប្រឆាំង​នឹង​សាលដីការ​បស់​តុលាការ​កំពូល‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស​និង​ឯកសារ​តុលាការ។​

Your browser doesn’t support HTML5

បទសម្ភាសន៍VOA៖ អតីត​ចៅ​សង្កាត់​ស៊ិន ចាន់ពៅរ៉ូហ្សេត​បារម្ភ​ពី​សុវត្ថិភាព​តែ​មិន​តក់ស្លុត


កញ្ញា ​ស៊ិន ចាន់ពៅរ៉ូហ្សេត ​ បាន​លើកជា​ចម្ងល់​ចំពោះ​ការកោះ​ហៅ​នោះ ដោយ​សារតែ​ខ្លួន​បាន​វិល​មក​ជីវភាព​ធម្មតា​វិញ​តាំងពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ មកម៉្លេះ។

«សម្រាប់​ដីកាហ្នឹង​ខ្ញុំ​ដូចជា​ចម្លែកដែរ​ដោយសារ​ តើ​ខ្ញុំ​មាន​សកម្មភាព​ទៅ​ប្រឆាំង​ដីកា​តុលាការ​កំពូល​របៀបម៉េច​ បើ​សិន​ជា​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិកាលពី ថ្ងៃទី​១៦ ហើយ​ថ្ងៃទី​១៧​គឺ​រដ្ឋបាល​ក្រុង​បាន​ទៅ​ដក​ហូត​យក​ត្រា​ខ្ញុំ​ ពេល​នោះ​ខ្ញុំ​បាន​ប្រគល់​ត្រា​ឱ្យ​ដោយ​សន្តិវិធី​ទៅ​ទៀត។ នេះ​ទីមួយ។ ទីពីរ​គឺ​ខ្ញុំ​បាន​មក​ប្រកប​របរ​រកស៊ី​របស់​ខ្ញុំ​រហូតដល់​មាន​អ្នក​មក​រំខានថា​ខ្ញុំ​បង្កើត​ចលនា​ឧទ្ទាមរហូត​ដល់​ដាច់​ភ្ញៀវ​លែង​មក​ទទួលទាន​នំ​បញ្ចុក​ហាង​នាងខ្ញុំ​ទៅ​ហើយ​ប្រហែល​៧០ភាគរយ​មក​ដល់​ថ្ងៃ​នេះ‍»។​

កញ្ញា រ៉ូហ្សេត​បញ្ជាក់​ថា នឹង​ទៅបំភ្លឺនៅ​ថ្ងៃទី​៩ខែ​ឧសភា​ខាង​មុខតាម​ការកោះហៅ​របស់​តុលាការ​ខេត្តបាត់​ដំបង។​

ដីកាចេញថ្ងៃទី​២៤ខែ​មេសា​ដោយលោក គី ប៊ុណ្ណារ៉ា តំណាង​ព្រះរាជអាជ្ញា ហើយ​បាន​មក​ដល់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់​ដំបង​នៅថ្ងៃទី​២៩​ខែ​មេសា និង​ត្រូវ​បាន​បញ្ជូន​ដល់​សាមី​ខ្លួន​នៅ​ថ្ងៃអង្គារ​នេះ។ នេះ​បើ​តាម​ដីកាកោះ​ដែល​វីអូអេ​បាន​ឃើញ។​

ចាប់​តាំងពី​បាត់​មុខតំណែង​មក អតីត​ចៅសង្កាត់​រូបនេះ​បាន​ប្រកប​របរ​លក់នំបញ្ចុក និង​លក់​ទំនិញ​តាម​អនឡាញហើយ​ក៏​នៅ​មាន​ការបញ្ចេញ​មតិខ្លះៗលើ​បណ្តាញ​សង្គមពី​បញ្ហា​សង្គម​ផងដែរ។​

កញ្ញា​ ពៅរ៉ូហ្សេត​បាន​បន្ថែមថា៖

«ជាធម្មតា​ទេ​ខ្ញុំ​មិន​មែន​អ្នក​ដែល​ត្រូវ​ជាប់​បំរាម​ហាម​សិទ្ធិ​មិន​ឱ្យ​ធ្វើ​នយោបាយ​ឯណា? ទោះបី​រំលាយតំណែង​ខ្ញុំ​ ដកហូត​តួនាទីខ្ញុំ​ ក៏​ខ្ញុំ​នៅ​ជា​ពលរដ្ឋ​ធម្មតា។ អីចឹ​ងពលរដ្ឋ​ធម្មតា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មានសិទ្ធិ​សម្តែង​មតិ​ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ មាន​សិទ្ធិ​អ្វី​ណា​ដែល​ច្បាប់​បាន​ចែង​។ អីចឹង​ធម្មតា​ខ្ញុំ​តែង​តែ​និយាយ​ពី​បញ្ហា​សង្គម​ បញ្ហា​ប្រទេស​ជាតិ។ ដោយឡែក​ផ្សេង​ទៀត​ខ្ញុំ​ក៏​តែង​តែ​និយាយ​អំ​ពី​អតីតថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិហើយ​យើង​ក៏​នៅ តែ​មានសង្ឃឹម​ថា​គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រឡប់​មក​វិញ​ហើយ​ពួកយើង​នឹង​ទៅ​បម្រើ​ប្រជាពលរដ្ឋ​សារ​ជា​ថ្មីម្តង​ទៀត‍»។​

វីអូអេ​នៅមិន​ទាន់​អាច​ទាក់​ទង​អតីតមន្ត្រី​ដទៃទៀត​នៅឡើយទេ​នៅ​ថ្ងៃអង្គារនេះ។

ការចេញ​ដីកានេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​មាន​សារជាបន្តបន្ទាប់​របស់​លោក​សម រង្ស៊ី​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះជាតិ​ដែល​ស្នើ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ងើបឡើង​ប្រឆាំង​នឹងការ​ដឹកនាំ​ជាង​៣០ឆ្នាំ​របស់​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​ថា​អ្នកគាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នេះ​នឹង​គាំទ្រ​ពួកគេ​។​

លោក ​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិបាន​បញ្ជាក់​ថា​៖

«នេះ​គឺជា​ព្រឹត្តិការណ៍​ដដែលៗ ដែល​របប​លោក​ហ៊ុន សែនតែងតែ​បានធ្វើ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ទោះបី​បច្ចុប្បន្ន​នេះ​លោកហ៊ុន សែន​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​រួច​ទៅហើយ​ ហើយ​បាន​ចាប់ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដាក់​ពន្ធនាគារ​ហើយ​ក៏ដោយ​ ក៏​របប​លោក​ហ៊ុន សែន​នៅ តែព្យាយាម​ដើម្បី​បង្ក្រាប​សកម្មជន​គណបក្ស​ប្រឆាំង​ព្រោះ លោក​ហ៊ុន សែន​ដឹង​ថា​គណបក្ស​សង្គ្រោះជាតិ​គឺជា​ឧបសគ្គ​នៃ​អំណាច​របស់​គាត់។ អីចឹង​ហើយ​បាន​ជា​គាត់​តាម​យាយី​គ្រប់​រូប​ភាព​មាន​ការ​ចាប់​ដាក់ពន្ធនាគារនិងមាន​ការ​ចោទ​តាម​ប្រព័ន្ធ​តុលាការ​ជាដើម‍»។​

លោក ​អេង ឆៃអ៊ាង​ដែល​កំពុង​រស់​នៅ​នីរទេសខ្លួន​នៅ​សហរដ្ឋ​អាមេរិកដើម្បី​បន្ត​សកម្មភាព​នយោបាយ​បាន​បន្ថែមថា៖

«យើង​នឹង​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ បណ្តាប្រទេស​ជាមិត្ត​ដែល​គោរព​គោលការណ៍​ប្រជា​ធិប​តេយ្យ​ដែលគាំទ្រ​ឱ្យ​មាន​ការ​គោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​ថា​ត្រូវ​ដាក់​គំនាបទៅលើ​របប​លោក​ហ៊ុន សែន ​ឱ្យ​របប​លោក​ហ៊ុន សែន​ត្រូវ​តែ បញ្ឈប់​ ការរំលោភ​សិទ្ធិ​មនុស្ស​នៅប្រទេស​កម្ពុជា​។ ជាពិសេស​នៅថ្ងៃនេះ​យើង​ដឹង​ហើយថា​អ្នកស្រីរ៉ូណា ស្មីត​ដែល​ជា​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​នៅ​កម្ពុជា​គឺ​អ្នកស្រី​កំពុងតែ​បំពេញ​បេសកកម្មនៅ កម្ពុជា​ស្តី​អំពី​សិទ្ធិ​មនុស្ស។ អីចឹង​ហើយ​លោក​ស្រី នឹង​ឃើញ​ច្បាស់អំ​ពីទង្វើ​ដ៏ឃោរឃៅ​ព្រៃផ្សៃ​របស់​របប​លោក​ហ៊ុន សែន​‍»។

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ហើយ​បាន​ហាមឃាត់​អ្នកតំណាងរាស្ត្រ​និង​មន្ត្រី​គណបក្ស​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

លោក​កឹម សុខា ប្រធាន​គណបក្ស​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​និង​បន្ត​ឃុំ​ឃាំង​នៅ​ក្នុង​លំនៅដ្ឋាន​ជិត​២០ខែ​ហើយ។ លោក​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ជួប​អតីតមន្ត្រី​និង​អ្នកការពារសិទ្ធិ​មនុស្ស​ទេ​បើ​សូម្បី​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​ដោយ។

បើទោះបី​ជាអះអាង​ពី​ភាព​គ្មាន​ទោស​ពៃរ៍​របស់​ខ្លួន​ ក៏កញ្ញា​ស៊ិន ចាន់ពៅ​រ៉ូហ្សេត ​បាន​បញ្ជាក់​ថា​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដោយ​សារ​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ដែល​ត្រូវ​បាន​អ្នកការពារ​សិទ្ធិ​មនុស្ស​និង​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា​ត្រូវ​បាន​ប្រើប្រាស់​ជាឧបករណ៍​នយោបាយរបស់គណបក្ស​កាន់អំណាច។

កញ្ញា​ស៊ិន ចាន់ពៅ​រ៉ូហ្សេត​បាន​បន្ថែម​ថា៖ ​

«ការអស់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​គឺគ្រាន់តែ​ទទួលដីកាកោះ ជាពិសេស​អតីត​បក្ស​ប្រឆាំងតែម្តង​។ គ្រាន់តែ​ទទួល​ដីកា​កោះ​យើង​មានការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​យើង​ថា​បើ​យើង​ចូលទៅ​ គេសួរ​យើង​ហើយ​អាច​បន្តឃុំ​ឃាំង​ដូច្នេះអីចឹង​ទៅ។ អីចឹង​ហើយ​យើង​មាន​ការព្រួយបារម្ភពីសុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​យើង ណាស់​ មិនមែន​មានន័យ​ថា​យើង​មិន​ភ័យ​ព្រួយ​ទេ​ប៉ុន្តែ​ទន្ទឹម​នឹង​ការភ័យ​ព្រួយ​នោះ​គឺយើង​មិន​តក់​ស្លុត​នឹង​អ្វី​ណា​ដែល​តុលាការ​កោះហៅ​ផងទេពីព្រោះ​យើង​អត់​បាន​ធ្វើ​អំពើ​អ្វី​ដែល​ខុស​ច្បាប់​ អំពើ​អ្វី​ដែល​ប៉ះពាល់​ដល់ប្រទេស​ជាតិ​អំពើអ្វី​ដែល​ធ្វើ​ឱ្យ​សង្គម​ហ្នឹង​មាន​បញ្ហា​ដល់​សង្គម​ទេ‍»។

កាលពីសប្តាហ៍​មុន​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​គឺ​លោក​ស៊ូ យាន​ក៏​ត្រូវចាប់​ខ្លួន​និង​ដាក់​ឃុំឃាំងផងដែរ​ក្រោម​ការ​ចោទប្រកាន់ពីបទញុះញង់ និង​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​

លោក​ស៊ូ យាន​ក៏ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែន​ប្រទេស​វៀតណាម៕