តុលាការ​កាត់​ទោស​ថ្នាក់​ដឹកនាំ​និង​​សកម្មជន​បក្ស​ប្រឆាំង​​​​​២១​​នាក់​​​​ឱ្យជាប់​​ពន្ធនាគារ​​​ពី​៥​ទៅ​១០​​ឆ្នាំ

រថយន្ត​ដឹក​សកម្មជនគណបក្ស​ប្រឆាំង​ទាំង​១៣​នាក់ ចេញ​ពី​ច្រកទ្វារ​ខាងក្រោយ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​ពន្ធនាគារវិញ ក្រោយ​បញ្ចប់​ការ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២។ (រូបភាព៖ កាន់ វិច្ឆិកា/វីអូអេ)

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ប្រកាស​ផ្តន្ទាទោសថ្នាក់​ដឹកនាំ​និងសកម្មជន​អតីតគណបក្សសង្គ្រោះជាតិចំនួន​២១នាក់ឱ្យ​ជាប់ពន្ធនាគារចន្លោះ​ពី​៥​ទៅ​១០ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ញុះញង់​កង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យបះបោរ​និងរួម​គំនិត​ក្បត់»​។

លោក សំ សុគង់ មេធាវី​ ​ដែល​ការពារ​ក្តី​ឱ្យថ្នាក់ដឹកនាំ​និង​សកម្មជន​នយោបាយ​ជំទាស់មួយចំនួន​ខាង​លើ​ប្រាប់ ​VOA ​ថា​នៅ​ព្រឹក​នេះ លោក​ រស់ ពិសិដ្ឋ​ ដែល​ជា​ប្រធានក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោសថ្នាក់​ដឹកនាំ​ចំនួន​៧​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ឱ្យជាប់​ពន្ធនាគារ​១០​ឆ្នាំ និងចេញ​ដីកា​តាម​ចាប់​ខ្លួន ពី​បទ «រួម​គំនិត​ក្បត់ ញុះញង់ឱ្យមាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យយោធា​មិន​ស្តាប់​បញ្ជា»។

បើតាម​លោក សំ សុគង់ ការ​កាត់​ទោស​កូន​ក្តី​របស់​លោក​ដោយ​យោង​លើ​វោហាសព្ទ​នយោបាយ គឺ​ជា​រឿង​អយុត្តិធម៌​។ លោក​និយាយ​ថា៖ «រឿង​នេះ​វាពាក់ព័ន្ធ​សំណុំ​រឿង​នយោបាយ។ ហើយ​ការ​ផ្តន្ទាទោស​ដោយ​យោង​ទៅលើ​វោហា​សាសន៍​នយោ​បាយ ឬ​ក៏​សកម្មភាព​នយោបាយ​ដែល​ពួកគាត់​បាន​ធ្វើនៅក្រៅ​ប្រទេស​នេះ​ខ្ញុំ​គិត​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​វា​តែង​មានក្រុម​ប្រឆាំង និង​ក្រុម​ស្រប អ៊ីចឹង​មតិ​យោបល់ ក៏​ដូចជា​សកម្មភាព​ដែល​ធ្វើ​ឡើង​បែបស្ថាបនាមិនមែន​ជា​បទ​ល្មើស​ទេ។ អ៊ី​ចឹង​ការ​ដែល​ផ្តន្ទាទោសនេះ​ខ្ញុំ​យល់​ថា​មិនទាន់​ទទួល​យក​បាន​ទេ»។

ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ទាំង​៧​រូប រួម​មានលោក ​សម រង្ស៊ី​ ភរិយា​របស់​លោក ​គឺ​អ្នក​ស្រី ជូឡុង សូមូរ៉ា ​អ្នកស្រី មូរ សុខ​ហួរ​ លោក ​អេង ឆៃអ៊ាង​លោក ​ហូរ វ៉ាន់​ លោក​ តុ វ៉ាន់​ចាន់ និង​លោក​ នុត រំដួល ​ដែល​កំពុង​ភៀស​ខ្លួននៅ​ប្រទេស​។

រូប​ឯកសារ៖ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​មួយ​របស់​បក្ស​ នៅ​សហរដ្ឋ​អាមេរិក នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (ទំព័រ​ហ្វេសប៊ុកលោក​សម រង្ស៊ី)

ចំណែក​សកម្ម​ជន​១៣​នាក់​ទៀត​ដែល​កំពុង​ជាប់​ឃុំត្រូវ​បាន​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ ដោយ​ក្នុង​នោះ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​៨​ខែ សល់​ពីនោះ​ត្រូវ​ព្យួរ ពីបទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។ ចំពោះសកម្មជន​ម្នាក់​ទៀត គឺ​លោក​ ហ៊ិន ឆាន ​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​ចំនួន៥​ឆ្នាំ​ដូចគ្នា​ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រៅ​ឃុំ។

សកម្មជន​ទាំង​ ១៣នាក់នោះរួម​មាន​លោក ​ឆុន ប៊ុនឆាត​ លោក យឹម សារ៉េត លោក ​ជុំ​ ចាន់ ​ លោក​កែវ ថៃ​ លោក​ ស៊ុន ធន់​ លោក​ឡុង ផារី​ លោក​ ពៀត ម៉ាប់​លោក​ សុខ ចាន់​ថា ​លោក​ ឃឹម ភាណា​ លោក ​ឃុត ច្រឹប ​លោក​ញ៉ែម វ៉ាន​ លោក ​ថៃ គន្ធា​និង​លោក ​ងិន ឃាន។​

ខណៈ​ពេល​តុលាការ​កំពុង​ប្រកាស​សាលក្រម ក្រុម​អ្នកតវ៉ា​ជាស្ត្រី​ប្រមាណ​ជាជាង​១០នាក់​បាន​កាន់​បដាស្រែក​ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​ស្វាមី​និង​ឪពុក​របស់​ពួកគេ។​ក្រោយតុលាការ​ប្រកាស​សាល​ក្រមបាន​បន្តិច​នោះ​ក្រុមភរិយា​របស់​សកម្មជនបក្ស​ប្រឆាំងដែល​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការត្រូវ​បាន​ក្រុម​សន្តិសុខចាស់​អូស​រុញច្រាន​ បណ្តាល​ឱ្យរង​របួស​ស្រាល។​

អ្នកស្រី អ៊ុក ចន្ធី ភរិយារបស់​លោក យឹម សារ៉េត ដែល​ជា​សកម្ម​ជន​មួយ​រូប​ទើប​ត្រូវ​បាន​តុលាការ​កាត់​ទោស​និយាយទាំង​បាត​ដៃ​ឆ្វេង​មានហូរ​ឈាម​ដោយ​សារ​ការ​ចាប់​អូស​របស់​ក្រុម​សន្តិសុខ ប្រាប់​អ្នកសារព័ត៌មាន នៅ​ខាងមុខ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រុមភរិយា​របស់​សកម្មជនបក្ស​ប្រឆាំង​ទាំង​១៣នាក់​ដែល​តវ៉ា​ឲ្យ​មានការ​ដោះ​លែង​ស្វាមី​របស់​ពួកគេ ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ចាស់​អូស​បណ្តាល​ឲ្យ​ដួល និង​រង​របួស​ស្រាល នៅ​ខាងមុខ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី ​អ៊ុក ចន្ធី ​ភរិយា​របស់​លោក ​យឹម សារ៉េត ដែល​ជា​សកម្ម​ជន​មួយ​រូប​ទើប​ត្រូវ​បាន​តុលាការ​កាត់​ទោស​និយាយ​ទាំង​បាត​ដៃ​ឆ្វេង​មានហូរ​ឈាម​ដោយ​សារ​ការ​ចាប់​អូស​របស់​ក្រុម​សន្តិសុខ​ថា ស្វាមី​របស់​អ្នកស្រី​មិនបាន​ប្រព្រឹត្តកំហុសដូច​ការ​ចោទ​ប្រកាន់​នោះទេ។

​និយាយ​ទាំង​កំពុង​ស្រែក​យំនៅ​ផ្លូវ​ម្ខាង​ខាងមុខ​សាលា​ដំបូង អ្នកស្រី​ អ៊ុក ចន្ធី​ លើក​ឡើង​ថា៖«គេ​កាត់​ទោស​គាត់​ដោយ​អត់​មាន​ភ័ស្តុតាង​អ្វី​ទាំងស់ គឺ​គេ​បង្ហាញ​ភ័ស្តុតាង​មកគ្រាន់​តែ​និយាយ​ទូរសព្ទ​សោះ និយាយ​ទូរសព្ទ​ជាមួយគ្នា និយាយ​ទូរសព្ទ​រឿង​កូវីដ​បែរ​ជា​ចោទ​ប្រកាន់​គាត់​ថាគាត់​រួម​គំនិត​ក្បត់ កាត់​ទោសគាត់ឱ្យជាប់​ពន្ធនាគារ។​កាត់ទោស​គាត់​៥​ឆ្នាំ ឱ្យគាត់​អនុវត្ត​ទោស​៣​ឆ្នាំ ៨​ខែ ទាំង​ដែល​គាត់​មិនបាន​ខុស​អ្វី​ទាល់តែ​សោះ គាត់​អត់​មាន​កំហុស​អីទេ ក្រុម​គ្រួសារពួកខ្ញុំ​អត់​មាន​កំហុស​អីទេ»។

អ្នកស្រី ​អ៊ុក ចន្ធី ​បន្ថែម​ថា ចាប់​តាំង​ពី​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ មីនា ឆ្នាំ២០២០មក ក្រុម​គ្រួសារ​អ្នកស្រី​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង រហូត​ដល់​កូនៗ​របស់​អ្នកស្រី​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន។

ក្រុម​អ្នកតវ៉ា​ជាស្ត្រីប្រមាណជាជាង​១០នាក់​ ដែល​ភាគ​ច្រើនជា​ភរិយា និង​កូនរបស់​សកម្មជន​ទាំង​១៣​នាក់ កំពុង​កាន់​បដាស្រែក​ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​ស្វាមី និងឪពុក​របស់​ពួកគេ​ នៅ​ខាងមុខ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​លើកឡើង​ថា​ការ​ប្រកាស​សាល​ក្រម​ដាក់​ទោស​ពួកគេ​នៅ​ពេល​នេះ នឹង​មិនអាច​អនុញ្ញាត​ឱ្យសកម្ម​ជន​ទាំង​១៣​នាក់ធ្វើសកម្ម​ភាព​នយោបាយ​ឬ​ចូល​រួម​ការ​បោះឆ្នោតបាន​ឡើយ។ លោក​ថា សំណុំ​រឿង​របស់​ពួកគេ​គឺ​ទាល់តែ​មានការ​ចរចា​ផ្នែក​នយោបាយ​ទើប​អាច​មាន​ការ​ផ្តល់​សេរីភាព​ពួក​គេ​ឡើងវិញ។

«បើសិន​ជា​មិន​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ផ្នែក​នយោបាយ​ឱ្យមាន​ភា​ធូរ​ស្រាល​ទេ អាហ្នឹង​ពួកគាត់​នៅតែបន្ត​ការ​ជាប់​ទៅមុខ​ទៀត​ហើយ​ពួកគាត់​មិន​អាច​ចូល​រួម​ការក្នុង​បោះឆ្នោត​ឆ្នាំ​២០២២ ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក៏​ដូចជា​ការ​បោះឆ្នោត​ជាតិ​២០២៣​នោះ​បាន​ដែរបាទ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ ប្រចាំ​តំបន់​អាស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ហៅ​ការ​កាត់​ទោស​អ្នក​នយោបាយ​និង​សកម្ម​ជន​ទាំង​នោះ​ថាធ្វើ​ឡើង​ដោយ​អយុត្តិធម៌​និង​មិនមាន​ភ័ស្តុតាង​គួរ​ឱ្យ​ទុក​ចិត្ត​បាន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដដែល​នេះ​ធ្វើ​ការ​អត្ថាធិប្បាយ​ជាភាសា​អង់គ្លេស​និងត្រូវបាន​ប្រែសម្រួល​ជា​ខេមរភាសា​តាម​ន័យដើមថា៖ «សវនាការនេះទំនងជាមា​ន​គោ​លបំណង​រារាំងគូ​ប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា​ដែលកំពុងកាន់អំណាច»។

ប៉ុន្តែ​លោក ​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ការ​លើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ជា​ការ​អះអាងដោយ​មិន​មាន​មូលដ្ឋាន។

«គេ​មាន​ភ័ស្តុតាង សក្ខីកម្ម មាន​មូលដ្ឋាន​អង្គហេតុ អង្គច្បាប់​រឹង​មាំ បាន​ឈាន​ដល់​ការ​ចោទ​ប្រកាន់ រហូត​ដល់ការ​ផ្តន្ទាទោស។ ហើយ​ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សកម្មជន ទាំងអស់​ហ្នឹង​ទេ​ដែល​មិនមាន​ភ័ស្តុតាង​ដោះ​បន្ទុកក្រៅ​តែ​ពី​ចោទប្រកាន់​ថាតុលាការ​មិន​ឯករាជ្យ​តុលាការ​គ្មាន​ភ័ស្តុតាង»។

ចាប់​តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ​២០១៧ និង​ការហាមឃាត់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ជាង​១០០​នាក់​មិន​ឱ្យធ្វើ​នយោបាយ​គេ​ឃើញ​ថា ​សកម្មជន និង​មន្រ្តី​គណបក្ស​នេះ​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ជាបន្ត​បន្ទាប់ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន៕​