សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្ខំដាក់លក់ទីស្នាក់ការកណ្តាលគណបក្សសង្គ្រាះជាតិក្នុងទីក្រុងភ្នំពេញដើម្បីយកប្រាក់ទៅសងបំណុលដែលជាសំណងជំងឺចិត្តថ្នាក់ដឹកនាំកំពូលៗកម្ពុជា ក្នុងនោះ គឺមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារកាលពីឆ្នាំ២០១៩ គឺអំឡុងពេលលោក សម រង្ស៊ី ប្រកាសផែនការវិលត្រឡប់ចូលមកប្រទេសកំណើតរបស់លោកវិញ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនមើលឃើញជារួមថា វិធានការតុលាការនេះ មានជាប់ហេតុផលនយោបាយ តែពួកគេ បានបង្ហាញជំហរផ្ទុយគ្នាអំពីលទ្ធផលតវ៉ាទាមទារយកទីស្នាក់កណ្តាលគណបក្សនេះមកវិញ នាពេលអនាគត។ ចំណែកអ្នកវិភាគនយោបាយខ្លះមើលមិនឃើញតម្រុយនៃការក្រោកតវ៉ារបស់ក្រុមអ្នកគាំទ្រគណបក្សជំទាស់ដើម្បីការពារទីតាំងនយោបាយស្នូលរបស់ពួកគេនោះទេ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលសៀមរាប លោក ម៉ែន សុថាវរិន្ទ្រ បានថ្លែងប្រាប់វីអូអេនៅថ្ងៃពុធនេះថា មេដឹកនាំកម្ពុជា ដែលបានប្តឹងប្រឆាំងនឹងលោក សម រង្ស៊ី ក្នុងករណីពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នេះ មានការភ័យខ្លាចពីសម្ពាធ និងទណ្ឌកម្មអន្តរជាតិ ហើយលោកបានចាត់ទុកថា ការធ្វើបែបនេះ ជាការ«សងសឹករឿងនយោបាយ» តែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «អ៊ីចឹងរឿងហ្នឹងគាត់ធ្វើដើម្បីបញ្ឈឺ គឺបញ្ឈឺទៅខាងសហរដ្ឋអាមេរិក ខាងសហភាពអឺរ៉ុបទាំងអស់ហ្នឹង»។
ដំណាលគ្នានេះដែរ លោក ម៉ែន សុថាវរិន្ទ្រ បានលើកឡើងថា ចំណាត់ការបង្ខំដាក់លក់ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺជាផែនការរបស់មេដឹកនាំគណបក្សកាន់អំណាចដើម្បីអាចលក់បន្តទៅឲ្យភាគីដទៃទៀត។ លោកបានបន្តថា នៅពេលលោក សម រង្ស៊ី និងក្រុមមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមកដល់កម្ពុជាវិញ នឹងមានការទាមទារកម្មសិទ្ធិទីស្នាក់ការកណ្តាលគណបក្សត្រឡប់មកវិញ។
អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ និងស្ថាបនិកមួយរូបនៃគណបក្ស«កែទម្រង់កម្ពុជា»លោក អ៊ូ ច័ន្ទរ័ត្នចាត់ទុកថា ចំណាត់ការតុលាការខាងលើជារឿងនយោបាយសំដៅដល់បុគ្គលលោក សម រង្ស៊ី ព្រោះចំណាត់ការនេះ ហាក់ដូចជាធ្វើឡើងក្រោមរូបភាពនៃការប្តឹងដកហូតទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី។
អ្នកនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិរូបនោះបង្ហាញមន្ទិលជុំវិញនីតិវិធីជំនុំជម្រះរបស់តុលាការក្រុងភ្នំពេញ ក្នុងសំណុំរឿងបង្ខំដាក់លក់ទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ។
លោកបានថ្លែងថា៖ «ខ្ញុំមិនដឹងថា តុលាការកាត់ក្តីនេះមានអង្គហេតុ មានហេតុផលអីត្រឹមត្រូវ ដើម្បីកាត់ក្តីនោះទេ។ តែមតិទូទៅហ្នឹងនៅតែយល់ថា ជារឿងនយោបាយ»។
លោក អ៊ូ ច័ន្ទរ័ត្ន បានបន្ថែមថា មន្រ្តីជាន់ខ្ពស់និងអ្នករួមដំណើរនយោបាយជាមួយមេដឹកនាំគណបក្សប្រឆាំង គួរតែមានចំណែកទទួលខុសត្រូវនៅក្នុងរឿងនេះផងដែរ។
កាលពីខែមិនា ឆ្នាំ២០២១ តុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ ឆ្នាំ និងសហការីរបស់លោកមួយចំនួនឲ្យជាប់ពន្ធនាគារម្នាក់ៗ ចាប់ពី២០ ដល់ ២២ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ពាក់ព័ន្ធនឹងគម្រោងមិនបានសម្រេចរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងនេះក្នុងការវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមដីកា ដែលមិនបានបង្ហាញកាលបរិច្ឆេទជាក់លាក់ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវគេរាយការណ៍ថា បានយកទៅបិទនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ម្ចាស់បំណុលដែលជាសំណងជំងឺចិត្តនៃសំណុំរឿងខាងលើនេះ រួមមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលកម្ពុជា។ រីឯកូនបំណុលសំណងជំងឺចិត្ត រួមមាន លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងសហកូនបំណុលសំណងជំងឺចិត្តម្នាក់ទៀត លោកស្រី ជូឡុង សូមូរ៉ា ដែលជាភរិយារបស់លោក សម រង្ស៊ី។
លោក ហេង សំរិន បានទាមទារនូវទឹកប្រាក់ចំនួន២៥០លានរៀល ឬជាង៦ម៉ឺន ២ពាន់ ដុល្លារអាមេរិកពីកូនបំណុលសំណងជំងឺចិត្ត ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារចំនួន៤០០០លានរៀល ឬប្រមាណ១លានដុល្លារអាមេរិក។ ចំណែកភាគីរដ្ឋាភិបាលបានទាមទារចំនួន២៨០០លានរៀល ឬប្រមាណ ៤៥ម៉ឺនដុល្លារអាមេរិក និងលោក ស ខេង ចំនួន២០០០លានរៀល ឬប្រមាណ៥០ម៉ឺនដុល្លារអាមេរិក។ នេះ បើតាមដីកាដាច់ដោយឡែកប្រមាណប្រាំសន្លឹក ដែលមន្ត្រីនគរបាលយុត្តិធម៌ បានយកទៅបិទនៅស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។
អ្នកវិភាគនយោបាយ លោក សេង សារី មើលមិនទាន់ឃើញសញ្ញាណណាមួយដែលក្រុមអ្នកគាំទ្រគណបក្សជំទាស់អាចចេញតវ៉ាប្រឆាំងការបង្ខំលក់ទីស្នាក់ការគណបក្សដោយតុលាការក្រុងភ្នំពេញនោះទេ។ លោកចាត់ទុកថា ដីកាសម្រេចការបង្ខំដាក់លក់ទីស្នាក់ការគណបក្សសង្រ្គោះជាតិនេះ ជា«ការបិទទំព័រប្រវត្តិសាស្រ្តរបស់គណបក្សសង្រ្គោះជាតិ» ក៏ដូចជា«សញ្ញាណមួយនៃការបិទផ្លូវចរចា»រវាងមេដឹកនាំគណបក្សកាន់អំណាច និងមេដឹកនាំគណបក្សសង្រ្គោះជាតិ។
លោកបានប្រាប់វីអូអេកាលពីថ្ងៃចន្ទថា៖ «វាជារឿងប្លែកពីគេសម្រាប់រឿងនៅកម្ពុជា។ ប៉ុន្តែដូចអ្វីដែលយើងបានសង្កេតហើយថា ជម្លោះនយោបាយរវាងអ្នកនយោបាយពីររូប ដែលមានអ្នកគាំទ្រស្ទើរតែពាក់កណ្តាលប្រទេសម្នាក់ហ្នឹង គាត់បានទម្លាក់ជម្លោះនយោបាយកម្រិតជាតិមកជាជម្លោះនយោបាយលក្ខណៈបុគ្គល ជាការសងសឹកតាមបែបបុគ្គល។ នៅពេលដែលកម្រិតនយោបាយធ្លាក់មកកម្រិតបុគ្គល អាហ្នឹង គឺស្អីក៏ពួកគាត់អាចធ្វើបានដែរ»។
មេធាវីមួយរូបតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច មិនឆ្លើយសំណួររបស់វីអូអេដែលបានផ្ញើតាមសារតេឡេក្រាមនៅថ្ងៃអង្គារទេ។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានថ្លែងប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការដាក់លក់ទីស្នាក់ការគណបក្សសង្រ្គោះជាតិ គឺជាការអនុវត្តតាមសាលក្រមរបស់តុលាការ ស្របតាមនីតិវិធីនៅក្នុងប្រទេស។
លោកបានមានប្រសាសន៍ថា៖ «នេះជាការអនុវត្តនីតិវិធីរបស់តុលាការសុទ្ធសាធ។ យើងមានសាលក្រមផ្តន្ទាទោស ហើយសាលក្រមបានតម្រូវឲ្យយើងសងជំងឺចិត្ត និងការពិន័យជាប្រាក់។ ហើយយើងនឹងអនុវត្តតាមអំណាចសាលក្រម និងសាលដីកា។ អាហ្នឹងជានីតិវីធីគេអាចលក់ទ្រព្យសម្បត្តិរបស់យើង ដើម្បីលក់ឡៃឡុងដើម្បីយកមកសង។ អាហ្នឹងជានីតិវិធីច្បាប់ធម្មតា ដែលអនុវត្តជាទូទៅ មិនមែនតែគណបក្សសង្រ្គោះជាតិទេ ជាទូទៅគឺអនុវត្តអ៊ីចឹង»។
គួររំឭកផងដែរ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកំបាំងមុខដាក់ទោសលោក សម រង្ស៊ី និងភរិយា និងសហការីរបស់លោក ដែលជាថ្នាក់ដឹកនាំកំពូលៗចំនួន ៧ នាក់ទៀតពីបទ«ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល»។ ពួកគេ ក៏ត្រូវបានតុលាការហាមប្រាមមិនឲ្យបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត»ផងដែរ៕