តុលាការ​សម្រេច​ឲ្យ​បុរស​៣​នាក់​ធ្វើ​កិច្ច​សន្យា​ឈប់​ផឹក​ស៊ី​ជុំ​គ្នា​​ក្រៅ​ផ្ទះ​ដែល​​បំពាន​វិធានការ​សុខាភិបាល​ក្នុង​គ្រា​កូវីដ​១៩

បុរស៣នាក់ ត្រូវបានបញ្ជូនមកតុលាការរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការផឹកស៊ីជុំគ្នា និងចាក់ធុងបាស នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១។ (រូបថតដោយព្រីង សំរាំង)

ព្រះរាជអាជ្ញា​នៃ​តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​មិនចោទ​ប្រកាន់​មនុស្ស ​៣​ នាក់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ផឹក​ស៊ី​ជុំគ្នា ដោយ​មាន​ចាក់​ធុង​បាស ដែល​សមត្ថកិច្ច​ចោទ​ថា ​បំពាន​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩។​

ប៉ុន្តែ​ព្រះរាជអាជ្ញា​បាន​ឲ្យពួកគេធ្វើ​កិច្ច​សន្យា​ថា ​នឹង​ឈប់​បន្តសកម្មភាព​ទាំង​នោះ​ទៀត ខណៈ​ពួកគេ​ក៏​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ផង​ដែរ។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​យប់​ថ្ងៃ​ពុធថា​ ពួកគេ​ទាំង ​៣​ នាក់ បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​នឹង​មាត្រា​ ៣ ​នៃ​ច្បាប់​ស្តី​ពី​កូវីដ​១៩ ដែល​ចែង​ពី​វិធានការ​សុខាភិបាល​ដែលតម្រូវ​ឲ្យ​ប្រជាពលរដ្ឋធ្វើ​អនាម័យ ពាក់ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​សង្គម ​និង​អនុវត្ត​តាមវិធានការ​សុខាភិបាលផ្សេង​ទៀត ដែល​មានភាព​ចាំបាច់​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

ច្បាប់​ស្តីពី​ជំងឺ​កូវីដ​១៩ ​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​មីនា ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ធ្ងន់ធ្ងរ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ។

អ្នកនាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ​បន្ត​ថា ​ពួកគេ​ទាំង ​៣ ​នាក់​ ត្រូវ​បាន​ពិន័យ​ប្រាក់ជា​អន្តរការណ៍ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ចំនួន​ប៉ុន្មាន​នោះ​ទេ។

លោក គុជ គឹមឡុង ​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពី​សាកសួរ​តាម​នីតិវិធី​រួច លោក​ព្រះរាជអាជ្ញា​រង មុត តារា បាន​សម្រេច​ឲ្យ​ខាង​ក្រសួង​សុខាភិបាល​ជា​សមត្ថកិច្ច​នៅ​ក្នុង​ការ​ធ្វើ​ការពិន័យ​អន្តរការណ៍ ហើយ​បាន​ឲ្យ​ពួក​គាត់​ទាំង​៣​នាក់​ធ្វើ​កិច្ច​សន្យា​និង​អប់រំ ឲ្យ​ចូលរួម​ដើម្បី​គោរព​វិធាន​សុខាភិបាល​ទាំង​អស់​គ្នា​ហើយ​និង​បាន​អនុញ្ញាត​ឲ្យ​គាត់​ទាំង ​៣ ​នាក់​ឲ្យ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ»។

កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​មេសា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​បុរស​ទាំង ​៣ ​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ក្រោយ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ៤ ខែ​មេសា ដោយ​សារពួកគេ​បាន​ជួប​ជុំ​គ្នា​ផឹក​ស៊ី​ដែល​ប៉ូលិស​ចោទ​ថា «ល្មើស​នឹង​វិធាន​ការ​សុខាភិបាល»។

បើ​តាម​សមត្ថកិច្ច ពួកគេ​ទាំង​៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ម៉ោង ​៥​ កន្លះល្ងាច ថ្ងៃ​ទី ​៤ ខែ​មេសា ដោយ​ប៉ូលិស​ ប៉ុស្តិ៍​នគរបាល​គោក​ឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។​ សមត្ថកិច្ច​បាន​ចោទពួកគេ​ថា «ជួប​ជុំ​ស៊ីផឹក និង​ច្រៀង​ខារ៉ាអូខេ​នៅ​ចំណុច​មុខ​បន្ទប់​ជួល​ក្នុង​ផ្សារ​បឹង​បៃតង ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ»។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អ្នក​ទាំង​នោះ​ មាន​ឈ្មោះ ​អូន រតនា អាយុ ៣៧ ​ឆ្នាំ លោក ហូ រុនមុនី អាយុ​ ៣០ ​ឆ្នាំ និង​លោក ហេង សូវីត អាយុ​ ៧២ ​ឆ្នាំ។ រូបភាព​របស់​ពួកគេ​ទាំង ​៣​ នាក់ ឈរ​ក្បែរ​ធុងបាស ដែល​មាន​បិទ​ស្លាក (The Voice) ដែល​ថត​ជាមួយ​ប៉ូលិស ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​មីនា តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​ដោយ​ប្រើ​ច្បាប់​កូវីដ​១៩​ លើក​ដំបូង ពាក់​ព័ន្ធ​នឹង​ការ​អធិប្បាយ​កុំ​ឲ្យ​ចាក់​វ៉ាក់សាំង​ចិន។ បុរស​ម្នាក់​ឈ្មោះ តោ ចន្នី អាយុ​ ២៨ ​ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់​តាម​មាត្រា​ ១១​ នៃ​ច្បាប់​ស្តី​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​ ៣ ឆ្នាំ ប្រសិន​បើ​បុរស​នោះ​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន។

មាត្រា​ ១១ ​នៃ​ច្បាប់​ស្តីពី​កូវីដ​១៩ ​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ប្រញាប់​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មីនា ចែង​ពី​អំពើ​រារាំង ​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្ត​វិធានការ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល៕