នៅព្រឹកថ្ងៃពុធនេះ សាលាដំបូងខេត្តស្វាយរៀង បានលើកពេលកាត់ក្តីតំណាងពលរដ្ឋបួននាក់ ក្នុងសំណុំរឿងវិវាទដីធ្លីរវាងពលរដ្ឋជាង៤០០គ្រួសារ និងក្រុមហ៊ុនឯកជនមួយ លើផ្ទៃដីទំហំ៦៧០ហិកតាក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអង្គការសង្គមស៊ីវិល។
ជម្លោះរវាងពលរដ្ឋ និងក្រុមហ៊ុន NK Venture បានកើតឡើងតាំងពីឆ្នាំ២០១០ គឺក្រោយពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំចំនួន១.២០០ហិកតា ដល់ក្រុមហ៊ុន NK Venture ដែលមានបំណងដាំដំណាំអំពៅ។
លោក ម៉ឺន រតនា អគ្គលេខាធិការរងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា (CCFC) ប្រាប់ VOA នៅថ្ងៃពុធនេះថា ជម្លោះបានផ្ទុះឡើង រហូតមានតំណាងបួននាក់ ត្រូវបានតុលាការខេត្តស្វាយរៀងចោទពី «បទធ្វើឲ្យខូចខាតដោយចេតនា និងរំលោភកាន់កាប់ដីឯកជនរបស់រដ្ឋ» នៅពេលក្រុមហ៊ុន NK Venture ដែលជារបស់ជនជាតិឥណ្ឌា បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
«ដោយសារតែរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន NK Venture ចំនួន១២០០ហិកតា ប៉ុន្តែនៅពេលដែលផ្តល់ដីសម្បទានហ្នឹង វាប៉ះពាល់ដល់ប្រជាពលរដ្ឋ៤៤០គ្រួសារ ហើយដែលមានទំហំដីហ្នឹងវា ៦៧០ហិកតា...ហើយដែលនៅឃុំអំពិល អ៊ីចឹងហើយ ប្រជាពលរដ្ឋបានតវ៉ា នៅឆ្នាំ២០១០ នៅពេលដែលដឹងដំណឹងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចហ្នឹង ទៅឲ្យក្រុមហ៊ុន NK Venture គឺក្រុមហ៊ុនឥណ្ឌាសម្រាប់ដំាអំពៅ»។
លោក ម៉ឺន រតនា មានប្រសាសន៍បន្ថែមថា សវនាការរបស់តំណាងទំាងបួននាក់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃនេះ ត្រូវបានលើកពេលដោយមន្ត្រីរដ្ឋបាលសាលាដំបូងខេត្តស្វាយរៀង បញ្ជាក់ថា ព្រះរាជអាជ្ញា ដែលកាន់រឿងក្តីអ្នកទាំងបួន មិនបានមកធ្វើការ។
«គេគ្រាន់តែនិយាយ គេគ្រាន់តែប្រាប់ថា ដោយសារតែព្រះរាជអាជ្ញា ដែលកាន់សំណុំរឿងហ្នឹង គាត់អត់នៅ គាត់អត់ទំនេរ អ៊ីចឹងគាត់ នៅពេលដែលយើងឈ្លេចសួរពីហ្នឹងទៀត គាត់ថា គាត់អត់ដឹងដែរ»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ អះអាងថា មានពលរដ្ឋជាង១០០នាក់ បានមកឃ្លំាមើលការបើកសវនាការផងដែរ តែថាមិនមានការប្រឈមមុខណាមួយរវាងអាជ្ញាធរ និងក្រុមអ្នកតវ៉ានោះទេ។
VOA នៅមិនទាន់អាចសុំការអធិប្បាយពីតំណាងទាំងបួននាក់របស់ពលរដ្ឋ ដែលត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនក្នុងសវនាការនៅថ្ងៃពុធនេះទេ។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីតុលាការខេត្តស្វាយរៀង តំណាងក្រុមហ៊ុន និងមន្ត្រីបាននៅឡើយដែរ នៅថ្ងៃពុធនេះ។
អ្នកស្រី យស់ សោភ័ណ្ឌ ដែលជាអ្នករងគ្រោះដីធ្លីមកពីស្រុកស្វាយជ្រុំក្នុងខេត្តស្វាយរៀង និងដែលបានមកគាំទ្រឲ្យមានការទម្លាក់បទចោទប្រកាន់មកលើអ្នកតំណាងទាំងបួននាក់នោះ និយាយថា តុលាការគួរពិចារណាទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអ្នកតំណាងទាំងបួន ព្រោះពួកគេគ្រាន់តែជាអ្នកការពារសិទ្ធិដីធ្លីរបស់ពលរដ្ឋតែប៉ុណ្ណោះ។ អ្នកស្រីថា វាមិនអាចជាការទទួលយកបានទេ ប្រសិនបើតុលាការបន្តចាត់ការសំណុំរឿងនេះបន្តទៀតនោះ។
«ខ្ញុំគិតថា វាមិនមែនជារឿងត្រឹមត្រូវទេ ព្រោះប្រជាពលរដ្ឋមានទៅធ្វើអីខុស បើសិនជាប្រជាពលរដ្ឋគ្រាន់ចង់បានដីធ្វើស្រែ ហើយដីហ្នឹងជាដីរបស់ខ្លួនឯង ហើយខាងក្រុមហ៊ុនហ្នឹងចូលមកកាន់កាប់ដីក្រោយទេ ហើយបែរជាមិនឲ្យខាងប្រជាពលរដ្ឋហ្នឹងទៅកាន់កាប់ដីហ្នឹង ខាងអាជ្ញាធរកាត់ដីហ្នឹងទៅឲ្យក្រុមហ៊ុនវិញ ខ្ញុំគិតថា វាល្អសោះហ្មងហ្នឹង»។
អ្នកស្រីថ្លែងថា ពលរដ្ឋជាច្រើនគ្រួសារដែលបានរស់នៅទីតាំងទំនាស់អស់រយៈពេលជាច្រើនមកហើយនោះ មិនមានបណ្ណកម្មសិទ្ធិនោះទេ តែបែរជាក្រុមហ៊ុនមានបណ្ណកម្មសិទ្ធិគ្រប់គ្រងដីទៅវិញ។ តាមការបញ្ជាក់របស់លោកម៉ឺន រតនា គឺពលរដ្ឋចំនួនប្រមាណ៤៤០គ្រួសារ ដែលស្មើនឹងចំនួនប្រមាណ២០០០នាក់ បានរស់នៅអាស្រ័យផលក្នុងដីទំនាស់ តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ។
នៅមុនការបោះឆ្នោតជាតិខែកក្កដាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជារបស់ លោក ហ៊ុន សែន បានបង្ហាញការប្តេជ្ញាចិត្តបញ្ចប់វិវាទដីធ្លី ក្នុងទីតាំងនៃខេត្តមួយចំនួនក្នុងប្រទេស ក្នុងនោះមានខេត្តកោះកុងជាដើម តែរហូតមកទល់ពេលនេះ មានវិវាទដីធ្លីផ្សេងទៀត នៅបន្តជាប់គាំង៕