តុលាការ​បើក​សវនាការ​លើ​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង ពាក់ព័ន្ធ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ និង​ផែនការ​មាតុ​ភូមិ​និវត្តន៍​របស់​លោក​ សម រង្ស៊ី មេដឹកនាំបក្ស​ប្រឆាំង បាន​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ការ​សួរ​ដេញ​ដោល​របស់​តុលាការ​រាជធានី​ភ្នំពេញ​ ទៅ​លើ​អតីត​សកម្មជន​និងអ្នក​គាំទ្រ​គណបក្ស ​កាលពីព្រឹក​ថ្ងៃ​អង្គារ​នេះ។

មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង​នោះ​អះអាង​ថា​ ករណី​ក្តី​ក្តាំ​នេះពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដូច្នេះ​ស្ថានភាព​របស់​ពួកគេ អាស្រ័យ​លើ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ឡុង​ ផារី​ ដែលជា​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ​ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃ​វែង​ និង​លោក ងិន ឃាង ដែល​ជា​បុគ្គលិកក្រុម​ហ៊ុន​សំណង់​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ បាន​ទទួល​សំណួរ​ជា​បន្ត​បន្ទាប់​ពី​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ និង​តំណាង​អយ្យការ ក៏​ដូច​ជា​មេធាវី​ចុង​ចោទ អំពី​ទំនាក់​ទំនង​និង​មុខ​នាទី​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ រហូត​ដល់​ថ្ងៃ​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ និង​ផែន​ការ​វិល​ចូល​ប្រទេស​វិញ​របស់​លោក ​សម រង្ស៊ី កាល​ពី​ឆ្នាំ​មុន។

ទាំង​លោក​ ឡុង ផារី​ អាយុ​៥៨ឆ្នាំ និង​លោក​ ងិន ឃាង អាយុ​៣២​ឆ្នាំ​ ស្ថិត​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ ១៣​នាក់ ដែល​ត្រូវ​តុលាការនាំ​ខ្លួន​មក​ចូលរួម​សវនាការ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​តទល់​នឹង​បទ​ចោទ​ប្រកាន់​ចំនួន​៣​គឺ «រួម​គំនិត​ក្បត់ ញុះញង់​ឲ្យមាន​ភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​មិន​ឲ្យ​យោធិន​ស្តាប់​បង្គាប់»។

សវនាការ​នេះ​ក៏​តម្រូវ​ឲ្យ​មាន​វត្តមាន​របស់ជន​ជាប់​ចោទ​ជា​ច្រើន​នាក់ផ្សេង​ទៀត​ ដែល​ជា​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ ដែលពួកគេ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។ អ្នក​ទាំង​នោះ​ រួម​មាន​លោក​ សម រង្ស៊ី ភរិយា​របស់​លោក​ សម រង្ស៊ី គឺ​លោកស្រី ជូឡុង សូមូរ៉ា លោក​ស្រី មូរ សុខហួរ ​លោក ​អេង ឆៃអ៊ាង ​លោក​ តុ វ៉ាន់​ចាន់ លោក​ នុត រំដួល​ និង​លោក​ ហូរ វ៉ាន់។

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដែល​មាន​លោក​ចៅក្រម ​រស់ ពិសិដ្ឋ ជា​ប្រធាន​ បាន​ជីក​សួរ​ដេញ​ដោល​លោក​ ឡុង ផារី អំពី​សកម្មភាព​របស់​លោក​មុន​និងក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង ទៅ​ដល់​ការ​បង្កើតចលនា​សង្គ្រោះ​ជាតិ​ និង​តួនាទី​របស់​លោក ពាក់ព័ន្ធ​នឹងគម្រោង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ចំណែក​លោក ​ងិន ឃាង ក៏​ត្រូវបានសួរ​ជា​ច្រើន​ដង​ពី​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ និង​តំណាង​អយ្យការ​អំពី​មុខ​នាទី​លោក​ក្នុង​គណ​បក្ស​សង្គ្រោះ​ជាតិ និង​សកម្មភាព​របស់​លោក​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ពាក់​ព័ន្ធ​ការ​និយាយ​ស្តី​ពី​បញ្ហា​ជំងឺ​កូវីដ​១៩ និង​ដំណើរ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ខែ​កុម្ភៈ ខណៈមាន​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩។ លោក​ក៏​ត្រូវ​បាន​ចោទ​សួរ​អំពី​ផែន​ការ​វិល​ចូល​ប្រទេស​វិញ​របស់​លោក ​សម រង្ស៊ី ដែរ។

លោក​ នី សុខា​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែធ្នូ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

លោក នី សុខា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ និង​ដី​ធ្លី​នៃ​សមាគម​ការ​ពារសិទ្ធិ​មនុស្ស​អាដហុក​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ​ថា​ ការ​សួរ​ដេញ​ដោល​ទៅលើ​មន្ត្រី​ថ្នាក់​ក្រោម​និង​អ្នក​គាំទ្រ​បក្ស​ទាំង​នេះ​ ទំនង​ជា​មិន​អាច​ឲ្យ​តុលា​ការ​បាន​ដឹង​ពី​ផែនការ​ដែល​មេដឹកនាំ​កំពូល​ៗ​របស់​គណបក្ស​ប្រឆាំងបានរៀប​ចំ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ លោក​ថា​សកម្មជននិង​អ្នក​គាំទ្រ​ទាំង​នោះ គ្រាន់​តែ​ជា​ថ្នាក់​ក្រោម ដែល​មិន​ដឹង​ផែន​ការ​របស់​ថ្នាក់​ដឹកនាំ​កំពូល​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «រឿង​នេះ​ វា​រឿង​ភ្ជាប់​ជាមួយ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​អា​ចលនា​នៃ​ការ​រំលាយ​ហ្នឹង​គឺ​សកម្មជន​ ក៏​ដូច​ជា​មេគណបក្ស​ធំៗ​ហ្នឹង គេ​អត់​សុខ​ចិត្ត​។​ អ៊ីចឹង​ទៅ​ វា​មាន​ទំនាក់​ទំនង​ការ​ងារ​ហ្នឹង​ វាអត់​ទាន់​ដាច់​ស្រេច មិន​មែន​មាន​ន័យ​ថា​ រំលាយ​ហើយ​ភ្លាម​ ​ អា​រចនា​សម្ព័ន្ធ​ហ្នឹង​ វារលាយ​ខ្សុល​ទៅ​តាមហ្នឹង​ឯណា​ ។ វា​នៅ​តែ​មាន​ការ​មិន​សុខ​ចិត្ត​ មាន​ការ​ទាមទារ​ជា​ហូរ​ជា​ហែ។ អ៊ីចឹង​ខ្ញុំ​គិត​ថា​ រឿង​នេះ​បើនិយាយ​ឲ្យ​មែន​ទែន​វា​ ទាល់​តែ​មេបក្ស​ធំ​ៗ»។ ​

លោក​បន្ថែម​ថា ​តុលាការ​គួរ​សម្រួល​ឲ្យ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះជាតិ ​ដែល​ភាគ​ច្រើន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ មាន​ឱកាសចូល​បំភ្លឺ​ក្នុង​តុលា​ការ ដើម្បី​បញ្ជាក់​ពី​ផែនការ​នានា​ ដែល​បាន​កើត​ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង កាល​ពីខែ​វិច្ឆិកា ឆ្នាំ២០១៧។

លោក​បញ្ជាក់​ថា​៖ «អ៊ីចឹង​បើ​សិន​ជា​មាន​ការ​សវនា​ការ​ទៅ​ដល់​ មេ​បក្ស​ធំៗ​ អាហ្នឹង​ខ្ញុំ​គិត​ថា​ ប្រហែល​ជា​អាច​មានការ​សួរ​ដេញដោល​បាន​ច្បាស់​លាស់​ជាង​ហ្នឹង ពីព្រោះនៅ​ក្នុង​កម្រិត​ពួក​គាត់​ប្រហែល​ជា​អាច​មាន​ការ​យល់​ដឹង ការ​ចូលរួមហ្នឹង​វា​ វា​គម្លាត​ឆ្ងាយ​ណាស់​ពី​រចនាសម្ព័ន្ធ​ដឹកនាំ​ធំៗ​ហ្នឹង​ប្រហែល​ជា​គាត់​ អត់​អាច​ដឹង​បាន​ទាំង​អស់​ទេ»។

នៅ​ក្នុង​បន្ទប់​សវនា​ការ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​បញ្ជាក់​ប្រវត្តិ​របស់​ជន​ជាប់​ចោទ​ទាំង​១៣​នាក់​ មុន​ពេល​ការ​សួរ​ដេញ​ដោល។

នៅ​ត្រង់​ចំណុច​មួយ​ លោក​ចៅក្រម​ អ៊ឹម វណ្ណៈ បាន​ចោទ​សួរ​លោក​ ឡុង ផារី អតីត​ប្រធាន​ប្រតិបត្តិបក្ស​ប្រឆាំង​ថា៖ «បង​ដឹង​ថា​ផែន​ការ​ចលនា​សង្គ្រោះ​ជាតិ​មាន​អ្វីខ្លះ»?

លោក​ ផារី​ បាន​ឆ្លើយ​ថា​«អត់​ដឹង​ទេ» តែ​ដំណាល​គ្នា​នោះលោក​ថា «ដឹង​ដែរ​ ដឹង​បាន​តិច​តួច»។

លោក ​អ៊ឹម វណ្ណៈ​ បាន​សួរ​បន្ថែមអំពី​ផែន​ការ​៥​ចំណុចដែល​លោក សម រង្ស៊ី ធ្លាប់​ប្រកាស​ ដែល​ក្នុង​នោះ​មាន​ការ​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​សហ​គមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ ការ​បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ការ​ស្នើ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​ស្តាប់​បទ​បញ្ជា​ជា​ដើម។ លោក​ ឡុង ផារី​ តប​ភ្លាម​ថា៖ «​ខ្ញុំ​បាន​ដឹង​តាម​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ តែ​មិន​បាន​អនុវត្ត​ទេ»។

ពាក់ព័ន្ធ​នឹង​ផែន​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​ កាល​ពី​ឆ្នាំ​មុន លោក ឡុង​ ផារី​ បាន​ឆ្លើយ​សំណួរ​របស់​តំណាង​អយ្យការ​លោក​ សេង ហៀង ​ថា​ លោក​ត្រូវ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ ដោយ​លោក ​ប៉ែន សំអូន ដែល​ធ្លាប់​ជា​អនុ​ប្រធាន​ប្រតិបត្តិ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃ​វែង​ ឲ្យ​រៀប​ចំ​ទទួល​លោក​សម រង្ស៊ី ប៉ុន្តែ​លោក​មិន​អនុវត្ត​តាម​ទេ ដោយ​ថាមិន​ដឹង​ប្រមូល​កម្លាំង​បាន​ដោយ​របៀប​ណា​«ព្រោះ​ដាច់​គ្នា​ ហើយ​អត់​ទូរស័ព្ទ។ ម្នាក់​ៗ​រក​ស៊ី​រៀង​ៗ​ខ្លួន​»។

លោក សេង ហៀង ​ចុច​សួរ​លោក​ ផារី បន្ថែម​ថា៖«កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា [ឆ្នាំ​២០១៩] មាន​បាន​កៀរ​គរ​ពលរដ្ឋ​ឲ្យ​មក​ទទួល​លោក​ សម រង្ស៊ី​ នៅ​ភ្នំពេញ​ទេ»? លោក ​ផារី ឆ្លើយ​ថា៖ «អត់​ទៅ​ ខ្ញុំ​រត់​ម៉ូតូ​ឌុប»។

​ដោយ​ឡែក​លោក​ រស់ ពិសិដ្ឋ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​តាំង​សំណួរ​មួយ​ចំនួន​ទៅលោក ឡុង ផារី ពាក់​ព័ន្ធនឹង​ទំនាក់​ទំនង​របស់​លោក​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស។ លោក ឡុង ផារី ថា នៅ​មុន​ការ​រំលាយ​គណបក្ស ​លោក​ធ្លាប់​ទាក់​ទងជាមួយ​អតីត​តំណាងរាស្រ្ត​ខេត្តព្រៃវែង គឺ​លោក ហេង ដាណារ៉ូ និង​លោក ​គង់ បូរ៉ា ប៉ុន្តែ​ក្រោយ​គណបក្ស​រំលាយ លោក​មិន​ដែល​បាន​ទាក់​ទង​ជាមួយ​ពួកគេ​ទេ។

សំណួរ​ខ្លះ​របស់​លោក ​រស់ ពិសិដ្ឋ​ ក៏​ផ្តោត​លើ​ការ​និយាយ​ស្តី​របស់​លោក ​ឡុង ផារី​ ពាក់​ព័ន្ធ​នឹង​ការ​ចូល​ចត​កប៉ាល់​ទេសចរណ៍ ​MS Westerdam​ នៅ​ខេត​ព្រះ​សីហនុ កាល​ពី​ខែ​កុម្ភៈ ដែល​ជា​ការ​អនុញ្ញាត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ហានិភ័យ​ឆ្លងជំងឺ​កូវីដ​ដល់​ពលរដ្ឋ​ខ្មែរ។

លោក ងិន ឃាង ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ការពារ​ខ្លួន​នៅ​មុខ​អង្គ​សវនាការ​ថា​ លោក​មិន​មែន​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ពោល​គឺ​លោក​គ្រាន់​តែ​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​នៅ​ឆ្នាំ​២០១៣​ ដែល​ពេល​នោះ​ លោក​ធ្លាប់​ចូលរួម​ហែ​ក្បួន​គណបក្ស​ពេល​ឃោសនា​បោះ​ឆ្នោត​ ដោយ​សារ​តែ​ការ​ស្រឡាញ់។

លោក​បាន​ប្រាប់​អង្គ​សវនាការ​ដែរ​ថា​ លោក​បាន​ដឹង​ពី​ព្រឹត្តិការណ៍​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ប៉ុន្តែ​លោក​ថា​លោក​បាន​មិន​ចូលរួម​ទេ។ លោក​ក៏​បាន​ច្រាន​ចោល​ចម្លើយ​មួយ​ចំនួន​ នៅ​ពេល​លោក​ត្រូវ​បាន​សាក​សួរ​ ដោយ​មន្ត្រី​នគរ​បាល​ និង​ចៅ​ក្រម​ស៊ើប​សួរ​ កាល​ពី​ពេល​លោកត្រូវ​បាន​ចាប់​ខ្លួន ដោយ​លោក​ថាលោកបាន​ឆ្លើយ​ទាំង​ភ័យ​ខ្លាច ហើយ​មិន​ត្រូវ​បាន​ប្រាប់​ពី​សិទ្ធិ​មាន​មេធាវី។

ក្នុង​សវនា​ការ​ជាង​ពីរ​ម៉ោង​នោះ លោក​ សេង ហៀង ដែល​ជា​ព្រះ​រាជ​អាជ្ញារង​ ក៏​បាន​សួរ​លោក ឡុង ផារី អំពី​សញ្ញា​«ម្រាម​ដៃ​៩»ដែល​ត្រូវ​គេ​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ តែ​លោក​ ឡុង ផារី ថា​លោក​មិន​បាន​ចែក​រំលែក​ត​លើ​បណ្តាញ​សង្គម​នោះ​ទេ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​ដែរ។

លោក សំ សុគង់​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទទាំង​២​នាក់​ខាង​លើ​នេះ មាន​ប្រសាសន៍​ថា​ រឿង​ក្តី​នេះ​ មាន​ជាប់​ហេតុផល​នយោបាយ​ ប៉ុន្តែ​ដំណើរ​ការ​សវនាការ​ នឹង​នៅ​បន្ត​។ លោក​ថា​ស្ថានភាព​ក្តី​របស់​ជន​ជាប់​ទាំង២​នេះ​ និង​ជនជាប់​ផ្សេង​ទៀត អាច​មាន​ការ​ប្រែប្រួល​ អាស្រ័យ​លើស្ថាន​ការណ៍​នយោ​បាយ។

លោក​មេធាវី​ថ្លែង​ថា៖ «រឿង​ក្តី​នេះ​កំពុង​តែ​ដំណើរ​ការ​សវនាការ​ ប៉ុន្តែ​យើង​យល់​ឃើញ​ថា​ ពួក​គាត់​សុទ្ធ​តែ​ជា​អតីត​គណ​បក្ស​សង្រ្គោះជាតិ អ្នក​គាំទ្រ​ អ្នក​សកម្មជន​ ចឹង​វា​ជា​រឿង​ក្តី​នយោ​បាយ​ ចឹង​ទាក់​ទង​រឿង​នយោបាយ​នេះ​ យើង​ចាំ​មើល​ ចប់​សវនា​ការ​ ហើយ​ចំាមើល​យើង​មើល​ស្ថានការណ៍​នយោ​បាយ​ដែរ​ អ៊ីចឹង​ណា៎​ តាម​ហ្នឹង​ណ៎ា»។

នៅ​ក្នុង​ថ្ងៃ​បើក​សវនាការ​នា​ព្រឹក​ថ្ងៃ​អង្គារ​ កង​កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តំបន់​តុលាការ​រាជធានីភ្នំពេញ​។

បើ​តាម​លោក ​អំ សំអាត​ នាយករង​ទទួលបន្ទុកឃ្លាំ​មើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​ ស្ត្រី​២នាក់​ដែល​ជា​សាច់ញាតិ​របស់​ជន​ជាប់​ចោទដែល​ឡើង​តុលាការ ត្រូវ​បាន​អាជ្ញាធរខណ្ឌ​៧​មករា​ ឃាត់​ខ្លួន​យកទៅ​សួរ​នាំ​ ទាក់ទង​នឹងការ​ព្យាយាម​ចូល​ទៅ​តវ៉ា​នៅ​មុខ​តុលាការ។

លោក សាន សុខសីហា​ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ការ​ឃាត់​ខ្លួន​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ហេតុផល​សន្តិ​សុខ​របស់​សវនា​ការ៕