តុលាការដំបូងរាជធានីភ្នំពេញបានបដិសេធសំណើនៅក្រៅឃុំរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី ហើយបន្តនីតិវិធីសវនាការរបស់ខ្លួន ទោះបីជាលោក ហុង សុខហួរ បញ្ជាក់ពីបញ្ហាជំងឺបេះដូងរបស់លោកក៏ដោយ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរិះគន់ចំណាត់ការនេះ។
នៅព្រឹកថ្ងៃសុក្រនេះ តុលាការក្រុងភ្នំពេញបានបើកសវនាការលើកទី១លើរឿងក្តីរបស់សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីគឺលោក ហុង សុខហួរ អំពីការបង្ហោះឯកសារក្លែងក្លាយ និងញុះញង់ក្នុងរឿងព្រំដែន បន្ទាប់ពីតុលាការបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក។
អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា ហេតុផលនយោបាយ និងការចរចាគ្នាគ្មានលទ្ធផលរវាងគណបក្សធំៗទាំងពីរគឺជាកត្តាសំខាន់ដែលធ្វើឲ្យតុលាការសាលាដំបូងក្រុងភ្នំពេញមិនយល់ស្របតាមសំណើសុំដោះលែងនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាគណបក្សជំទាស់នេះ។
បន្ទាប់ពីសវនាការនាព្រឹកថ្ងៃសុក្រនេះ មេធាវីការពារក្តីលោក ហុង សុខហួរ គឺលោក ជួង ជូងី បានប្រាប់ VOA ថា តុលាការក្រុងភ្នំពេញបានបើកនីតិវិធីតុលាការចំនួនពីរករណីលើរូបលោក ហុង សុខហួរ។
ទី១គឺទាក់ទិននឹងសំណើនៅក្រៅរបស់លោក តែតុលាការបានបដិសេធ ដោយលើកហេតុផលថា ការដោះលែងលោក ហុង សុខហួរ និងអាចបង្កឲ្យ«មានភាពវឹកវរនៅក្នុងសង្គម» បើទោះជាលោកស្ថិតក្នុងវ័យចាស់ និងមានជំងឺបេះដូងជាប្រចាំក៏ដោយ។ លោកមេធាវីបានបន្តថា សវនាការទី២គឺលើរឿងក្តីរបស់លោក ហុង សុខហួរ ទាក់ទិននឹងការបង្ហោះឯកសារ និងវីដេអូទៅលើគេហទំព័រនាខែសីហាកន្លងទៅ។
លោក ជួង ជូងី បានថ្លែងប្រាប់ VOA ថា សេចក្តីសម្រេចរបស់តុលាការកាលពីព្រឹកនេះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់កូនក្តីរបស់លោក ដោយលោក ហុង សុខហួរ កំពុងតែមានជំងឺបេះដូង ហើយមានវេជ្ជបញ្ជាដែលទាមទារឲ្យមានការពិនិត្យតាមដានឲ្យបានទៀងទាត់។លើសពីនេះទៀត លោក ហុង សុខហួរ ក៏បានឯកភាពក្នុងការតម្កល់ប្រាក់២០លានរៀល និងលិខិតឆ្លងដែនបារាំងរបស់លោកដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ចំពោះតុលាការ។
«គឺប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិរបស់កូនក្តីខ្ញុំ ដោយហេតុថា ម្យ៉ាងគាត់មានជំងឺ ហើយម្យ៉ាងទៀតគាត់មិនរត់ទៅណាទេ គឺតុលាការមានជម្រើសដាក់លក្ខខណ្ឌ ឲ្យគាត់គោរពតាមលក្ខខណ្ឌរបស់តុលាការ ឲ្យគាត់មិនបង្កបញ្ហា មិនរត់គេចខ្លួន ប៉ុន្តែតុលាការមិនជ្រើសរើសវិធានការនោះទេ បែរជាបន្តឃុំខ្លួនគាត់ទៀត។ អាហ្នឹងហើយដែលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់គាត់ ម្យ៉ាងវិញទៀតគាត់មានវ័យចាស់ហើយឋិតក្នុងវ័យ៦០ឆ្នាំហើយ គាត់ត្រូវការការថែទាំពីគ្រួសារ ត្រូវការពេទ្យជំនាញ»។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីត្រូវបានចាប់ឃុំខ្លួនកាលពីខែសីហាកន្លងទៅ ពីបទ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់» ក្រោយពេលដែលលោកបានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩នៅលើទំព័រហ្វេសប៊ុក ក្នុងនោះលោកបង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជាច្រើនជាងកម្ពុជាចូលទៅវៀតណាម។ ការចាប់ខ្លួនរបស់មន្ត្រីសំខាន់របស់គណបក្សជំទាស់រូបនេះគឺធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អង្គការសង្គមស៊ីវិលបានរិះគន់យ៉ាងខ្លាំងទាក់ទិននឹងការចាប់ខ្លួនសមាជិកព្រឹទ្ធសភា ដែលនៅមានអភ័យឯកសិទ្ធិ និងមិនត្រឹមត្រូវតាមនីតិវិធីនោះ។
លោក ជួង ជូងី បានឲ្យដឹងថា បន្ទាប់ពីបដិសេធសំណើសុំនៅក្រៅឃុំរបស់កូនក្តីរបស់លោកនោះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការទី២ ដោយសួរដេញដោលសួរលោក ហុង សុខហួរ និងបង្ហាញរូបភាពវីដេអូ ដែលលោកបានបង្ហោះទៅក្នុងទំព័រហ្វេសប៊ុករបស់លោក។ ទោះជាយ៉ាងណាក៏ដោយ លោក ជួង ជូងី បានបញ្ជាក់ថា វីដេអូនោះគឺដើម្បីផលប្រយោជន៍សង្គម និងជាចំណេះដឹងទាក់ទិននឹងព្រំដែន ក៏ដូចជាកោះត្រល់របស់កម្ពុជា។
«សម្រាប់ខ្ញុំជាមេធាមវី វាមានគុណវិបត្តិខ្លះសម្រាប់កូនក្តីខ្ញុំ តែសម្រាប់សង្គមវាមានប្រយោជន៍មែនទែន ដើម្បីជាមូលដ្ឋានក្នុងការតាមដាន និងការពិចារណារបស់អ្នកស្រាវជ្រាវ ដែលចង់ដឹងពីការវិវឌ្ឍ ឬក៏ចង់ដឹងពីចំណុចពាក់ព័ន្ធផែនទី ពាន់ព័ន្ធនឹងព្រំដែនកម្ពុជាវៀតណាម ឬក៏កោះត្រល់»។
យោងតាមសេចក្តីថ្លែងការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុក ដែលចេញផ្សាយកាលពីរសៀលថ្ងៃសុក្រនេះ បានឲ្យដឹងថា លោក ហុង សុខហួរ «មានហេតុផលគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការសុំនៅក្រៅឃុំ» ដោយលោកបានបញ្ជាក់ពីបញ្ហាសុខភាព មានតួនាទីជាក់លាក់ ការតម្កល់ថវិកាធានាចំនួន២០លានរៀល តម្កល់លិខិតឆ្លងដែន និងសន្យាចូលរួមតាមនីតិវិធីតុលាការគ្រប់ដំណាក់កាលជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សមាគមការពារសិទ្ធិមនុស្សអាដហុកបានសរសេរថា៖
«សមាគមការពារសិទ្ធិមនុស្សអាដហុក សូមអំពវនាវសាជាថ្មីម្តងទៀត សូមឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញធ្វើការដោះលែងលោក ហុង សុខហួរ ជាបណ្តោះអាសន្ន ដើម្បីឲ្យលោកមានសេរីភាពឡើងវិញ តាមការស្នើសុំរបស់លោកហុង សុខហួរ»។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមឃ្លាំមើលដំណើរការសវនាការនាព្រឹកថ្ងៃសុក្រនេះ បានថ្លែងប្រាប់ VOA ថា ការបង្ហាញភស្តុតាងរបស់តុលាការក្នុងសវនាការនោះគឺមិនមានដូចអ្វីដែលតុលាការបានចោទថា លោក«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់»នោះទេ ដោយលោកគ្រាន់តែបញ្ជាក់រឿងចំណេះដឹងទូទៅដល់យុវជនជនជំនាន់ក្រោយទាក់ទិននឹងព្រំដែននិងកោះត្រល់តែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ការមិនអនុញ្ញាតឲ្យនៅក្រៅឃុំនេះគឺជារឿងនយោបាយសុទ្ធសាធ ហើយទំនងជានឹងទុករូបលោកជាការដោះដូរណាមួយរវាងគណបក្សនយោបាយធំទាំងពីរក្នុងការចចារខាងមុខ។
«យើងឃើញថា ការបង្ហាញភស្តុតាង នៅពេលដែលសវនាការពេលចាក់បង្ហាញរូបវីដេអូរបស់លោក ហុង សុខហួរ នៅក្នុងបណ្តាញសង្គមរបស់គាត់ គឺយើងឃើញថា ទាំងពាក្យសម្តី ទាំងការអំពាវនាវគឺគ្មានជាហេតុផលដែលនាំឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាល ឬក៏ជាសកម្មភាពដែលជាបទល្មើសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រាទី៦២៦ មាត្រា៦២៩ និង មាត្រា៦៣០ទេ»។
លោក នី ចរិយា បានបន្តថា៖ «នៅពេលនេះ លោក ហុង សុខហួរ អាចជាចំណាប់ខ្មាំងមួយសម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើការគាបសង្កត់ ដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិក្នុងការធ្វើកំណែទម្រង់ និងវិសោធនកម្មទៅលើច្បាប់បោះឆ្នោតនោះឯង»។
យ៉ាងហោចណាស់មានសកម្មជន និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិជាង១០រូបត្រូវបានចាប់ឃុំខ្លួន និងកាត់ទោសជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបង្ហាញការមន្ទិលសង្ស័យរឿងផែនទី និងការបោះបង្គោលព្រំដែនរវាងកម្ពុជាវៀតណាមនោះ។
ថ្មីៗនេះ មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សជំទាស់ដែលមានកៅអីក្នុងរដ្ឋសភា បានធ្វើការណាត់ជួបគ្នាដើម្បីបន្តពង្រឹងវប្បធម៌សន្ទនាដ៏ផុយស្រួយរបស់ខ្លួននោះ៕