តុលាការកាត់ទោសសកម្មជនថ្ងៃច័ន្ទពណ៌ខ្មៅឲ្យជាប់ពន្ធនាគារ៦ថ្ងៃ

រូបឯកសារ៖ អ្នក​ស្រី​ ទេព​ វន្នី​ អ្នក​ការពារ​សិទ្ធិ​រស់​នៅ​ក្នុង​តំបន់​បឹងកក់​ (ឈរ​នៅ​កណ្តាល)​ កំពុង​ស្រែក​ទាមទារ​យុត្តិ​ធម៌​នៅ​មុខ​ច្រក​ចូល​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២​​ ខែមីនា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អ្នកស្រីទេព វន្នី ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices និងអ្នកស្រីបូវ សោភា ពីបទ«ប្រមាថមន្ត្រីរាជការសាធារណៈ» ឲ្យជាប់ពន្ធនាគារចំនួន៦ថ្ងៃ ទាក់ទងនឹងការតវ៉ាអហិង្សាក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ រៀបចំឡើងកាលពីថ្ងៃច័ន្ទសប្តាហ៍មុន។

ទោះជា​មាន​ការ​រិះគន់​ធ្ងន់ៗ​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ក្នុង​សហគមន៍​បឹងកក់​ចំនួន​ពីររូប​យ៉ាង​ណាក្តី​ តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​សកម្មជន​ទាំងពីរ​នាក់​នោះ ដោយ​មិន​ឲ្យ​មេធាវី​មាន​ពេលគ្រប់​គ្រាន់​ក្នុង​ការ​តស៊ូ​ក្តី។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​សម្រេច​ផ្តន្ទាទោស​ អ្នក​ស្រី​ទេព វន្នី ​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices​ និង​អ្នកស្រី​បូវ សោភា​ ពី​បទ​«ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ»​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៦​ថ្ងៃ​ ទាក់​ទង​នឹង​ការ​តវ៉ា​អហិង្សា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ ​រៀបចំឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​នៅ​ក្នុង​សហគមន៍​បឹងកក់។​

ការ​ផ្តន្ទាទោស​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​ទំាងពីរ​នាក់​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​ទាំងពីរ​នាក់​នេះ​ជាបន្ទាន់។​

សេចក្តី​ថ្លែង​ការណ៍​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា​ បន្ទាប់​ពីការ​ពិភាក្សា​ប្រហែល​ជា​១៨នាទី​ ក្រោយពី​ការ​ជំនុំ​ជម្រះ​រយៈពេល​ជាង​៩០នាទី​ លោក​ពេជ្រ វិជ្ជាធម៌​ ចៅក្រម​ជំនុំ​ជម្រះ​បាន​សម្រេច​ប្តូរ​ការ​ចោទ​ប្រកាន់​ ដោយ​ចោទ​អ្នកទាំង​ពីរ​ពី​បទ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ​វិញ​ ដោយ​មិន​មាន​ការ​ព្រៀង​ទុក​ជាមុន​ តាម​មាត្រា​៥០២​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

អ្នកស្រី​ទេព វន្នី ​អ្នកតំណាងសហគមន៍បឹងកក់បក់ដៃ​ពី​បង្អួច​តុលាការដំបូង ​ខណៈពេលដែល​អ្នកស្រី​ត្រូវ​តុលាការ​សាកសួរ​អំពី​ការធ្វើ​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»ដោយសាលាដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ២០១៦។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​បន្ត​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា​ បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​ការពារ​កូនក្តី​ជំទាស់​នឹង​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ មេធាវី​ការពារ​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​ដើម្បី​ការពារ​កូនក្តី​ជំទាស់​នឹង​បទ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ​ ដែល​ចៅក្រម​ទើប​បាន​ផ្លាស់​ប្តូរ​យក​មក​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ទេ។ សេចក្តី​ថ្លែង​ការណ៍នេះ​បាន​សង្កត់ធ្ងន់​ថា​ នេះ​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​ ដែល​ចៅក្រម​ត្រូវ​តែ​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​ និង​ភស្តុតាង​ទៅ​ដល់​មេធាវី​ដើម្បី​ឲ្យ​ភាគី​ចុងចោទ​មាន​អាច​រៀបចំ​ការ​ការពារ​កូន​ក្តី។​

អ្នកស្រី​ស៊ា ណារ៉េត​ វ័យ​៥៨​ឆ្នាំ​ សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​នៅ​ក្នុង​សហគមន៍​បឹងកក់​ បាន​ប្រាប់​ VOA​ ថា​ ការ​ផ្តន្ទាទោស​នេះ​បាន​បង្ហាញ​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ អ្នកស្រី​បន្ថែម​ថា​ ការ​ផ្តន្ទាទោស​នេះ​មិន​អាច​ប្តូរ​ជំហរ​របស់​សកម្មជន​ក្នុង​តំបន់​បឹងកក់​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ។​

«អត់រាដាច់ខាត​ គឺ​ត្រូវតែ​ធ្វើ​ បើ​អញ្ចឹង​ពួក​យើង​អត់​មាន​ទេ​សិទ្ធិ​សេរីភាព​ត្រូវគេ​បង្ក្រាប​បាន»។​

VOA ​មិន​អាច​ទាក់​ទងទាំង​លោក​លី សុផាណា​ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ពេជ្រ វិជ្ជាធម៌​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​បាន​ទេ។

ការ​ឃុំ​ខ្លួន​សកម្មជន​ទាំងពីរ​នាក់​នេះ​ក៏រង​ការ​រិះគន់​ពី​ប្រជា​ពលរដ្ឋខ្មែរ​មួយ​ចំនួន​រស់​នៅ​ក្នុង​ប្រទេស​អូស្តា្រលី​ផង​ដែរ។​ ក្រោយពី​វេទិកា​សាធារណៈ​មួយ​ស្តីពី​ការ​ស្លាប់​របស់​លោក​កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​កម្ពុជា​ លោក​ជា យូហន ប្រធាន​សមាគម​ខ្មែរ​នៅ​ Victoria ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​ប្រាប់​ VOA​ កាលពីថ្ងៃ​សៅរ៍​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ប្រមូល​ផ្តុំ​ជួបជុំ​គ្នា​តវ៉ា​ដោយ​អហិង្សា។

លោក​និយាយ​ថា ​ការ​បន្ត​គាប​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ក្នុងការ​ធ្វើ​ចលនា​តវ៉ា​ទាមទារ​យុត្តិធម៌​ដោយ​អហិង្សា​នោះ​ នឹង​មិន​អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​នៅ​ឋិតថេរ​បាន​យូរ​នោះទេ។​ លោក​អះអាង​ថា​ ការ​ស្លៀកពាក់​ពណ៌ខ្មៅ​របស់​ក្រុម​សកម្មជន​បឹងកក់​មិន​មែន​ជា​ចលនា​បដិវត្តន៍​ពណ៌​ ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​មួយ​ចំនួន​នោះឡើយ។​

«យើង​ត្រូវ​ឲ្យ​ដឹង​ថា​ ប្រទេស​ណា​ក៏​ដោយ​គឺ​អាស្រ័យ​ទៅលើ​ប្រជាជន​ ​បើកាល​ណា​ប្រជាជន​ ស្រឡាញ់​គឺ​រដ្ឋាភិបាល​ហ្នឹង​អាច​នៅ​បាន​យូរ។ ​ប៉ុន្តែ​បើ​ប្រជាជន​មិន​ស្រឡាញ់​ទេ​ រដ្ឋាភិបាល​ ហ្នឹង​មិន​អាច​នៅ​បាន​យូរ​ទេ។​ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ​លោក​ហ៊ុន សែន​ គួរតែ​មើល ​គួរ​តែ​មើលផង​ដែរ​ តើ​ប្រជាជន​ខ្មែរ​ហ្នឹង​ តើ​ឥឡូវ​វា​យ៉ាង​ម៉េច?»​

រី​ឯ​លោក​អៀ គឹមស្រង​ ពលរដ្ឋខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ បាន​ហៅ​ចលនា​យុទ្ធនាការ​ស្លៀក​ពាក់​ខោអាវ​ខ្មៅ​នេះ​ថា​ ជា​បដិវត្តន៍​នៃ​ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​ មិនមែន​ចលនា​បដិវត្តន៍​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។​

«ពាក្យ​ថា​ បដិវត្តន៍​ ​ពាក្យ​សម្តី​តែងតែ​មាន​ហើយ​ ក៏​ប៉ុន្តែ​បើយោង​នៅ​ក្នុង​បដិវត្តន៍​សម្រាប់​ធ្វើ​សង្គ្រាម​ ប្តូរផ្លាស់​នៅ​ក្នុង​របប​អីមួយ​ វា​មិន​អាច​ទៅ​រួច​ទេ។​ ក៏​ប៉ុន្តែ​អានេះ​គ្រាន់តែ​ជា​មូលហេតុ​នៃ​ការ​ចោទ​ប្រកាន់។ ​ចង់​ចោទ​ប្រកាន់​ដាក់​កំហុស​លើ​គេ​ ចេះ​តែ​ចោទ​ទៅ។​ តែ​វាមិន​អាច​ទៅ​ជា​បដិវត្តន៍​ប្តូរ​ផ្លាស់​ ធ្វើ​សកម្មភាព​ ​ដូចជា​រដ្ឋ​ប្រហារ​ ដូចជា​ស្អីៗ​ វា​មិន​អាច​ទៅ​រួច​ទេ»។​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ កាលពី​ថ្ងៃ​ច័ន្ទ​ ទី​១៥​ ខែ​សីហា​ បាន​ចាប់ខ្លួន​សកម្មជន​ដីធ្លី​យ៉ាង​ហោច​ណាស់​ប្រាំ​មួយ​នាក់​ តែមាន​មនុស្ស​៤នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។​ លោកស្រី​ ទេព វន្នី​ និង​អ្នកស្រី​បូវ សោភា​ ស្ថិត​ក្នុង​ចំណោម​អ្នកដែល​ត្រូវ​ឃាត់​ខ្លួន​ទាំងអស់​នោះ។​ ស្រ្តី​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ទៀត​គឺ​នាង​ម៉ាហ្គា ប៊ូហូសា​ សេហ្គាដូ​ (Marga Bujosa Segado)​ ដែល​ចូលរួម​ឃ្លាំ​មើល​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ ក៏ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ រួច​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ភ្លាមៗ​កាល​ពី​សប្តាហ៍​មុន​ផង​ដែរ។​

អ្នកស្រី​ បូវ សោភា សកមុ្មជន​សហគមន៍​បឹងកក់តុលាការ​បញ្ចួនទៅ​ឃុំ​ខ្លួន​ក្រោយ​ពេល​សាកសួរ​ដោយសាលាដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។

​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​និង​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ចំនួន​៦០​ ​កាលពី​សប្តាហ៍​មុន​ បាន​ស្នើ​សុំ​ឲ្យ​ទម្លាក់​បទចោទ​ប្រកាន់​ និង​ដោះ​លែង​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​តំបន់​បឹងកក់​ចំនួន​ពីរ​រូប​គឺ​លោក​ស្រី​ ទេព​ វន្នី ​និង​អ្នកស្រី​បូវ សោភា​ នៅ​ក្នុង​សំណុំ​រឿង​ការ​ធ្វើ​«យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ តាម​បែប​អហិង្សា​ហើយ​ដែល​រដ្ឋាភិបាល​យល់​ថា​ ជា​ចលនា​នៃ​ការ​ធ្វើ​បដិវត្តន៍។​

នៅ​មុន​ការ​ចាប់​ឃុំ​ខ្លួន​ លោក​ស្រី​ទេព​ វន្នី​ បាន​ប្រាប់​ VOA​ កាល​ពីថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មាន​គោល​បំណង​ទាមទារ​រក​យុត្តិធម៌​ដល់​ការ​ដាក់​ឃុំឃាំង​មនុស្ស​ប្រាំរូប​ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ និង​រក​យុត្តិធម៌​សម្រាប់​លោក​កែម ឡី​ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​កណ្តាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា។​

យុទ្ធនាការ​នេះ​ក៏​មាន​គោល​បំណង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ការ​ធ្វើ​បដិវត្តន៍​ពណ៌​មិន​មែន​ជា​គោល​បំណង​នៃ​ការ​ធ្វើ​យុទ្ធនា​ការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ​ទេ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​បន្ត​ស្លៀកពាក់​ខោអាវ​ខ្មៅ​ដដែល​នៅថ្ងៃ​ច័ន្ទ​នេះ។​ តែពួក​គេ​មិន​បាន​ចេញ​មក​ប្រមូល​ផ្តុំគ្នា​ក្នុង​ទី​សាធារណៈ​ណា​មួយ​នោះ​ឡើយ៕