តុលាការ​ចាប់ផ្តើម​បើក​សវនាការ​លើ​សំណុំរឿង​របស់​ជនជាប់​ចោទ​៣៧នាក់​ដែល​ជំទាស់​នឹង​គម្រោង CLV

រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ចៅ​ក្រម​ជំនុំជម្រះ​នៃតុលាការ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃអង្គារ​ បាន​សម្រេចបំបែក​សំណុំរឿងព្រហ្ម​ទណ្ឌ​មួយ​ទៅ​ជា​ ៥ ផ្សេង​គ្នា​ ​ដែល​បានចោទ​បុគ្គល ​៣៧​ នាក់​ពីបទ ​«ញុះញង់» ពាក់ព័ន្ធ​នឹង​ការ​និយាយរិះគន់អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​រវាង​រដ្ឋាភិបាល​កម្ពុជា​-ឡាវ​-វៀតណាម ឬហៅថា CLV-DTA តាម​បណ្តាញ​សង្គម ​កាលពីខែ​កក្កដា ​ឆ្នាំ​ ២០២៤​។ ការ​សម្រេច​របស់​ចៅក្រម​ធ្វើ​ឡើង​ទៅ​តាម​ស្នើសុំ​របស់​តំណាង​អយ្យការ​។

ជន​ជាប់​ចោទ​ទាំង ៣៧​ នាក់ ​ដែល​ស្ថិត​ក្នុង​សំណុំរឿងព្រហ្ម​ទណ្ឌ​នេះ​ រួម​មាន​សកម្មជនផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ២៣ ​តុលា ឆ្នាំ​១៩៩១​ គឺលោក ​ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក ​ចក់ ​ប៊ាន​មុន្នី និង​លោក ​សាន សិទ្ធ ​និងពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជាលោក ធែល ធី​លែន ​អ្នកស្រី​ សែម សុផល លោក ជិន ប៊ុណ្ណា​រ័ត្ន ​និង​លោក​ ហៃ វណ្ណនិត ​ជាដើម​។​

នៅ​ក្នុងសាល​សវនា​ការ ​កាលពី​ព្រឹកថ្ងៃ​អង្គារ​ ចៅ​ក្រម​ជំនុំ​ជម្រះបាន​ផ្តល់​ឱកាស​ឲ្យមេធាវី​ការពារក្តី​និង​តំណាង​អយ្យការ​ជជែក​ដេញ​ដោល​អំពី​ការ​ស្នើសុំបំបែកសំណុំ​រឿងព្រហ្ម​ទណ្ឌ​មួយ​ទៅ​ជា​ ៥ ផ្សេង​គ្នា​នោះ​ ​ដោយ​មេធាវី​ការពារ​ក្តី​បាន​ជំទាស់​នឹង​ការ​ស្នើ​សុំ​បំបែក​សំណុំរឿង​ដោយ​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​អាចប៉ះពាល់​សិទ្ធិ​កូនក្តី​របស់ខ្លួន។ ក្រុម​មេធាវីការពារក្តីក៏បាន​លើក​ឡើងថា ​ពួកគេ​មិន​ទទួល​បាន​ព័ត៌​មាន​ជាក់​លាក់អ្វី​ទាល់តែ​សោះជុំវិញ​ការស្នើ​សុំ​នេះ ​ហើយ​ទើបតែ​ដឹង​នៅ​ក្នុង​ពេល​បើកសវនាការ​។​

សវនាការ​ដែលមាន​រយៈពេល​ជាង ​២ ​ម៉ោង​ បានប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​វត្តមាន​របស់​ជនជាប់​ចោទនោះទេ​ ដោយចៅ​ក្រម​បាន​ពន្យល់​ថា ​សវនាការ​ជជែក​ដេញ​ដោល​លើ​ការ​ស្នើ​ឲ្យ​មាន​ការ​បំបែក​សំណុំ​រឿង​យ៉ាង​ដូច្នេះ​ មិន​ចាំបាច់​មាន​វត្ត​មាន​របស់​ជន​ជាប់​ចោទ​ឡើយ។

បន្ទាប់ពី​ការ​បិទ​បញ្ចប់សវនាការ លោក ជូង ជូងី ​មេធាវី​ការពារ​ក្តីឲ្យ​លោក ជិន ប៊ុណ្ណា​រ័ត្ន ​ប្រាប់អ្នក​សារព័ត៌មាន​នៅខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញថា​ ការ​បំបែក​សំណុំ​រឿង​នេះ​មិន​គួរ​កើត​មាន​នោះ​ទេ។ ​លោកបានលើក​ហេតុ​ផល​ថា​ សំណុំ​រឿង​នេះផ្តើម​ចេញ​ពីអង្គហេតុ​តែមួយ​ ដែលពាក់ព័ន្ធ​នឹង​ការ​ឡាយ (Live) ​វីដេអូរបស់​លោក ស៊្រុន ស្រ៊ន ​និយាយ​អំពី​គុណ​សម្បត្តិនិង​គុណវិបត្តិ​នៃ​ការ​ដាក់​ខេត្ត​ចំនួន​ ៤ ​របស់កម្ពុជា​ ដើម្បី​អភិវឌ្ឍ​រួមគ្នាជាមួយ​វៀតណាម ​ឡាវ ដែល​ហៅថា​ CLV​ -DTA ​នោះ។ ​

​លោក ជូង ជូងី ថ្លែងថា៖ ​«​រឿង​ក្តីនេះ​គឺ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ គឺ​ករណី​ដែល​លោក ស៊្រុន ស្រ៊ន ​បាន​ឡាយ​វីដេអូ​ និយាយ​អំពី​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​នៃ​ការ​ដាក់ ​៤ ​ខេត្ត​[របស់កម្ពុជា​]​អភិវឌ្ឍជាមួយ​វៀត​ណាម ​ឡាវ​ អ៊ីចឹង​ជា​អង្គ​ហេតុ​តែមួយ ​ដែល​មាន​ជន​ត្រូវ​ចោទ​ ៣៧ ​រូប។​ អ៊ីចឹង​ជន​ត្រូវ​ចោទ ​៣៧ ​រូបច្រើ​នមែន ​ប៉ុន្តែ​វា​អង្គ​ហេតុ​តែមួយ​។ ​ហើយ​រឿង​មួយ​ទៀត ​គឺ​ខ្ញុំជាមេធាវី​សង្កេត​ឃើញថា ​រឿងនេះអត់​ស្មុគ​ស្មាញ​ពេកទេ​។ អ៊ីចឹងការ​ដែល​បំបែកសំណុំ​រឿង​អាច​ធ្វើ​ឲ្យពន្យារ​ពេល​វែងទៅ​ទៀត»។

លោកមេធាវី ជូង ជូងី ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នៅខាងមុខតុលាការក្រុងភ្នំពេញ កាលពីថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោកមេធាវី ស៊ឺន ជុំជួន ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នៅខាងមុខតុលាការក្រុងភ្នំពេញ កាលពីថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ទោះជា​យ៉ាងណាក្តី​ ​ក៏​លោកមេធាវី​រូបនេះ​ថ្លែងថា​ ក្រុម​មេធាវី​ការពារ​ក្តី​នឹង​ពិនិត្យ​មើល​សាល​ក្រម​បន្ថែមទៀត ដើម្បី​សម្រេច​ថាតើការបំបែក​សំណុំ​រឿង​បែប​នេះ​មាន​ប្រយោជន៍ ​ឬ​ប៉ះពាល់​សិទ្ធិ​កូនក្តីរបស់​លោក​បែប​ណា​នោះ​។

លោក ជូង​ ជូងី ​ប្រាប់​អ្នកកាសែត​ថា៖ «ទាល់​តែ​យើង​បាន​សាលក្រម​មក យើង​ពិចារណា​ពីលក្ខ​ណៈ​នៃ​ការ​បំបែកហ្នឹង​ ទើប​យើង​អាច​ក្តាប់​បាន​ថា តើវា​មាន​ប្រយោជន៍​ដល់​ការ​រកយុត្តិធម៌​ដល់​កូនក្តី​យើង​ដែរឬទេ? បើវា​មាន​ប្រយោជន៍​ក្នុងការ​រក​យុត្តិធម៌​ដល់កូនក្តី​យើង គឺយើង​ទទួលយក។​ ប៉ុន្តែបើសិន​ជា​មិន​មាន​ ឬប៉ះពាល់ដល់សិទ្ធិ​របស់​កូនក្តី​យើង​ [គឺ]​យើងហ្នឹង​ពន្យល់​កូនក្តី​យើង​អំពី​ផល​ប៉ះពាល់​ហ្នឹង​ ហើយ​ក្នុង​ការ​តវ៉ា ​ឬមិនតវ៉ា​យ៉ាងណា​ គឺ​ជាសិទ្ធិរបស់​កូនក្តី​យើង​»។

ក៏ប៉ុន្តែ ​លោក សេង ហៀង ​តំណាង​អយ្យការ​នៃសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​ បាន​អះអាង​ក្នុង​សាល​សវនាការ​ថា​ ការ​ស្នើសុំ​បំបែកសំណុំ​រឿង​ គឺ​ដោយសារ​សំណុំ​រឿង​នោះ​មាន​ជនជាប់​ចោទ​ច្រើន​នាក់​ ​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ក្នុងការ​ពិនិត្យ​អង្គ​ហេតុ​ និង​ភស្តុ​តាង ​និងដើម្បីធ្វើឲ្យ​ការ​ជំនុំ​ជម្រះ​មាន​ប្រសិទ្ធ​ភាព​។

ការ​លើក​ឡើង​របស់​តំណាង​អយ្យការ​បែបនេះ​រង​ការ​ជំទាស់ពី​ក្រុម​មេធាវី​ការពារ​ក្តី​ ដោយ​ក្នុងនោះក្រុម​មេធាវី​ជន​ជាប់​ចោទបាន​ស្នើ​សុំ​ចៅក្រមមិន​ឲ្យ​បំបែកសំណុំ​រឿង​ផ្សេងគ្នា ដោយពួក​គេ​អះអាង​ថា ​សំណុំ​រឿង​ដែល​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​»​ ​នេះ គឺ​ពាក់​ព័ន្ធ​អង្គ​ហេតុ​តែ​មួយ ​ដែល​និយាយ​អំពី​គម្រោង ​CLV​ និង​មិន​មាន​ភាព​ស្មុគស្មាញ​អ្វី​ដល់​ដំណើរ​ការ​សួរ​ដេញ​ដោល ​និង​នីតិវិធី​តុលាការ​នោះ​ទេ។​

មេធាវី​ទាំង​នោះបាន​ស្នើ​សុំ​ចៅក្រមឲ្យ​បែង​ចែក​កាល​វិភាគ​សវនាការ​ជាក់​លាក់ ​ជា​ជាង​ការ​បំបែក​សំណុំ​រឿង ​ដែល​អាច​ប៉ះពាល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ត្រឹម​ត្រូវ​ទៅតាម​នីតិវិធី​ច្បាប់​។

យ៉ាងណាមិញ ​ចៅក្រម​ជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ​ញឹម ពិសាល ​បាន​សម្រេច​បំបែក​សំណុំរឿង​ចំនួន​ ៥ ផ្សេងគ្នា​ ទៅ​តាម​ការ​ស្នើ​របស់​ភាគី​អយ្យការ​។

លោក ស៊ឺន ជុំជួន មេធាវី​ការពារ​ក្តីរបស់​សកម្ម​ជន ​២៣ ​តុលា ​ដែល​រួមមានលោក ​ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក ​ចក់ ប៊ាន​មុន្នី ​លោក ​សាន សិទ្ធ និង​អ្នកស្រី ​សែម សុផល​ ជាដើម​ ​ប្រាប់​អ្នកសារព័ត៌​មាន​ក្រៅ​របង​តុលា​ការ​ក្រុង​ភ្នំពេញ​នៅថ្ងៃ​អង្គារ​ថា ​ក្រុម​មេធាវី​នឹង​ពិចារណា​ប្តឹង​ទាស់​នឹង​ការ​សម្រេចរបស់​ចៅក្រម​ជំនុំជម្រះ ក្នុង​ករណី​ដែល​រក​ឃើញ​ថា​ ការ​បំបែក​សំណុំរឿង​នេះប៉ះពាល់​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​របស់​កូនក្តី​។​

លោក ស៊ឺន ជុំជួន ​ថ្លែង​ថា៖ ​«ក្នុង​ករណី​នេះ​ បើ​យើង​ដើរ​ទៅ​តាម​និតិវិធី ​វា​ជា​រឿង​មួយ​ល្អ ប៉ុន្តែ​កាល​ណា​នីតិវិធី​យើង​ដើរ​កាន់​តែ​វែង​អន្លាយទៅ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិរបស់​ជន​ជាប់​ចោទ​ដែល​កំពុង​ស្ថិត​នៅក្នុង​ការ​ឃុំឃាំង។ ​អ៊ីចឹង​យើង​ខ្ញុំក្នុង​នាមជា​មេធាវីនិង​សហមេធាវី ​យើងនឹងពិចារណា​ថា​តើយើង​គួរ​ដាក់​បណ្ដឹង​ទៅ​ឧទ្ធរណ៍ ​ដើម្បី​ជំទាស់​ទៅ​នឹង​សាលក្រម​មិន​អស់​សេចក្តី​ព្រឹក​មិញ​នេះ​ឬ​យ៉ាងណា? យើង​នឹង​ពិចារណា​ ពីព្រោះ​ដូច​ខ្ញុំ​បាន​កត់សម្គាល់​ ​វា​បាន​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ជនជាប់​ចោទ​»។

បើតាមលោក ស៊ឺន ជុំជួន ការ​មិន​នាំ​យក​កូនក្តី​របស់​លោក​មក​កាន់​សវនាការ គឺប៉ះពាល់​សិទ្ធិ​ដឹង​ឮ​របស់កូនក្តី​របស់​លោក​ផងដែរ​។ លោកសង្ឃឹម​ថា ​តុលាការ​នឹង​ដំណើរ​ការ​នីតិវិធី​ជំនុំ​ជម្រះ​តាម​កាល​កំណត់ ​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​នៃ​ការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ​កូនក្តី។

ភរិយា​របស់​លោក ស្រ៊ុន ស្រ៊ន គឺ​អ្នកស្រី ​ស៊ឹម សុភីណា ដែលបាន​មក​តាម​ដាន​សវនាការ ងឿងឆ្ងល់​ជុំវិញ​ការ​បំបែក​សំណុំ​រឿង​នេះ​។

អ្នកស្រី​ថ្លែង​បន្ថែមថា៖ ​«គ្រាន់តែ​សំណូមពរ​ថា ​តុលាការ​គួរពិចារណា​នូវ​អំពើល្អ​របស់​គ្រួសារខ្ញុំ»​។

កាល​ពី​កន្លង​ទៅ ​ប្រជាពល​រដ្ឋ​បាន​នាំ​គ្នា​ជជែក​ផុស​ផុល​អំពី​បញ្ហា ​CLV-DTA ​តាម​បណ្តាញ​សង្គម​នានា រួមមាន​ទាំង​ហ្វេសប៊ុក ​Tiktok និង​តេឡេក្រាម​ ​ដោយ​ទាមទារឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដកខ្លួន​ចេញ​ពី​គម្រោង​នេះ ​ព្រោះពួក​គេ​ព្រួយបារម្ភ​ខ្លាចបាត់បង់​ទឹកដី​កម្ពុជា​ទៅឲ្យ​ប្រទេស​វៀតណាម​។​ ពាក់​ព័ន្ធ​បញ្ហា​នេះ ​អាជ្ញាធរ​កម្ពុជាបាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់​ជាបន្ត​បន្ទាប់​ និង​បាន​ចោទ​ប្រកាន់ពួកគេពីបទ ​«ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​។​

ដោយឡែក មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​លោក​ យី សុខ​សាន្ត​ ​ថ្លែងថា ​ប្រទេស​កម្ពុជាគឺជា​ប្រទេស​ប្រកាន់លទ្ធិ​ប្រជាធិប​តេយ្យ​ ដូច្នេះរដ្ឋាភិបាល​គួរ​តែ​ផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិអំពីបញ្ហា CLV ដោយ​មិនគួរ​ចោទ​ប្រកាន់ពី​បទ ​«ញុះញង់​»​ នោះ​ទេ​៕ ​