តុលាការក្រុងភ្នំពេញបានផ្តន្ទាទោសជនបរទេសពីរនាក់ពីបទ «រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ឱ្យជាប់ក្នុងពន្ធនាគារ ៣ឆ្នាំ ៦ខែ ហើយពួកគេទាំងពីរនឹងមិនត្រូវបានអនុញ្ញាតឱ្យចូល និងមកស្នាក់នៅប្រទេសកម្ពុជាទេ បន្ទាប់ពីពួកគេបានបញ្ចប់ការអនុវត្តទោសក្នុងពន្ធនាគារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ។
ជនជាប់ចោទទាំងពីរនាក់ រួមមានឈ្មោះហ័ង ហាវយាន (Huang Hao Yuan) ភេទប្រុស អាយុ ៣៦ ឆ្នាំ និង ហ៊ី យ៉ុងសិន (He Young Sheng) ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០២៣ នៅពេលពួកគេប្រព្រឹត្តបទល្មើសនៅតាមបណ្តោយផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាទីក្រុងភ្នំពេញ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានបញ្ជាក់ប្រាប់វីអូអេឱ្យដឹងថា តុលាការក្រុងភ្នំពេញពិតជាបានប្រកាសផ្តន្ទាទោសជនបរទេសទាំងពីរនាក់ ដែលសមត្ថកិច្ចកម្ពុជាបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ លោកបដិសេធមិនផ្តល់សេចក្តីលម្អិតលើសំណុំរឿងនេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង ប្រាប់វីអូអេថា ការផ្តន្ទាទោសជនល្មើសក្នុងករណីគ្រឿងញៀននេះនៅមានកម្រិតស្រាលនៅឡើយ ទើបធ្វើឱ្យជនល្មើសអាចនៅមានឱកាសប្រព្រឹត្តសកម្មភាពឧក្រិដ្ឋបន្តទៀត។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំថា បើសិនជាច្បាប់យើងដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរបន្តិចប្រហែលជាអាចនឹងរាងចាលខ្លះ»។
លោកបានបន្ថែមថា អាជ្ញាធរប្រទេសកម្ពុជាគួរតែស្វែងរកមេខ្លោងនៅពីក្រោយ និងសហការជាមួយអន្ដរជាតិក្នុងការកំណត់មុខសញ្ញាក្រុមជួញដូរគឿងញៀន ហើយហាមឃាត់មិនឱ្យចូលកម្ពុជា។
កាលពីឆ្នាំ ២០២៣ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ៨.០០០ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រមាណ ២ ម៉ឺននាក់ ដែលមានគ្រឿងញៀនសរុបជិត ៣ តោន និងរឹបអូសសារធាតុគីមីផ្សំបានចំនួនប្រមាណ ១តោនកន្លះ និងដកហូតមធ្យោបាយ និងសម្ភារៈ ដែលជាវត្ថុតាងមួយចំនួនទៀត។ នេះបើតាមប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន ដែលបានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤។
បើតាមលោក នេត សាវឿន បើទោះបីជាអាជ្ញាធរកម្ពុជាបង្កើនការបង្ក្រាប និងទប់ស្កាត់ជាប្រចាំក្តី ក៏លំហូរគ្រឿងញៀន ចូលកម្ពុជានៅតែកើនឡើង ដោយសារតែទីតាំងភូមិសាស្ត្រកម្ពុជាជាប់ព្រំដែនត្រីកោណមាស បូករួមនិន្នាការសកលលោក និងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនមានលក្ខណៈស្មុគស្មាញ និងកង្វះឧបករណ៍បច្ចេកទេសឆែកឆេរជាដើម។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃលោក មាស វិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា នៅលើពិភពលោកមិនមានសញ្ញាថមថយនៃបទល្មើសគ្រឿងញៀនទេ។ លោកបន្តថា ការជួញដូរគ្រឿងញៀននៅកម្ពុជាមានភាពថមថយបន្តិច បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត។
លោកថ្លែងថា៖ «ប្រទេសណាក៏ដូចប្រទេសណាដែរគ្រាន់តែថា យើងនៅធូរស្រាលជាងគេខ្លះ។ អ៊ីចឹងនៅប្រទេសដែលមានទីផ្សារគ្រឿងញៀនច្រើន ការជោរជន់នៃការចរាចរគ្រឿងញៀនក៏ជន់ទៅតាមហ្នឹង។ មានអ្នកប្រើបានមានអ្នកជួញដូរ»។
បើតាមលោក មាស វិរិទ្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីពេលថ្មីៗនេះ បានដាក់ដំណើរការកម្មវិធីទូរស័ព្ទដៃ NoDrug ដែលមានគោលបំណងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋអាចរាយការណ៍អំពីករណីប្រើប្រាស់គ្រឿងញៀន ការជួញដូរ និងករណីផ្សេងៗទៀត ដែលទាក់ទងនឹងបញ្ហាគ្រឿងញៀន ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន៕