វាមិនមែនជាដំណោះស្រាយល្អឥតខ្ចោះសម្រាប់រដ្ឋាភិបាលដែលមិនគ្រប់លក្ខណៈ។ ប៉ុន្តែវាជាវិធីមួយដើម្បីឲ្យដឹងពីអ្វីដែលកើតឡើងនៅពេលដែលអ្នកបានបង្រៀនអ្នកបោះឆ្នោតអំពីអ្វីដែលមន្ត្រីជាប់ឆ្នោតរបស់ពួកគេគួរតែត្រូវធ្វើ។
បើយោងទៅតាមការស្រាវជ្រាវថ្មីមួយ អ្នកនយោបាយអាចរួចខ្លួននៅពេលបំពេញការងារមិនបានល្អនៅក្នុងលទ្ធិប្រជាធិបតេយ្យដែលកំពុងអភិវឌ្ឍន៍ដូចជានៅក្នុងប្រទេសម៉ាលីពីព្រោះអ្នកបោះឆ្នោតមិនដឹងថា នឹងរំពឹងចង់បានអ្វីពីអ្នកនយោបាយនោះទេ។ វគ្គសិក្សាអប់រំនេះបានរកឃើញថាការអប់រំពលរដ្ឋអាចនាំឲ្យអ្នកបោះឆ្នោតទាមទារកាន់តែខ្ពស់ ទោះបីការបង្រៀននោះមានការចំណាយច្រើនទាំងពេលវេលានិងថវិកា។
ប្រជាធិបតេយ្យនៅក្នុងសង្គមដែលមានជីវភាពខ្វះខាត
ប្រទេសម៉ាលីទទួលការដាក់ពិន្ទុស្ទើរតែក្នុងកម្រិតទាបបំផុតនៃសន្ទស្សន៍ការអភិវឌ្ឍន៏មនុស្ស។ អត្រាភាពក្រីក្រមានកម្រិតខ្ពស់ ប៉ុន្តែអត្រាអក្ខរកម្មមានកម្រិតទាបខ្លាំង។
ប៉ុន្តែប្រទេសនេះត្រូវបានគេចាត់ទុកថាជាប្រទេសប្រជាធិបតេយ្យនៅ ពីរទសវត្សរ៍ចុងក្រោយនេះ។ អង្គការឃ្លាំមើលស្ថានការណ៍មួយឈ្មោះ Freedom House បានផ្តល់ពិន្ទុខ្ពស់ឲ្យប្រទេសនេះ រហូតពេលមានរដ្ឋប្រហារមួយនៅក្នុងឆ្នាំ ២០១២។
លោកស្រីសាស្រ្តាចារ្យ Jessica Gottieb នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ Texas A&M ឆ្ងល់ថាតើលទ្ធិប្រជាធិបតេយ្យបានកំពុងដំណើរការល្អប៉ុណ្ណានៅទីជនបទនៃប្រទេសម៉ាលីជាកន្លែងដែលមនុស្សភាគច្រើនជាកសិករចិញ្ចឹមជីវិតត្រឹមតែមួយរស់មានមធ្យោបាយតិចតួចដើម្បីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ។
លោកស្រីបានសួរថា៖ «តើប្រជាជនដឹងអំពីអ្វីដែលរដ្ឋាភិបាលរបស់ពួកគេកំពុងធ្វើដែរឬទេ?»។ «តើពួកគេអាចដើរតួនាទីជាពលរដ្ឋក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ ដែលដាក់ទណ្ឌកម្មមេដឹកនាំរបស់ពួកគេចំពោះឥរិយាបទអាក្រក់ដែរឬទេ?»។
រដ្ឋាភិបាលបានធ្វើវិមជ្ឈការ (ផ្ទេរអំណាចមួយចំនួនទៅថ្នាក់ក្រោម) នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយដាក់មន្ត្រីក្នុងតំបន់ឲ្យទទួលខុសត្រូវទៅលើសេវាមូលដ្ឋានដូចជាការផ្គត់ផ្គង់ទឹក និងការថែទាំសុខភាពនិងថវិកាដើម្បីធ្វើការលើរឿងនេះ។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលបានដឹងពីកិច្ចការនេះ។ មន្ត្រីក្នុងតំបន់មិនមានរង្វាន់លើកទឹកចិត្តគ្រប់គ្រាន់ដើម្បីប្រាប់ដល់ពលរដ្ឋនោះទេ។
លោកស្រីបាននិយាយថា៖ «ប្រាកដណាស់ថាវាជាប្រយោជន៍របស់មន្ត្រីជាប់ឆ្នោតក្នុងតំបន់ក្នុងការរក្សាសេចក្តីរំពឺងរបស់ប្រជាពលរដ្ឋឲ្យនៅទាប ដូច្នេះពួកគេអាចបន្តជាប់ឆ្នោតដោយមិនបាច់ធ្វើអ្វីច្រើន »។
ដូច្នេះនៅក្នុងឆ្នាំ ២០១១ ខណៈពេលដែលអ្នកស្រីកំពុងធ្វើការជាមួយរដ្ឋាភិបាលម៉ាលីនិងក្រុមសង្គមស៊ីវិលក្នុងស្រុក អ្នកស្រីបានដាក់បញ្ចូលគ្នានូវវគ្គសិក្សាមួយដើម្បីបង្រៀនអ្នកភូមិនៅតាមជនបទនូវទំនួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងកម្រិតផ្សេងៗ។ ពួកគេបានប្រៀបធៀបថាតើរដ្ឋាភិបាលក្នុងស្រុកធ្វើការយ៉ាងដូចម្តេចខ្លះបើធៀបទៅនឹងរដ្ឋាភិបាលដទៃទៀតនៅក្នុងតំបន់។ ហើយពួកគេបានប្រាប់ប្រជាជនថារដ្ឋាភិបាលក្នុងតំបន់ទទួលបានកម្រៃប៉ុន្មានដើម្បីផ្តល់សេវាកម្ម។
លោកស្រីបាននិយាយថា តួលេខទាំងនោះបានធ្វើឲ្យប្រជាជនមានការភ្ញាក់ផ្អើល។ «ជាញឹកញាប់ពួកគេបានគិតថារដ្ឋាភិបាលក្នុងស្រុកមិនមានលុយដើម្បីចំណាយទៅលើរឿងទាំងនេះទេពីព្រោះពួកគេមិនឃើញមានលទ្ធផលច្រើនសោះ»។
តម្លៃសន្លឹកឆ្នោត
ប៉ុន្មានខែក្រោយមកក្រុមអ្នកស្រាវជ្រាវបានស្ទង់មតិប្រជាពលរដ្ឋនៅក្នុងភូមិដែលបានទទួលវគ្គសិក្សានិងប្រជាជនដែលមិនបានចូលរួមក្នុងវគ្គសិក្សា។ ពួកគេបានសួរសំណួរប្រជាពលរដ្ឋអំពីការបោះឆ្នោតប៉ាន់ស្មានមួយ។
បើទោះជាបីភាគបួននៃអ្នកភូមិបាននិយាយថាបេក្ខជនដែលនៅក្នុងតំណែងទាបមិនអាចទិញសំឡេងឆ្នោតរបស់ពួកគេ មួយភាគបួននៃប្រជាជនបង្ហាញថាសំឡេងឆ្នោតរបស់ពួកគេអាចទិញបាន។ ប៉ុន្តែតម្លៃនៃសន្លឹកឆ្នោតរបស់ពួកគេបានកើនឡើងពីប្រហែល៧ដុល្លារនៅក្នុងភូមិដែលមិនបានទទួលវគ្គសិក្សា ទៅដល់ប្រហែល៩ដុល្លារនៅក្នុងភូមិដែលបានទទួលវគ្គសិក្សា។
«សម្រាប់ប្រជាជនម៉ាលីជាងពាក់កណ្តាលរស់នៅតាមជនបទរស់នៅដោយពឹងផ្អែកលើចំណូលតិចជាងមួយដុល្លារក្នុងមួយថ្ងៃ នេះគឺជាចំនួនដ៏សំខាន់»។ លោកស្រី Gottlieb បានសរសេរនៅក្នុងការស្រាវជ្រាវមួយដែលបានចេញផ្សាយនៅក្នុងកាសែតអាមេរិកនៃវិទ្យាសាស្រ្តនយោបាយ (American Journal of Political Science)។ ((http://onlinelibrary.wiley.com/doi/10.1111/ajps.12186/abstract))
លោកស្រីក៏បានរកឃើញថា ប្រជាជនតវ៉ាជាមួយមន្ត្រីជាប់ឆ្នោតប្រហែល៥០ភាគរយច្រើនជាង នៅក្នុងសាលប្រជុំរបស់សាលាក្រុងនៅក្នុងភូមិទាំងនេះ ជាមធ្យមនៅក្នុងកិច្ចប្រជុំមួយមានការតវ៉ា ៤ដងនៅក្នុងភូមិដែលមិនមានវគ្គសិក្សា នឹង ៦ដងនៅក្នុងភូមិដែលមានវគ្គសិក្សា។
ពួកគេក៏បានរកឃើញថានៅក្នុងភូមិដែលបានទទួលបានការបណ្តុះបណ្តាល ប្រជាជន អាចនឹងជ្រើសរើសបេក្ខជនដែលចំណាយលើសេវាកម្មសាធារណៈជាងបេក្ខជនដែលចំណាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ហើយពួកគេហាក់ដូចជាចង់បោះឆ្នោតឲ្យបេក្ខជនដោយផ្អែកលើការបំពេញការងារជាជាងភាពជិតស្និទ្ធឬក៏ការតែងតាំងដោយប្រធាន។
វគ្គបណ្តុះបណ្តាលពលរដ្ឋមិនមែនដើម្បីបង្រៀនប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍អំពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលរបស់ពួកគេជាលើកដំបូងនោះទេ។លោក Abhijit Banerjee ដែលសិក្សាសេដ្ឋកិច្ចនៃភាពក្រីក្រនៅ Massachusetts Institute of Technology និយាយថាប៉ុន្តែ «ការសិក្សានេះផ្តល់អ្នកនូវភស្តុតាងដែលភាគច្រើនសុទ្ធតែមានប្រយោជន៍»។ គាត់មិនបានចូលរួមក្នុងការស្រាវជ្រាវនោះទេ។
តម្លាភាពតិចជាងមុន
លោកស្រី Gottlieb និយាយថាបញ្ហាមួយរបស់កម្មវិធីនេះគឺ វាអាចនឹងមានការលំបាកប្រសិនបើយើងចង់ដំណើរការក្នុងទ្រង់ទ្រាយធំ។ គ្រូបង្រៀនចំណាយពេលជាច្រើនថ្ងៃនៅក្នុងភូមិនីមួយៗ។ វាចំណាយអស់ច្រើនណាស់។
លោកស្រីបានបន្ថែមថា៖ «ខ្ញុំមិនដឹងថារដ្ឋាភិបាលមានប្រាក់លើកទឹកចិត្តដើម្បីធ្វើការងារនេះដោយខ្លួនឯងឬទេ។ ម្ចាស់ជំនួយអាចនឹងមាន។ ប៉ុន្តែវាតម្រូវឱ្យមានការជំរុញដ៏ខ្លាំងក្លាមួយ»។
ប៉ុន្តែមានបញ្ហាផ្សេងទៀតក្រៅពីនេះ។ នៅពេលដែលអ្នកបោះឆ្នោតទាមទារកាន់តែច្រើនអ្នកនយោបាយហាក់ដូចជាមិនសូវមានឆន្ទៈក្នុងការឆ្លើយតបជាមួយពួកគេ។ នៅក្នុងភូមិដែលមានការបង្រៀនវគ្គនេះ ថ្នាក់ដឹកនាំរៀបចំកិច្ចប្រជុំសាធារណៈតិចជាងមុនប៉ុន្មានខែបន្ទាប់ បើធៀបទៅនឹងភូមិដែលមិនមានការបណ្តុះបណ្តាល។
ហើយបេក្ខជនហាក់ដូចជាមិនសូវធ្វើយុទ្ធនាការផ្សព្វផ្សាយពីតម្លាភាព។
លោកស្រី Gottlieb និយាយថា «វាសមហេតុផលប្រសិនបើ (មន្ត្រីជាប់ឆ្នោត) ប្រព្រឹត្តមិនត្រឹមត្រូវ»។
លោក Banerjee ឃើញផលប៉ះពាល់ស្រដៀងគ្នានៅក្នុងការសិក្សានៅក្នុងប្រទេសឥណ្ឌា។ បន្ទាប់ពីយុទ្ធនាការប្រឆាំងអំពើពុករលួយមួយ «មនុស្រអាក្រក់មួយចំនួនមិនឈរឈ្មោះទៀតទេ។ ពួកគេបានដាក់ឈ្មោះកូនស្រី ឬក្មួយរបស់ពួកគេជំនួសវិញ ដូច្នេះយ៉ាងហោចណាស់ពួកគេមានមុខមាត់ថ្មី។ ពួកគេព្យាយាមបន្លំអ្នកបោះឆ្នោត»៕
ប្រែសម្រួលដោយ៖ ផន បុប្ផា