ប្រទេស៥ដែលបានបាត់បង់ពលរដ្ឋនៅក្នុងការធ្លាក់យន្តហោះអ៊ុយក្រែន កំពុងអំពាវនាវដល់អ៊ីរ៉ង់ឲ្យបើកការស៊ើបអង្កេតហើយនឹងផ្តល់សំណងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ។
ការទាមទារនេះ មានមកពីប្រទេសអ៊ុយក្រែន កាណាដា អាហ្វហ្គានីស្ថាន ស៊ុយអែតនិងចក្រភពអង់គ្លេស បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំងនោះ បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍នៅគណៈកម្មការជាន់ខ្ពស់កាណាដាក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។
អស់លោករដ្ឋមន្រ្តី បានអំពាវនាវឲ្យមាន«ការស៊ើបអង្កេតព្រហ្មទណ្ឌឯករាជ្យមួយក្នុងដំណើរការមានតម្លាភាពនិងតាមប្រព័ន្ធយុត្តិធម៌»។
យន្តហោះអាកាសចរណ៍អ៊ុយក្រែន បានត្រូវបាញ់ដោយទម្លាក់ដោយការភ័ន្តច្រឡំកាលពីថ្ងៃទី៨ ខែមករាដោយកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ ភ្លាមៗបន្ទាប់ពីហោះចេញពីចំណតយន្តហោះក្នុងរដ្ឋធានី តេហេរ៉ង់ ដោយបានសម្លាប់មនុស្សទាំងអស់១៧៦នាក់នៅលើយន្តហោះនោះ។
ក្នុងចំណោមជនរងគ្រោះទាំងនោះ មានជនជាតិកាណាដា៥៧នាក់ ១៧នាក់ទៀតមកពីប្រទេសស៊ុយអែដ ១១នាក់ជាជនជាតិអ៊ុយក្រែន ៤នាក់ជាជនជាតិអាហ្វហ្គានីស្ថាន ៤នាក់ជាជនជាតិអង់គ្លេសនិងពលរដ្ឋអ៊ីរ៉ង់។
កាលពីដំបូង អ៊ីរ៉ង់ បាននិយាយថា បញ្ហាបច្ចេកទេសបាននាំឲ្យយន្តហោះនោះធ្លាក់ ក៏ប៉ុន្តែ បានសារភាពប៉ុន្មានថ្ងៃក្រោយមកនៅពេលមានភស្តតាងដ៏ច្រើនថា ឆ្មាំការពារបដិវត្តន៍របស់បានបាញ់អាកាសចរណ៍នោះដោយភន្ត័ច្រឡំ។
យន្តហោះនោះ បានធ្លាក់នៅពេលមានការតានតឹងយ៉ាងខ្លាំងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកចំពោះការសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់៕