ការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋស្កុតលែន Scotland ចក្រភពអង់គ្លេស ដែលនឹងសម្រេចថា តើរដ្ឋនោះនឹងចាកចេញពីសហភាពដែលមានចំណាស់៣០៧ឆ្នាំនោះជាមួយអង់គ្លេស ហើយក្លាយជារដ្ឋឯករាជ្យមួយឬយ៉ាងណា។
ពលរដ្ឋនៅចក្រភពអង់គ្លេសនិងទូទាំងពិភពលោក កំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះ។
ការស្ទង់មតិមុនពេលការបោះឆ្នោតប្រជាមតិបានផ្តល់ពិន្ទុឲ្យភាគីប្រឆាំងឯករាជ្យនាំមុខបន្តិច។
លោកប្រធានាធិបតីបារាំង Francois Hollande បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលនៃការបោះឆ្នោតប្រជាមតិរដ្ឋ Scotland មិនមែនត្រឹមតែជាការសម្រេចសម្រាប់ចក្រភពអង់គ្លេសនោះទេ ក៏ប៉ុន្តែក៏សម្រាប់តំបន់អឺរ៉ុបទាំងមូលដែរ។
ភាគីដែលបោះឆ្នោតប្រឆាំងការផ្តាច់ខ្លួន បានជជែកឲ្យហេតុផលថា ការបោះឆ្នោតគាំទ្រការផ្តាច់ខ្លួននឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រដ្ឋ Scotland ហើយនឹងបង្អាក់ជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់រូប ប្រសិនបើសម្ព័ន្ធភាពជាមួយអង់គ្លេសដែលបានបង្កើតនៅឆ្នាំ១៧០៧ បែកបាក់នោះ៕