អ្នកស្រី Lili Bernard បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានក្រឡេកមើលទៅក្រុមគណៈវិនិច្ឆ័យរបស់តុលាការ ដែលក្នុងនោះមានបុរសស្បែកខ្មៅវ័យក្មេងមួយរូបដែលខ្ញុំចាត់ទុកប្រៀបដូចជាកូនប្រុសរបស់ខ្ញុំដូច្នេះដែរ ហើយខ្ញុំដឹងថា បុរសរូបនោះមានអារម្មណ៍ខកចិត្តប៉ុណ្ណានៅពេលដែលបុរសនោះក្រឡេកមើលទៅលោក Cosby ដែលជាបុរសស្បែកខ្មៅប្រៀបដូចជាឪពុកគំរូគួរឲ្យគោរពមួយរូបដូច្នេះដែរ ហើយបុរសវ័យក្មេងរូបនេះនៅតែអាចផ្ដល់ការសម្រេចចិត្តថាលោក Cosby មានកំហុសនោះ»។
អ្នកស្រី Gloria Allred ដែលជាមេធាវីតំណាងឲ្យអ្នកចោទប្រកាន់លោក Cosby ចំនួនជាង ៣០ នាក់ បាននិយាយថា ការសម្រេចរបស់តុលាការកាលពីថ្ងៃទី ២៦ ខែមេសាកន្លងទៅនេះ គឺជាជោគជ័យមួយសម្រាប់ស្ត្រីរងគ្រោះទាំងអស់ ដែលមិនអាចតតាំង និងបង្ហាញភស្តុតាងអំពីការបំពានផ្លូវភេទកាលពីអតីតកាលបាន។
អ្នកស្រី Gloria Allred ដែលជាមេធាវីការពារសិទ្ធិស្ត្រី បាននិយាយយ៉ាងដូច្នេះថា៖ «វាជាដំណើរដ៏វែងឆ្ងាយមួយ»។ ប៉ុន្តែ នេះគឺជាលទ្ធផល «ជាប្រវត្តិសាស្ត្ររបស់អ្នកស្រី» Andrea Constand។ នេះជារឿងរ៉ាវរបស់អ្នកស្រី Andrea Constand មិនមែនជារឿងរ៉ាវរបស់លោក Cosby ឬក៏មិនមែនជាប្រវត្តិសាស្ត្រនោះទេ។ វាជារឿងរ៉ាវនៃអ្នកដែលហ៊ានប្រឈមជាមួយនឹងបុរសល្បីឈ្មោះម្នាក់ ដែលមានទាំងទ្រព្យសម្បត្តិ និងអំណាច ហ៊ានប្រឈមនឹងការមាក់ងាយជាសាធារណៈ និងហ៊ានប្រឈមនឹងការប្ដឹងចំពោះអ្វីដែលពួកគេបាននិយាយ ដោយសារតែលោក Cosby មានលុយក្នុងការធ្វើដូច្នេះបាន»។
មេធាវីការពារក្ដីរបស់លោក Cosby បាននិយាយថា ទង្វើដែលលោក Cosby ធ្វើជាមួយនឹងស្ត្រីទាំងនោះគឺផ្អែកលើការព្រមព្រៀងគ្នា។
លោក Tom Mesereau មេធាវីការពារក្ដីរបស់លោក Cosby បាននិយាយថា៖ «យើងមានការខកចិត្តយ៉ាងខ្លាំងចំពោះសាលក្រមរបស់តុលាការ។ យើងគិតថា លោក Cosby គ្មានទោសណាមួយនោះទេ ហើយការតតាំងនេះមិនទាន់បញ្ចប់នោះទេ»។
ដោយឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Tom Mesereau បានបញ្ជាក់ថា លោកនឹងប្ដឹងបន្តទៅតុលាការឧទ្ធរណ៍បន្តទៀត។
ស្ត្រីមួយចំនួនផ្សេងទៀតបានចោទប្រកាន់ថា លោក Cosby បានឲ្យថ្នាំញៀនដល់ពួកគេ និងបានបំពានផ្លូវភេទលើពួកគេនៅពេលដែលពួកគេនៅវ័យជំទង់ ប៉ុន្តែ ករណីរបស់ពួកគេកើតឡើងយូរពេកដែលមិនអាចលើកយកមកដោះស្រាយនៅតុលាការបាន។ សវនាការដំបូងរបស់លោក Cosby ដែលបានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ ២០១៧ ក៏បានប្ដឹងដោយអ្នកស្រី Andrea Constand ផងដែរ ដែលកាលនោះសវនាការបានបិទបញ្ចប់ដោយចាត់ទុកសំណុំរឿងជាមោឃៈ។ លោក Cosby នឹងរង់ចាំការកាត់ទោសរូបលោកនៅថ្ងៃខាងមុខ ដែលនាពេលបច្ចុប្បន្ននេះ លោកត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំដោយមានប្រាក់ធានា៕
ប្រែសម្រួលដោយ ភី សុភាដា