នៅសប្តាហ៍ណាដែលកាក់កប នាង Nupchan អាចរកចំណូលបានរហូតដល់២៣០ ដុល្លារ ដែលនេះច្រើនជាងចំនួនប្រាក់ឈ្នួលអប្បបរមារហូតដល់ទៅបីដង ពីភ្ញៀវ ទេសចរដែលចេញចូលក្រុងឈៀងម៉ៃ។ ក្រុងឈៀងម៉ៃស្ថិតនៅតំបន់ជម្រាលភ្នំភាគខាងជើងប្រទេសថៃ ដែលល្បីឈ្មោះដោយសារប្រាង្គប្រាសាទពណ៌មាស និងជាកន្លែងសម្រាកលំហែកាយមួយ។
ជាអ្នកប្រកបរបររកស៊ីផ្លូវភេទម្នាក់ នាង Nupchan បំពេញតម្រូវការចំណង់ផ្លូវភេទរបស់ភ្ញៀវទេសចរទាំងនោះ។
ប៉ុន្តែចាប់តាំងពីរដ្ឋាភិបាលបានបិទសកម្មភាពសេដ្ឋកិច្ចទូទាំងប្រទេសកាលពីថ្ងៃទី១៨ ខែមីនាមក ដោយបានបញ្ឈប់ការធ្វើដំណើរតាមជើងអាកាសសម្រាប់ហេតុផលការងារ និងការធ្វើដំណើរតាមជើងអាកាសជាទូទៅចូលក្នុងប្រទេសថៃ នាង Nupchan បានបាត់បង់ភ្ញៀវ ហើយជីវភាពរបស់នាងក៏បានបាត់បង់ដូចគ្នាផងដែរ។ ស្របពេលដែលរង្គសាល ក្លឹបកម្សាន្ត និងកន្លែងម៉ាស្សាផ្សេងៗត្រូវបង្ខំឲ្យបិទទ្វារ ការរាតត្បាតជំងឺកូវីដ១៩ជាសាកលបានធ្វើឲ្យប៉ះពាល់ផ្នែកអាជីវកម្មមួយ ដែលមានទំហំដល់ទៅមួយពាន់លានដុល្លារ។
តំបន់កម្សាន្តក្រោមភ្លើងពណ៌នៅក្រុងបាងកក ក្រុងប៉ាតាយ៉ា និងកោះភូកេត ដែលពីមុនមកធ្លាប់មានទៅដោយតន្រ្តីរាំ និងភ្លើងចម្រុះពណ៌ បានក្លាយទៅជាទីស្ងាត់ជ្រងំ និងងងឹត។ ទោះបីជាមានភាពល្បីរន្ទឺក៏ដោយ ក៏វិស័យសេវាកម្មផ្លូវភេទនៅប្រទេសថៃមិនទាន់ត្រូវបានចាត់ទុកជាសកម្មភាពស្របច្បាប់នៅឡើយទេ ដែលការណ៍នេះបង្កការលំបាកក្នុងការវាស់វែងពីទំហំពិតប្រាកដនៃវិស័យមួយនេះ។
ការសិក្សាដោយរដ្ឋាភិបាលកាលពីឆ្នាំ២០០៣ បានប៉ាន់ស្មានតម្លៃវិស័យនេះក្នុងទំហំ ៤ ពាន់ ៣ រយ លានដុល្លារ។ នេះបើយោងទៅតាមអង្គការ Empower ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយគាំពារអ្នករកស៊ីផ្លូវភេទនៅប្រទេសថៃ។ ប៉ុន្តែអតីតអ្នកនយោបាយថៃ និងម្ចាស់ហាងម៉ាស្សាម្នាក់បានវាយតម្លៃតម្លៃទំហំនេះរហូតដល់ ៦ ពាន់ ៤ រយ លានដុល្លារនៅឆ្នាំ២០១២។ ហើយចំនួនមនុស្សធ្វើការនៅក្នុងវិស័យនេះត្រូវបានគេប៉ាន់ស្មានថាមានពីមួយសែនទៅបីសែននាក់។
អង្គការ Empower និងអង្គការដទៃទៀតនិយាយថា ឥឡូវនេះ អ្នករកស៊ីផ្លូវភេទមួយភាគធំកំពុងអត់ការងារធ្វើ ហើយពួកគេកំពុងតែប្រើប្រាស់លុយសន្សំ និងទ្រព្យសម្បត្តិដែលមាន។
នាង Nupchan ដែលផ្ដល់តែនាមខ្លួន ដោយសារតែការព្រួយបារម្ភពីការចាប់ខ្លួន បាននិយាយថា៖ «វាពិតជាធ្វើឲ្យតានតឹងអារម្មណ៍ខ្លាំងណាស់។ ខ្ញុំគិតច្រើនពីរឿងបន្ថយការចាយវាយ ការបង់ថ្លៃផ្សេងៗ និងការរកលុយ»។
នាងបានបន្តថា៖ «ខ្ញុំបានដាក់បញ្ចាំទ្រព្យទាំងអស់ដែលខ្ញុំមាន ទាំងចិញ្ចៀន ខ្សែក គ្រឿងអលង្ការ។ ខ្ញុំបានដាក់បញ្ចាំទាំងអស់»។
ដូចអ្នករកស៊ីផ្លូវភេទដទៃទៀតដែរ នាង Nupchan ក៏មានសមាជិកគ្រួសារដែលពឹងផ្អែកលើចំណូលរបស់នាងផងដែរ ដែលរួមមានបងប្រុសច្បងពីរនាក់ និងជីដូនម្នាក់។ អ្នករកស៊ីផ្លូវភេទមួយចំនួនទៀតក៏មានកូនក្នុងបន្ទុកផងដែរ។
អ្នកស្រី Liz Hilton នាយិកាអង្គការ Empower បាននិយាយថា អ្នករកស៊ីផ្លូវភេទ ដែលអាចវិលត្រឡប់ទៅស្រុកកំណើតវិញបាន បានត្រឡប់ទៅស្រុកកំណើតវិញ ហើយអ្នករកស៊ីផ្លូវភេទ ដែលគ្រួសារមានចម្ការ បានងាកមកធ្វើចម្ការវិញ ខណៈការបិទសកម្មភាពសេដ្ឋកិច្ចនៅតែបន្តធ្វើឡើង។ អ្នករកស៊ីផ្លូវភេទដទៃទៀតត្រូវបង្ខំចិត្តស្នាក់នៅមួយកន្លែង ដោយសារតែការរឹតត្បិតការធ្វើដំណើរ ឬការបិទព្រំដែន។
អ្នកស្រី Surang Janyam នាយិកាអង្គការ Service Workers in Group (SWING) ដែលជាអង្គការគាំពារអ្នករកស៊ីផ្លូវភេទមួយទៀត បាននិយាយថា ក្រុមការងាររបស់អ្នកស្រីបានរកឃើញថា មានអ្នករកស៊ីផ្លូវភេទប្រមាណ ២០នាក់ លែងមានលទ្ធភាពបង់ថ្លៃផ្ទះជួល ហើយត្រូវមករស់នៅតាមជើងភ្នំនៅជាយក្រុងប៉ាតាយ៉ា ដែលជាទីក្រុងជាបមាត់សមុទ្រមួយល្បីឈ្មោះសម្រាប់អ្នកទេសចរផ្លូវភេទ។
ជាមួយនឹងជម្រើសតិចជាងមុន អ្នករកស៊ីផ្លូវភេទមួយចំនួននៅតែបន្តទទួលភ្ញៀវ ដោយធ្វើឲ្យពួកគេប្រឈមនឹងការឆ្លងវីរុសកូរ៉ូណា និងការប៉ះពាល់សុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវងាកពីរង្គសាល និងក្លឹបកម្សាន្ត មកឈរតាមចិញ្ចើមផ្លូវ ឬផ្លូវកែង។
អ្នកស្រី Surang និយាយថា៖ «មនុស្សខ្លាចជំងឺកូវីដ១៩ ប៉ុន្តែតើពួកគេអាចធ្វើអ្វីទៅ ប្រសិនបើពួកគេមិនមានលុយ? ពួកគេនឹងត្រូវព្យាយាមរកការងារធ្វើហើយ»។
អ្នករកស៊ីផ្លូវភេទកាន់តែច្រើននឹងជ្រើសយកការផ្តល់សេវាកម្មផ្លូវភេទ ប្រសិនបើមានភ្ញៀវច្រើនជាងនេះ។ ប៉ុន្តែពួកគេនិយាយថា ភាពភ័យខ្លាចនឹងវីរុសកូរ៉ូណា និងវិធានការបិទសកម្មភាពសេដ្ឋកិច្ចបានប៉ះពាល់ដល់ចំនួនអ្នកផ្តល់សេវាកម្មផ្លូវភេទក៏ដូចជា ចំនួនភ្ញៀវ។
ដោយមិនត្រូវបានគេចាត់ទុកការងាររកស៊ីផ្លូវភេទថាជាការងារស្របច្បាប់ អ្នករកស៊ីផ្លូវភេទមិនមានសិទ្ធិទទួលបានប្រាក់ជំនួយឧបត្ថម្ភ ដែលរដ្ឋាភិបាលបានផ្តល់ឲ្យអ្នកបាត់បង់ការងារធ្វើ ដោយសារការបិទសកម្មភាពសេដ្ឋកិច្ចទេ ដែលការណ៍នេះបានធ្វើឲ្យកាន់តែលំបាកសម្រាប់អ្នករកស៊ីផ្លូវភេទ។
ការស្ទង់មតិទៅលើអ្នករកស៊ីផ្លូវភេទជិត ១០០ នាក់ បានរកឃើញថា មានតែអ្នករកស៊ីផ្លូវភេទ ២៣ នាក់ ប៉ុណ្ណោះ ដែលព្យាយាមដាក់ពាក្យសុំប្រាក់ជំនួយឧបត្ថម្ភប្រចាំខែ ហើយមានតែបួននាក់ប៉ុណ្ណោះដែលទទួលបានជោគជ័យ និងដោយសារតែបិទបាំងមុខរបរពិតប្រាកដរបស់ខ្លួនតែប៉ុណ្ណោះ។
អ្នកស្រី Hilton បាននិយាយថា អ្នករកស៊ីផ្លូវភេទ ដែលអង្គការ Empower បានទាក់ទងក្នុងអំឡុងពេលមានវិធានការបិទសកម្មភាពសេដ្ឋកិច្ច មានសំណាងជាងអ្នកដទៃ ដោយសារតែប្រហែលជាងពាក់កណ្តាលនៃពួកគេទទួលបានប្រាក់ជំនួយឧបត្ថម្ភ។ ទោះបីយ៉ាងណាក៏ដោយ អ្នករកស៊ីផ្លូវភេទទាំងនោះនៅតែលាក់បាំងមុខរបរពិតប្រាកដរបស់ពួកគេ និងប្រាប់តែការងារបន្ទាប់បន្សំប៉ុណ្ណោះ។
អ្នកស្រី Hilton បាននិយាយថា៖ «ការផ្តល់សេវាកម្មផ្លូវភេទអាចចំណាយពេលតែប្រាំនាទីប៉ុណ្ណោះ។ ប៉ុន្តែវាត្រូវការការរង់ចាំ ការបម្រើភេសជ្ជៈ ការរាំរែក និងការម៉ាស្សាជាដើម»។
អ្នកស្រីបានបន្តថា៖ «មានការងារច្រើនពាក់ព័ន្ធនឹងមុខរបរបម្រើសេវាកម្មផ្លូវភេទ គឺមិនមែនត្រឹមតែរួមភេទដើម្បីបានប្រាក់នោះទេ ដូច្នេះហើយពួកគេអាចដាក់ពាក្យសុំប្រាក់ឧបត្ថម្ភចំពោះការងារផ្សេងៗក្រៅពីការផ្តល់សេវាកម្មផ្លូវភេទ»។
ជនចំណាកស្រុក ជនជាតិដើម ឬជនដែលមិនមានប្រទេសកំណើតច្បាស់លាស់នៅក្នុងវិស័យសេវាកម្មផ្លូវភេទ ដែលត្រូវបានបដិសេធមិនផ្តល់ប្រាក់ឧបត្ថម្ភឲ្យដោយសារតែភាពមិនស្របច្បាប់របស់ពួកគេនៅក្នុងប្រទេសថៃ មិនអាចសូម្បីតែដាក់ស្នើសុំប្រាក់ជំនួយឧបត្ថម្ភសម្រាប់ការងារបន្ទាប់បន្សំដូចខាងលើនេះ។
ប៉ុន្តែទាំងអង្គការ SWING និងអង្គការ Empower ក៏បាននិយាយផងដែរថា វីរុសកូរ៉ូណាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យសេវាកម្មផ្លូវភេទនៅប្រទេសថៃជាងជំងឺអេដស៍ក្នុងទសវត្សរ៍ ១៩៨០ ទៅទៀត។ កាលពីគ្រានោះ មិនមានការបិទរង្គសាល ក្លឹបកម្សាន្ត និងកន្លែងម៉ាស្សា ដែលជាកន្លែងអ្នករកស៊ីផ្លូវភេទភាគច្រើនធ្វើការនោះទេ ហើយការប្រើប្រាស់ស្រោមអនាម័យរហូតមក បានកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអេដស៍ពីការរួមភេទ។
អ្នកស្រី Hilton បាននិយាយថា ឥឡូវនេះ «មិនច្បាស់ថា មានវិធីណាមួយក្នុងការរួមភេទដោយសុវត្ថិភាព ដោយមិនឲ្យឆ្លងជំងឺកូវីដ១៩ នោះទេ។ មិនថា ការរួមភេទដើម្បីប្រាក់ ឬក៏អត់ទេ» រហូតដល់ថា ទាល់តែវ៉ាក់សាំងត្រូវបានរកឃើញ [ទើបអាចធានាបាន]។
អ្នកស្រី Surang បាននិយាយថា នេះជាការធ្លាក់ចុះមួយនៅក្នុងវិស័យសេវាកម្មផ្លូវភេទ ដែលអ្នកស្រីមិនធ្លាប់ដែលបានឃើញពីមុនមក។
នាយិកាអង្គការ SWING រូបនេះបានបន្ថែមថា ក្នុងការមិនដាក់វិស័យសេវាកម្មផ្លូវភេទក្នុងផែនការជំនួយឧបត្ថម្ភរបស់ខ្លួន រដ្ឋាភិបាលថៃគួរតែគិតគូរឡើងវិញពីវិស័យនេះនៅពេលធ្វើផែនការជំរុញសេដ្ឋកិច្ចឡើងវិញ។ អ្នកស្រី Hilton បានលើកឡើងដូចនេះក្នុងអំឡុងពេលវេទិកាពិភាក្សាមួយតាមប្រព័ន្ធអ៊ីនធឺណិតពាក់ព័ន្ធនឹងសេវាកម្មផ្លូវភេទនៅប្រទេសថៃ ដែលរៀបចំឡើងដោយក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៅប្រទេសថៃ (Foreign Correspondents Club of Thailand)។
លោក Chalidaporn សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃ បាននិយាយថា៖ «ប្រសិនបើប្រទេសថៃនៅតែបន្តពឹងផ្អែកលើវិស័យសេវាកម្មផ្លូវភេទសម្រាប់ប្រាក់ចំណូល រដ្ឋាភិបាលថៃត្រូវគិតឲ្យបានច្បាស់ពីការការពារអ្នកធ្វើការនៅក្នុងវិស័យនេះ ដើម្បីអាចរកចំណូលបាន»។
ជាមួយនឹងករណីឆ្លងវីរុសកូរ៉ូណាថ្មីបានថយចុះក្រោម១០ រដ្ឋាភិបាលថៃចាប់ផ្តើមអនុញ្ញាតឲ្យភោជនីយដ្ឋាន ហាងកាត់សក់ និងអាជីវកម្មមួយចំនួនដំណើរការឡើងវិញនៅខែមិថុនានេះ។ កាលពីថ្ងៃទី២៨ ខែឧសភា រដ្ឋាភិបាលថៃបានប្រកាសថា ខ្លួននឹងលុបចោលការបិទសកម្មភាពសេដ្ឋកិច្ចទាំងស្រុងនៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ។
នៅស្របពេលដូចគ្នានេះដែរ តំបន់ភ្លើងពណ៌ដូចជា តំបន់ Soi Cowboy នៅក្រុងបាងកក និងតំបន់របៀបនេះនឹងបើកដំណើរការឡើងវិញ។ រង្គសាលនឹងបើកទ្វារវិញ ហើយអតិថិជននឹងវិលត្រឡប់មកវិញ ទោះបីជាក្នុងចំនួនតិចជាងមុនក៏ដោយ ហើយនាង Nupchan នឹងរង់ចាំពួកគេ មិនថា មានឬមិនមានវ៉ាក់សាំងព្យាបាលជំងឺកូវីដ១៩ នោះទេ។
នាង Nupchan បាននិយាយថា៖ «ពិតណាស់ ខ្ញុំនៅតែភ័យខ្លាច និងព្រួយបារម្ភ។ ខ្ញុំមិនច្បាស់ថា យើងនឹងការពារខ្លួនបានយ៉ាងដូចម្តេចនោះទេ។ យើងអាចពាក់ម៉ាស់ ឬធ្វើអ្វីបែបហ្នឹង ប៉ុន្តែយើងមិនមានផែនការច្បាស់លាស់ដើម្បីអាចការពារខ្លួនយើង និងភ្ញៀវបានទេ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា