ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មីនៅក្នុងប្រទេសចិនបានកើនលើស ៩០០ នាក់ ហើយ។ ចំណែកឯការកើនឡើងនៃករណីឆ្លងនៅក្នុងចក្រភពអង់គ្លេសបានធ្វើឲ្យរដ្ឋាភិបាលសម្រេចប្រកាសថា មេរោគនេះគឺជា «ការគំរាមកំហែងធ្ងន់ធ្ងរដែលនឹងជិតកើតឡើង» ចំពោះសុខភាពសាធារណៈ។
មន្ត្រីសុខាភិបាលចិនបានរាយការណ៍អំពីករណីស្លាប់ថ្មីដោយសារមេរោគនេះចំនួន ៩៧ ករណីទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៩០៨ នាក់។ គេក៏ឃើញមានករណីឆ្លងថ្មីបន្ថែមទៀតចំនួន ៣ ពាន់ ៦២ ករណីផងដែរ។
នៅថ្ងៃច័ន្ទនេះ ចក្រភពអង់គ្លេសបានរាយការណ៍អំពីករណីឆ្លងមេរោគថ្មីនេះ ៤ ករណីទៀត ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនដល់ ៨ នាក់។ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រកាសអំពីការគំរាមកំហែងរបស់មេរោគនេះចំពោះសុខភាពសាធារណៈ ដើម្បីឲ្យរដ្ឋាភិបាលមានអំណាចជាងមុននៅក្នុងការដាក់អ្នកឆ្លង និងអ្នកសង្ស័យថាឆ្លងមេរោគនេះឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីធ្វើយ៉ាងណាកុំឲ្យមេរោគនេះឆ្លងរាតត្បាតបន្ថែមទៀត។
នៅក្នុងប្រទេសជប៉ុន កប៉ាល់កម្សាន្ត Diamond Princess នៅតែត្រូវអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែកពីគេដដែលនៅក្នុងទីក្រុង Yokohama ដោយមានករណីឆ្លងមេរោគនេះថ្មីចំនួន ៦៦ ករណីទៀតត្រូវបានគេរាយការណ៍នៅថ្ងៃច័ន្ទនេះ។
ចំណុចផ្ទុះ និងឆ្លងរាលដាលខ្លាំងនៃមេរោគនេះគឺនៅក្នុងខេត្ត Hubei ប្រទេសចិន ដែលនៅទីនោះ មនុស្សរាប់លាននាក់នៅតែជាប់គាំងនៅទីនោះ ហើយមនុស្សមួយចំនួនត្អូញត្អែរអំពីកង្វះម្ហូបអាហារបរិភោគ។
ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មីនេះគឺខ្ពស់ជាងចំនួនអ្នកស្លាប់ដោយសារមេរោគ SARS កាលពីឆ្នាំ ២០០២ និងឆ្នាំ ២០០៣ ទៅទៀត ដោយកាលនោះ មេរោគ SARS ត្រូវបានគេជឿថាបានសម្លាប់មនុស្សអស់ ៧៧៤ នាក់ និងចម្លងដល់មនុស្សជិត ៨ ពាន់ ១ រយនាក់នៅក្នុងប្រទេសចិន និងទីក្រុងហុងកុង៕