ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កើន​លើស​មួយ​ពាន់​នាក់

បុគ្គលិក​ពេទ្យ​រុញ​អ្នក​ជំងឺ​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ស្រុក Caidian បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កើន​លើស​១​ពាន់​នាក់​ មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​២​នាក់​នៅ​ខេត្ត Hubei ដែល​ជា​កន្លែង​ផ្ទុះ​មេរោគ​នេះ ត្រូវបាន​ដក​ហូត​ចេញ​ពី​តំណែង។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋរបស់​ចិន បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារថា លោក Zhang Jin ប្រធាន​គណកម្មការ​សុខាភិបាល​នៃ​បក្ស​កុម្មនិស្តចិន និង​លោក Liu Yingzi ដែល​ជានាយក​នៃ​គណកម្មការ​នោះ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង។

ការ​ដេញ​ចេញនេះ​កើតឡើង​មួយ​ថ្ងៃ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ថា​ មាន​មនុស្ស​១០៣​នាក់​ទៀត​ បាន​ស្លាប់​នៅ​ខេត្ត Hubei ដែល​ជា​កន្លែង​បិទ​មិន​ឲ្យ​មនុស្ស​ចេញ​ចូល ហើយ​ដែល​មាន​ការត្អូញ​ត្អែរ​ថា​ខ្វះ​ស្បៀង​អាហារ។ រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ជិត​៤ម៉ឺន​៣​ពាន់​នាក់។

លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​នៅ​មន្ទីពេទ្យ​មួយ​នៅ​ទីក្រុង​ប៉េកាំង ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ទប់​ទល់​ជាមួយ​រាល​ដាលនេះ​បើ​តាម​របាយការណ៍​ទូរទស្សន៍​ចិន​ ដែល​រដ្ឋ​កាន់​កាប់។ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក Tedros Adhanom Ghebryesus (តេដ្រូស អេ​ដាណម ហ្ហេប្រាយ​ស៊ើស) បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​ឆ្លង​មេរោគ​កូរ៉ូណា​រវាង​មនុស្ស​ដែល​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​អាច​ជា «ផ្កា​ភ្លើង​ដែល​នាំ​ឲ្យក្លាយ​ជា​អគ្គិភ័យ‍​ធំ​ជាង​នេះ​មួយ‍»៕