មន្ត្រីសុខាភិបាលចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ចំនួននៃអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ដែលហៅថា COVID-19 នេះ បានកើនលើស ៧ ម៉ឺននាក់ ហើយអ្នកស្លាប់កើនជិត ១ ពាន់ ៨ រយនាក់។ រីឯអ្នកឆ្លងមេរោគនេះចំនួនប្រហែល ១ ម៉ឺន ១ ពាន់នាក់ បានជាសះស្បើយរួចហើយ។
ខេត្ត Hubei ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងនូវមេរោគនេះដំបូង បានរាយការណ៍នៅថ្ងៃចន្ទនេះថា មានអ្នកស្លាប់ដោយសារមេរោគនេះ ១ រយនាក់បន្ថែមទៀត។
ករណីឆ្លងមេរោគនេះភាគច្រើននៅក្រៅប្រទេសចិនគឺក្នុងចំណោមអ្នកដំណើរដែលជិះនៅលើកប៉ាល់កម្សាន្ត Diamond Princess ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅក្នុងទីក្រុង Yokohama ប្រទេសជប៉ុន។
នៅថ្ងៃចន្ទនេះផងដែរ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានជម្លៀសពលរដ្ឋអាមេរិកាំង និងក្រុមគ្រួសាររបស់ពួកគេជាង ៣ រយនាក់ ពីលើកប៉ាល់កម្សាន្ត Diamond Princess នេះ។ យន្តហោះមួយគ្រឿងដែលដឹកអ្នកដែលត្រូវជម្លៀសទាំងនេះបានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Travis ក្នុងរដ្ឋ California នៅព្រឹកថ្ងៃចន្ទនេះ ចំណែកឯយន្តហោះមួយគ្រឿងទៀតបានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Lackland នៅក្នុងរដ្ឋ Texas នៅប៉ុន្មានម៉ោងក្រោយមក។
មនុស្ស ១៤ នាក់ ដែលមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែត្រូវបានធ្វើតេស្តឃើញថាមានឆ្លងមេរោគនេះ ត្រូវបានអនុញ្ញាតឲ្យជិះនៅលើយន្តហោះនោះដែរ ប៉ុន្តែនៅកន្លែងដាច់ឆ្ងាយពីអ្នកដំណើរផ្សេងទៀត។ អ្នកដែលត្រូវបានជម្លៀសពីកប៉ាល់កម្សាន្ត Diamond Princess នេះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ។
ដោយសារតែអាជ្ញាធរជប៉ុនបានប្រកាសនៅថ្ងៃចន្ទនេះថា មានករណីឆ្លងមេរោគនេះចំនួន ៩៩ នាក់បន្ថែមទៀត នោះធ្វើឲ្យអ្នកឆ្លងមេរោគនេះកើនដល់ចំនួន ៤៥៤ នាក់ នៃអ្នកដំណើរសរុបចំនួន ៣ ពាន់ ៧ រយនាក់នៅលើកប៉ាល់កម្សាន្ត Diamond Princess នេះ។
ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនក៏នឹងជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកប៉ាល់នោះផងដែរ។ រីឯប្រទេសកាណាដា អ៊ីតាលី កូរ៉េខាងត្បូង និងទីក្រុងហុងកុង ក៏មានគម្រោងជម្លៀសពលរដ្ឋរបស់ខ្លួនផងដែរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏កំពុងផ្ដោតផងដែរលើករណីពលរដ្ឋអាមេរិកាំងម្នាក់ដែលត្រូវបានធ្វើតេស្តឃើញថាមានឆ្លងមេរោគកូរ៉ូណាថ្មី ឬ COVI-19 នេះ បន្ទាប់ពីបានចាកចេញពីកប៉ាល់កម្សាន្ត The Westerdam ដែលរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យចូលចតកាលពីសប្ដាហ៍មុន៕