វីរុស​កូរ៉ូណា​មិន​អាច​បន្លាចទឹកចិត្ត​សម្បុរស

រូបឯកសារ៖ ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/វីអូអេ)

ព្រះអង្គ ​ប៊ុត ប៊ុនតិញ ​មាន​សង្ឃដីកា​បន្ត​ថា ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​និរត្តរភាព​ដែល​រួមមាន​ធ្វើ​សួនច្បារ​ កែម ឡី ដាក់​រូប​សំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ​ព្រះតេជគុណ​ សំ ប៊ុនធឿន​​ លោក ​កែម ឡី ​ លោក​ ជា វិជ្ជា ​លោក​ ឈុត ​វុទ្ធី និង​អ្នកផ្សេង​ទៀត​​ដែល​ត្រូវ​បាន​សម្លាប់​ផង​ដែរ។​

ខណៈ​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រកាស​ថា​ ​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ឡើង​ទ្វេដង​ក្នុង​ពេល​៦​សប្តាហ៍ ​គឺ​ឡើង​ដល់​ជិត​១៦​លាន​នាក់​ និង​ស្លាប់​ជាង ​៦៤​ម៉ឺន​នាក់​កាលពី​ចុងខែ​កក្កដា​ ឆ្នាំ​២០២០​នោះ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅ​ក្រុង​ឡូវែល ទីក្រុង​ Lynn ​និង​ទីក្រុង​ផ្សេងៗ​ទៀត​ក្នុង​រដ្ឋ​ម៉ាស្សាឈូសេត​បាន​ជួប​ជុំ​គ្នា​ ចែក​រំលែក​អាហារ​ និង​បរិភោគ​ជុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​នៅចុង​សប្តាហ៍ ដើម្បី​សម្អាត​វត្ត​ភ្នំសេរី​ដែល​ទើប​ជាវ​បាន​ថ្មីៗ​តម្លៃ​ប្រមាណ​៥១​ម៉ឺន​ដុល្លារ​ ហើយ​ដែល​នឹង​បើក​ទូលាយ​សេរីភាព​ខាង​នយោបាយ។​

«បាទ​ កាលណា​យើង​មាន​បុណ្យ​ច្រើន​ហើយ​ ​ អាកូវីដ​អត់​អាច​មកជិត​យើង​បាន​ទេ​បាទ!​ ខ្ចាត់​ខ្ចាយ​ទៅ​អស់​ហើយ!»​

ក្តី​បារម្ភ​អំពី​វីរុស​កូរ៉ូណា​មិន​អាច​ឈ្នះ​ទឹក​ចិត្ត​សប្បុរស​ប្រកេន​បច្ច័យ​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ​ ដែល​មិន​មាន​វត្ត​គង់​ដោយ​សារ​បញ្ហា​នយោបាយ​នោះ​ទេ។​ បច្ច័យ​ដែល​ប្រមូល​បាន​មាន​សន្ទុះ​ខ្លាំង​គឺ​រវាង​ពី​៥​ពាន់​ដុល្លារ​ទៅ​ជាង​៨​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​នៅ​សប្តាហ៍​ទីមួយនៃ​កម្មវិធី​សម្អាត​វត្ត​ កាលពី​ចុងខែ​មុន ​ដោយ​មាន​ការ​ចូល​បច្ច័យ​ដោយ​ផ្ទាល់​ តាម​ទូរស័ព្ទ​ផ្ញើតាម​គ្នា​ឬ​ផ្ទេរ​ចូល​គណនេយ្យ​ធនាគារ​របស់​វត្ត​ដោយ​ផ្ទាល់។​

ទោះ​ជា​ព្រះតេជ​គុណ​ ប៊ុត ប៊ុនតិញ ​អតីត​ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ធ្លាប់​ត្រូវ​បាន​គេ​ចោទ​ថា ​ ​លួចនិង​ធ្វើ​ឲ្យ​បាត់​លុយ​សព​លោក​កែម ឡី​កាលពី​បួន​ឆ្នាំមុន​ក៏ដោយ​ ​ក៏​អ្នក​ចូលរួម​និយាយ​ថា​ ​គេ​មាន​ជំនឿ​លើ​ភាព​ស្មោះ​ត្រង់​របស់​ព្រះអង្គ។ ​

Your browser doesn’t support HTML5

វីរុស​កូរ៉ូណា​មិន​អាច​បន្លាច​មិន​ឲ្យ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ម៉ាស្សាឈូសេត មកជួបជុំគ្នា​ប្រគេន​បច្ច័យ​ព្រះសង្ឃ​ដែល​គ្មាន​វត្តគង់​នោះ​ទេ


ក្រោយ​ពី​អ្នកស្រី​ទាំងពីរ​បានចូល​បច្ច័យ​ចំនួន​៦​ពាន់​៤០​ដុល្លារ​ដែល​ប្រមូល​បាន​ពី​សប្បុរស​ជន​នៅ​ទីក្រុង​Lynn​នោះ អ្នកស្រី​យីម ប៊ុន​និង​អ្នកស្រី​សារឿន សាន​ថ្លែង​ប្រាប់​វីអូអេ​ព្រម​គ្នា​កាលពីថ្ងៃ​ទី​២៥​ខែ​កក្កដា​ថា៖​

«ខ្ញុំ​ឮ​អី​តើ! អត់ជឿ! ​ ពួកខ្ញុំ​អត់​ជឿ​ទេ ​ទោះបី​គេ​ចោទ​លោក​ថា ​យក​លុយ​បុណ្យ​លោក​កែម ឡី​យក​ទៅ​ធ្វើ​អី​ មិន​ឲ្យ​ប្រពន្ធ​លោក​កែម ឡី​គឺ​អត់​ជឿ។ ​មិនមែន​ការណ៍ពិត​ទាំងអស់។​ ខ្ញុំ​មើល​ទៅ​អំពើ​ដែល​លោក​ខំ​កសាង ​ដែល​លោក​ធ្វើ​អំពើ​ល្អ​ទាំង​អម្បាល​មាណ ខ្ញុំ​អត់​ជឿ​ថា ​ លោក​យកលុយ​របស់​បុណ្យ​លោក​កែម ឡី​ហ្នឹង​ទេ។​ ​អត់មាន​រឿង​ហ្នឹង​ទេ។ ​ គេ​ចេះ​តែ​ប្រតិដ្ឋ​ចោទ​លោក​ទេ»។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នោះ​ដែរ ​ ព្រះ​តេជគុណ ​ប៊ុត ប៊ុនតិញ​ មាន​សង្ឃដីកា​ថា​ ព្រះអង្គ​មិន​ប្រកាន់​អ្នក​ចោទ​ព្រះអង្គ​ដោយ​សារហេតុ​ផល​នយោនាយ​នោះ​ទេ​ ​តែ​ផ្ទុយ​ទៅ​វិញ​ ​បទ​ពិសោធន៍​និង​ការ​ចោទ​ប្រកាន់​នេះ​ ធ្វើ​ឲ្យ​ព្រះ​អង្គ​ពិចារណា​ហើយ​គិត​ឃើញ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ឲ្យ​មាន​តម្លាភាព។​

«ចម្រើន​ពរ​ ដូច​អាត្មា​លើក​ពីរឿង​កែម ឡី​ ​ធ្វើ​គណៈកម្មការ​តែ​មិនកាន់​ប្រាក់។ ​ ដូច្នេះ​វត្ត​ភ្នំ​សេរី​ធ្វើ​គណៈកម្មការ​កាន់​ប្រាក់​ខ្លួន​ឯង។ ​អាត្មា​អ្នក​មើល​បញ្ជី។ ​អត្មា​អ្នក​កាន់។ ​សព្វថ្ងៃ​នេះ​មិន​ឲ្យ​អ្នកណា​កាន់​តែ​ម្នាក់​ឯង​ដាច់​ដោយ​ឡែក​ទេ។​វត្ត​ភ្នំសេរី​នេះ​ខុស​គេ ​អ្នករាប់​បាន​តែ​រ៉ាប់​ទេ។ ​អ្នក​កាន់​អង្គុយ​កន្លែង​ផ្សេង។ ​ អ្នកកាន់​ប្រាក់​បាន​តែ​កាន់​ទេ​ អ្នកចាយ​អាត្មា។​ ដូច្នេះ​យើង​មាន​ឋានៈបី»។​

ព្រះ​តេជគុណ​ ប៊ុត ប៊ុនតិញ ​មាន​សង្ឃដីកា​ថា ​ក្នុង​សប្តាហ៍​ទី​មួយ​ ​បច្ច័យ​ប្រមូល​បាន​គឺ​ជាង​២​ម៉ឺន​ដុល្លារ ​ហើយ​បច្ច័យ​សល់​តាំង​ពី​មុន​មាន​គម្រោង​ជាវ​វត្ត​មាន​ចំនួន​១៧​ម៉ឺន​ដុល្លារ។​ ព្រះ​អង្គ​បន្ត​ថា​ ​តាម​សន្ទុះ​បច្ច័យ​នេះ ​ ព្រះ​អង្គ​អាច​បង់​ថ្លៃ​ជំពាក់​នៅ​សល់​៣១ម៉ឺន​ដុល្លារ​ចប់​សព្វ​គ្រប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២១។​ បន្ទាប់​មកព្រះអង្គ​មាន​ផែនការ​ជួសជុល​លើក​ដំបូល​កុដិ​ ​ប៉ុន្តែ​មិន​មាន​គម្រោង​កសាង​អាគារ​ព្រះ​វិហារដូចវិហារ​នៅ​ប្រទេស​កម្ពុជា​ទេ។ ​

«អត្មា​មាន​គម្រោង​ធ្វើ​ព្រះ​ចេតីយ៍មុន។ ធ្វើ​ព្រះ​ចេរតីយ៍​ឲ្យ​ស្អាត ឱ្យ​ធំ ​ធ្វើ​រង្វង់​មូល​អាច​ចូល​ទៅ​បង្សុកូល​ក្នុង​នោះ​បាន។ ដាក់​កញ្ចក់​ខាងៗ​នៅក្នុង​នោះ​បាន ​ហើយ​ដាក់​ធាតុម៉ែ​ឪ​ យាយ​យា​គេ​ក្នុង​នោះ​ទៅ។​ចំណាយ​លុយ​ធ្វើ​អាហ្នឹង​ឲ្យ​វា​ចេញ អស់​លុយ​តិច​ជាង​វិហារទៀត​ តែបាន​ផល​ធំជាង។​គេទៅ​បង្សុកូល​ គេ​ទៅ​លេង​ម៉ែឪ​គេ។​ម៉ែឪគេ​ទុក​នៅ​វត្ត»។​

ព្រះអង្គ ​ប៊ុត ប៊ុនតិញ ​មាន​សង្ឃដីកា​បន្ត​ថា ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​និរត្តរភាព​ដែល​រួមមាន​ធ្វើ​សួនច្បារ​ កែម ឡី ដាក់​រូប​សំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ​ព្រះតេជគុណ​ សំ ប៊ុនធឿន លោក ​កែម ឡី ​ លោក​ ជា វិជ្ជា ​លោក​ ឈុត ​វុទ្ធី និង​អ្នកផ្សេង​ទៀតដែល​ត្រូវ​បាន​សម្លាប់​ផង​ដែរ។​ បន្ថែម​ពីនេះ ​ ព្រះ​អង្គ​នឹង​បង្កើត​មូលនិធិ​មនុស្សធម៌​និង​មូល​និធិអាហារូបករណ៍​សម្រាប់​សិស្ស​ក្រី​ក្រ​ដែល​រៀន​ពូកែតែគ្មាន​លទ្ធភាព​បន្ត​សិក្សា​យក​ជំនាញ។​

ព្រះអង្គ​នឹង​លាលែង​ពី​តំណែង​ប្រធាន​អនុ​គណៈកម្មការ​ព័ត៌មាន​គណបក្ស​សង្គ្រោះជាតិ​ដែល​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ព្រះអាទិត្យ​ ​ក្រោយ​ពេល​ព្រះអង្គ​និមន្ត​ទៅគង់​នៅ​វត្ត​ភ្នំសេរីក្នុង​ខែ​កញ្ញាព្រោះ​ការ​គ្រប់​គ្រង​វត្ត​នេះ​ជា​បន្ទុក​ធំ​មួយ ​ហើយ​តួនាទី​ប្រធាន​អនុ​គណៈកម្មការ​ព័ត៌មាន​នេះ​ក៏​ទាមទារ​ពេល​វេលា​ច្រើន​ដែរ។​ ​ប៉ុន្តែ​ព្រះអង្គ​នឹង​នៅ​តែ​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​ហើយ​បន្ត​ការងារ​ក្នុង​គណៈ​កម្មការ​ស្រាវជ្រាវ​ចងក្រង​ផ្សព្វផ្សាយ​ឯកសារ​ឈ្មោះ​«ឃាតកម្ម​មិន​រក​ឃាតក» ​ដូចជា​ឃាតកម្ម​សម្លាប់​ព្រះតេជគុណ​ សំ ប៊ុនធឿន លោក ​កែម ឡី ​លោក ​ជា វិជ្ជា ​លោក​ ឈុត ​វុទ្ធី ​អ្នកស្រី​ពិសិដ្ឋ​ពិលិកា ​និង​អ្នក​សារ​ព័ត៌មាន​ដូច​ជា​លោក​ ឃឹម សម្បូរ​ និង​លោក ​ធន់ ប៊ុនលី​ជាដើម។​

ដោយ​បញ្ជាក់​ថា​ វត្ត​ភ្នំសេរី​បើក​សេរីភាព​នយោបាយ​ដែល​បម្រើ​ជាតិខ្មែរ​នោះ​ ព្រះអង្គ​ប៊ុត ប៊ុនតិញ ​ប្រកាស​ថា ​ព្រះអង្គ​នឹង​អញ្ជើញ​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ ​មក​សម្ពោធ​វត្ត​នេះ​ ​ប៉ុន្តែមិនទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នៅ​ឡើយ។​

«អ្នក​គាំទ្រ​អាត្មា​ភាគ​ច្រើន​បាញ់​ព្រួញទៅ​នយោបាយ​ ដូច្នេះ​ថ្ងៃ​ណេះ​ ទៅ​ស្តាប់​ក្រុម​ណា​ក៏និយាយ​ដែរ​ថា ​វត្ត​យើង​ធ្វើ​កិច្ចការ​ឲ្យ​ស្រុក។ ​អ៊ីចឹង​បាន​អាត្មា​បង្កើត​បាវចនាបី​ហ្នឹង​កើតមក​ពី​ញាតិ​ញោម ​“កសាង​វត្ត​ ធ្វើ​ប្រយោជន៍​ ការពារ​ជាតិ”»។

នៅថ្ងៃទី​មួយ​នៃ​កម្ម​វិធីសម្អាត​វត្ត​កាល​ពីថ្ងៃ​សៅរ៍ទី​២៥​ខែ​កក្កដា​ ​ព្រះតេជ​គុណ​មី ឡែម ​ដែល​បាន​ចាក​ចេញ​ពី​តួនាទី​ជាចៅ​អធិការ​វត្ត​មួយ​ក្នុង​ក្រុង​ឡូវែល​ ដោយ​សារ​ការ​រំខាន​ពី​នយោបាយ​មិន​ចេញ​មុខ​ ​បាន​ប្រាប់​វីអូអេ​ថា​ ​ ជា​ការ​ល្អ​ដែល​ព្រះតេជ​គុណ ​បុ៊ត ប៊ុនតិញ​បង្ហាញ​គោល​នយោបាយ​ច្បាស់​លាស់​អំពី​វត្ត​ភ្នំសេរី​នេះ​ជាជាង​នយោបាយ​លាក់មុខ​ក្នុង​វត្ត។​

«វត្ត​នេះ​គឺ​ជាវត្ត​មួយ​ពេញ​ ចង់​និយាយ​ថា ​ចេញ​មុខ​ណា៎ ​អត់​លាក់​បំបាំង​ ចេញ​មុខខាង​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ទាល់​ដូច្នេះ​អាត្មា​សង្ឃឹម​ថា ​ព្រះ​សង្ឃ ​លោក​ម្ចាស់​ប៊ុត ប៊ុនតិញ​គឺ​មិន​ពិបាក​ចំណាយ​ថវិកា​ទៅ​ជួល​ក្លឹប​អី​ទេ ​ ព្រោះ​កន្លែង​នេះ​ធំមែន​ទែន ​ដាក់​មនុស្ស​បាន​ច្រើន»។

កន្លង​មក ​ ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​តែ​ជួល​ភោជនីយដ្ឋាន​ឯកជន​ ដោយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន។​ ព្រះ​តេជគុណ​បុ៊ត ប៊ុនតិញ​មាន​សង្ឃដីកា​ថា ​វត្ត​ភ្នំសេរី​នឹង​កាត់​បន្ថយ​ចំណាយ​នេះ។

ដោយ​បង្ហាញ​អំពី​តម្លាភាព​ក្នុងការ​គ្រប់​គ្រង​វត្ត​ដែល​ជាវ​ថ្មី​នេះ​ ​ព្រះអង្គ​បុ៊ត ប៊ុនតិញ​បន្ថែម​ថា​ ​លក្ខន្តិកៈ​វត្ត​ភ្នំសេរី​នេះ​មាន​ចំណង​ដែល​ចង់​មិន​ឲ្យព្រះ​ក្បត់​ជាតិ ​ ​ក្បត់​ញាតិញោម​ ​សន្សំបច្ច័យ​សឹក​ ហើយ​ការ​ប្រពន្ធ​នោះ​ទេ។​

ព្រះអង្គ​បន្ថែម​ថា ​ មាន​តែ​ញាតិ​ញោម​ចាស់ៗ​ប៉ុណ្ណោះ​រាប់​អាន​ព្រះអង្គ​ ដូច្នេះ ​ឱកាស​ដែល​ព្រះអង្គសឹក​ការ​ប្រពន្ធ​នោះ​គឺ​មិន​អាច​ទេ។​

«បេសក​កម្ម​របស់​អាត្មា​បួន​ឆ្នាំ​វាអត់​វែង។ ​បើសិន​ជា​អាត្មាចង់​យក​ប្រពន្ធ​ បួនឆ្នាំ​ ទ្រាំបួន​ឆ្នាំទៀត​ទៅ!បួស​២០​ឆ្នាំ​ហើយ​ទ្រាំ​បួនឆ្នាំ​ទៀត​មិន​បាន​ហ្អេះ។​ បួន​ឆ្នាំ​សឹក​ ទៅ​រក​ប្រព្ធ​ទៅ​មាន​អី?ប៉ុន្តែ​អាត្មា​វា​សំណាង​ជីវិត​នេះ​ កើត​មក​សំណាង។​ សំណាង​ត្រង់​ថា អង្កាល​ពីនៅ​ជា​គ្រហស្ថ ​អត់មាន​អាវពាក់​នឹង​គេ​ អាវ​រហែក​ខ្នង​ ខោ​រហែក​គូថ​ គ្មាន​អ្នកណា​គេ​មើល​យើង​ទេ ​មនុស្ស​ស្រី​ហ្នឹង។​ដូច្នេះ​វា​សំណាង!​សំណាង​ឲ្យ​អាត្មា​បន្ត​ទៅ​មុខ ​ព្រោះ​អត់​មាន​មិត្ត​ស្រី​ហ្នឹង​គេ។អត់មាន​វាសនា​ដឹក​មិត្ត​ស្រី​នឹង​គេ​ទេ​តាំងពី​នៅគ្រហស្ថ។ ​ដល់​ពេល​បួស​មកវឹក​នឹង​ធ្វើការ​ វឹកហ្នឹង​រៀន។​រៀនៗ​ ទៅ វឹកៗ​ ទៅ ភ្លេចៗ​ទៅ!»​

ព្រះអង្គ​បន្ត​ទៀត​ថា ​វត្ត​ដ៏​ច្រើន​នៅ​ស.រ.អា.​យក​ឈ្មោះ​អង្គការ​ដាក់​តែ​មាន​អុ្នក​ឈរ​ឈ្មោះ​ទិញ​ឲ្យ។ ​ ប៉ុន្តែ​វត្ត​ភ្នំសេរី​អត់មាន​អ្នក​ឈរ​ឈ្មោះ​ទេ​គឺ​ដាក់​ឈ្មោះ​វត្ត​ភ្នំសេរី ​ជាម្ចាស់​កម្មសិទ្ធតែម្តងគឺ​គ្រាន់តែ​មាន​ឈ្មោះ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​អង្គការ​ប៉ុណ្ណោះ។ ​បើ​អង្គការ​ត្រូវ​បាន​រំលាយ​ ទ្រព្យ​សម្បត្តិ​នេះ​ត្រូវ​ប្រគល់​ឲ្យ​រដ្ឋ៕