សីតុណ្ហភាព​​ចុះ​ត្រជាក់​នៃ​បាតុភូត​ធាតុអាកាស​ La Nina ​នឹង​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​ទេ

  • Lisa Schlein

(រូបថត​ឯកសារ)​ ពពកព្យុះ​អណ្តែត​ខណៈពេល​កុមារ​ទូលទឹក​មកពី​អណ្តូងទឹក​សហគមន៍​ក្បែរ​រដ្ឋធានី​លីឡុងវ៉េ​ ប្រទេស​ម៉ាឡាវី​ កាលពី​ថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ២០១៦​។

អង្គការ​ឧតុនិយម​ពិភព​លោក​ និយាយ​ថា​ ហេតុការណ៍​បាតុភូត​ La Nina​ នឹង​អាច​កើត​មាន​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​ ប៉ុន្តែ​បាតុភូត​ធាតុអាកាស​ដែល​នាំ​មក​ជាមួយ​នូវ​សីតុណ្ហភាព​​ត្រជាក់​នេះ ​នឹង​មិន​មាន​ផល​ប៉ះ​ពាល់​យូរ​អង្វែង​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​ឡើយ។

បាតុភូត El Nino និង​ La Nina ​បង្ក​ផល​ប៉ះ​ពាល់​ថ្នាក់​តំបន់​នៅ​ជុំវិញ​ពិភពលោក​ ទៅ​លើ​របប​ទឹក​ភ្លៀង​ និង​សីតុណ្ហភាព​តាម​រដូវ​កាល។ បាតុភូត El Nino ​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​កម្តៅ​នៃ​សីតុណ្ហភាព​ដែល​គ្រប​ដណ្តប់​នៅ​តំបន់​ត្រូពិច​ខាង​កើត​ និង​តំបន់​កណ្តាល​សមុទ្រ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​បាតុភូត​នេះ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​តាម​រយៈ​បាតុភូត​សីតុណ្ហភាព​ឡើង​កម្តៅ។

ជាក់​ស្តែង​ បាតុភូត El Nino​ ដ៏​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥-២០១៦​ ដែល​បាន​បញ្ចប់​នៅ​ខែ​ឧសភា​ បាន​បំបែក​កំណត់ត្រា​សីតុណ្ហភាព​សម្រាប់​រយៈ៦​ខែ​ដើមឆ្នាំ​ និង​ធ្វើ​ឲ្យ​ឆ្នាំ​២០១៦ ​ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្នាំ​ដែល​ក្តៅ​ជាង​គេ​បំផុត​ក្នុង​កំណត់​ត្រា។

បាតុភូត​La Nina ​បង្ក​ផល​ប៉ះពាល់​ផ្ទុយ​ពី​នេះ​វិញ។ អង្គការ​ឧតុនិយម​ពិភពលោក​និយាយ​ថា ​បាតុភុត La Nina ​នឹង​បង្ក​ឲ្យ​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់លាត​សន្ធឹងលើ​ផ្ទៃ​ដ៏​ធំ​នៅ​ក្នុង​មហា​សមុទ្រ​ នៅ​តំបន់​ភាគ​កណ្តាល​ និង​ខាង​កើត​នៃ​ខ្សែ​អេក្វាទ័រ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីភិច​ ដែល​បាតុភូត​នេះទំនង​នឹង​បង្ក​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​បន្តិច​បន្តួច​នៅ​ទី​នោះ។

លោក​ Maxx Dilley ​ប្រធាន​សាខា​នាយកដ្ឋាន​ព្យាករណ៍​អាកាសធាតុ និង​ការ​សម្រប​ខ្លួន​ នៃ​អង្គការ​ឧតុនិយម​ពិភពលោក​ប្រាប់ VOA ​ថា ឆ្នាំ​ក្រោយ​អាច​នឹង​មិន​ក្តៅ​រហូត​ដល់​ចូល​ជា​កំណត់​ត្រា​ទេ ប្រសិន​បើ​បាតុភូត La Nina ​ពិត​ជា​កើត​មាន​នៅ​ចុង​ឆ្នាំ​នេះ​មែន។

លោក​និយាយ​ថា៖ «ខ្ញុំ​និយាយ​បែបនេះ​ មិន​មែន​មាន​ន័យ​ថា​ មិន​មាន​ការ​កើន​ឡើង​កម្តៅ​ជា​សាកល​នោះ​ទេ​ វា​អាច​នឹង​កើត​មាន​ ប៉ុន្តែ​អាច​មិន​ក្តៅ​បំផុត​រហូត​ជាប់​កំណត់​ត្រា​នោះ​ទេ។ ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ការ​ប្រែប្រួល​តិចតួច​ដល់​សីតុណ្ហភាព​សាកល​ ដែល​អាច​កើតមាន​ដោយ​សារ​ភាយ​ទៅ​ភាយ​មក​រវាង​បាតុភូត​ El Nino ​និង​បាតុភូត​ La Nina។ ដូច្នេះ​ ប្រសិន​បើ​បាតុភូត​ La Nina ​កើត​មាន​មែន​នោះ​យើង​អាច​នឹង​ឃើញ​ថា​ សីតុណ្ហភាព​ចុះ​ទាប​បន្តិច​ធៀប​នឹង​សីតុណ្ហភាព​ដែល​យើង​បាន​នឹង​កំពុង​ជួប​តែ​ប៉ុណ្ណោះ​ ដែល​ទាំងអស់​នេះ​ត្រូវ​បាន​កំណត់​ត្រាពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទូទាំង​សាកលលោក»។

អង្គការ​ឧតុនិយម​ពិភពលោក​និយាយ​ថា ​ពិភពលោក​បច្ចុប្បន្នកំពុង​ស្ថិត​ក្នុង​ដំណាក់កាល​មាន​លំនឹង​មួយ ​ប៉ុន្តែ​លទ្ធភាព​ដែល​អាច​មាន​បាតុភូត​ La Nina​ គឺ​ចន្លោះ​ពី​៥០​ទៅ​៦៥ភាគរយ​ ហើយ​វា​អាច​នឹង​កើត​មាន​នៅ​ត្រីមាស​ទី៣​នៃ​ឆ្នាំ​២០១៦​ និង​បន្ត​រហូត​ដល់​ចប់​ឆ្នាំ​តែ​ម្តង។

អ្នក​ឧតុនិយម​និយាយ​ថា​ បាតុភូត​ La Nina​ ដែល​នឹង​នាំ​មក​នូវ​របប​ទឹកភ្លៀង​លើស​ពី​កម្រិត​មធ្យម​ ទំនង​នឹង​ជួយ​សម្រាល​ភាព​រាំង​ស្ងួត​នៅ​តំបន់​នានា​ តួ​យ៉ាង​អាស៊ី​ខាង​ត្បូង​ ភាគ​ខាង​កើត​នៃ​ប្រទេស​អូស្ត្រាលី​ អាហ្វ្រិក​ភាគ​ខាង​ត្បូង​ និង​ភាគ​ខាង​កើត​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី