គម្រោង​លុប​ស្រះ​ទឹក​នៅ​បុរី​ស្កឹមស្កៃ​ហ្គ្រេន​ភ្នំពេញ​របស់​ក្រុមហ៊ុន​ជីបម៉ុង​លែន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ទីនោះ

គម្រោងសាងសង់របស់ក្រុមហ៊ុនជីបម៉ុងឡែន ដែលកំពុងប្រឈមនឹងការតវ៉ាពីក្រុមពលរដ្ឋរស់នៅក្នុងបុរីរណបក្រុងហ្គ្រេនភ្នំពេញ ទាក់ទិននឹងការលុបស្រះបឹង និងទីលានវាយកូនហ្គោល។ (រូបថតដោយ Chip Mong Land)

គម្រោង​លុប​ស្រះ​ទឹក​ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​ ១០ ​ហិកតា​នៅ​បុរី​ស្កឹមស្កៃ​ហ្រ្គេន​ភ្នំពេញ​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ក្នុង​បុរី​នោះ។​

ម្ចាស់​ផ្ទះ​ចំនួន​ ១៤០​ នាក់​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែន​ដី នគរូបនីយ​កម្ម​ និង​សំណង់​ ក្រសួង​បរិស្ថាន ​និង​សាលា​រាជធានី​ភ្នំពេញ។​ ពួក​គេ​បាន​ចេញ​មុខ​តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​ដោយ​លើក​ឡើង​ថា ​ពួក​គេ​ចង់​រក្សា​ស្រះ​ទឹក​ទុក​ និង​មិន​ចង់​ឲ្យ​ម្ចាស់​បុរី​ដែល​ជា​ក្រុម​ហ៊ុន​ជីបម៉ុង​លែន​យក​ទៅ​អភិវឌ្ឍ​ធ្វើ​បុរី​នោះ​ទេ។​

«ទេស​ភាព​ បរិស្ថាន​ល្អ​ ស្រះ​ទឹក​ធំ​ និង​ទីលាន​វាយ​កូន​ហ្គោល​ដ៏​ខៀវ​ស្រងាត់» ​គឺ​ជា​អ្វី​ដែល​អ្នក​រស់​នៅ​បុរី​នោះ​ថា​ ពួក​គេ​រំពឹង​ចង់​បាន​ នៅ​ពេល​ពួក​គេ​ចំណាយ​លុយ​ច្រើន​ដើម្បី​ទិញ​ផ្ទះ​នៅ​ទី​នោះ។​

លោក ​កៅ​ សុផល​ ជា​ម្ចាស់​ផ្ទះ​មួយ​រូប​ដែល​បាន​ទិញ​ផ្ទះ​នៅ​ក្នុង​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេន​ភ្នំពេញ​កាល​ពី​ជាង​១០​ឆ្នាំ​មុន។ ​លោក​បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ទិញ​ផ្ទះ​ប្រភេទ​វីឡា​ឃីង ​ទំហំ​ប្រមាណ​ ៦០០ ​ម៉ែត្រ​ការ៉េ​តម្លៃ​ជាង​៨០​ម៉ឺន​ដុល្លារ ​គឺ​ដោយ​សារ​មើល​ឃើញ​អំពី​ភាព​ស្រស់​ស្អាត​នៃ​គម្រោង​ដើម​ដែល​បង្ហាញ​បរិស្ថាន​ជុំវិញ​ជា​ដើម។​

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​និយាយ​ឲ្យ​ចំ​ទៅ​ ផ្ទះ​តម្លៃ​ប៉ុណ្ណឹង​អត់​អី​ តែ​វា​ត្រូវការ​បរិស្ថាន​ ត្រូវ​ការ​ស្អាត​ ត្រូវ​ការ​អីៗ​ជុំវិញ​ហ្នឹង។​ភាព​ស្រស់​ស្អាត​ក្នុង​ហ្នឹង​មាន​ធម្មជាតិ​ មាន​បឹង​បួរ ​ចរាចរណ៍​ជុំវិញ​ មាន​ការ​លក់​ដូរ​ ផ្សារ​ សាលា​រៀន​នៅ​ជិត។ ​[...]​ វា​ប៉ះពាល់​មែន​ និយាយ​ឲ្យ​ត្រង់​ទៅ។​ ឧទាហរណ៍ ​ទិញ​ផ្ទះ​អ៊ីចឹង​វាយ​តម្លៃ​ វា​ដោយ​សារ​បរិស្ថាន​ជុំវិញ។​ដោយ​សារ​ បើ​ពេល​អត់​មាន​បរិស្ថាន​ផង​ផ្ទះ​ហ្នឹង​ចង់​សង់​កន្លែង​ណា​ក៏​វា​ដូច​តែ​គ្នា​ដែរ​អ៊ីចឹង​នោះ»។​

បដារបស់ក្រុមពលរដ្ឋដែលមានផ្ទះល្វែង និងវីឡាស្កឹមស្កៃ​ក្នុងបរិវេណបុរីទីក្រុងរណប​អន្តរជាតិ​ហ្គ្រេន​ភ្នំពេញ​ តវ៉ាប្រឆាំងនឹងគម្រោងថ្មីរបស់ម្ចាស់បុរី គឺក្រុមហ៊ុន​ជីបម៉ុងលែន ​(Chip Mong Land) ទាក់ទិននឹងគម្រោងលុបស្រះបឹង។ (រូបថតដោយសហគមន៍ហ្គ្រេនភ្នំពេញ)

ការ​តវ៉ា​ដ៏​ចម្រូង​ចម្រាស​រវាង​ក្រុម​ពល​រដ្ឋ​ប្រមាណ​ ១៤០ ​នាក់ ​ដែល​ជា​អ្នក​មាន​ផ្ទះ​ល្វែង​ និង​ផ្ទះ​វីឡា​ស្កឹម​ស្កៃ​ក្នុង​បុរីនេះ​ ជំទាស់​នឹង​គម្រោង​ថ្មី​របស់​ម្ចាស់​បុរី​ គឺ​ក្រុមហ៊ុនហ៊ុន​ជីបម៉ុង​លែន​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​សប្តាហ៍​មុន។ ​ ការ​ជំទាស់​នេះ​មាន​ទាំង​ការ​ចង​បដា​មុខ​ផ្ទះ ​និង​ការ​ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុងស្រុក​ផង​ដែរ។​ពួក​គេ​ថា​ ពួកគេ​ស្នើ​សុំ​ឲ្យ​មាន​ការ​រក្សា​ទុក​ស្រះទឹក​ និង​ទីលាន​វាយ​កូនហ្គោល​នៅ​ក្នុង​បុរី​នោះ​ ដើម្បី​រក្សា​សោភ័ណ​ភាព​ក្នុង​បុរី​ ដែល​ស្រប​តាម​ប្លង់​មេ​នៃ​គម្រោង​អភិវឌ្ឍន៍​ក្នុង​បុរី ​តាំង​ពី​ដើម​មក។​

ក្នុង​ចំណោម​អ្នក​តវ៉ា​នោះ ​មាន​លោក​ អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា ​ជា​តំណាង​ពលរដ្ឋ​ស្នាក់​នៅ​ក្នុង​បុរី​នោះ​ផង​ដែរ។​

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ សាលា​រាជធានី​ភ្នំពេញ​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ក្រុម​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងបុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេនភ្នំពេញ​សុំ​មិន​ឲ្យ​លុប​ស្រះ​ទឹក​ និង​បំបាត់​ទីលាន​វាយ​កូនហ្គោល ដោយ​លើក​ឡើង​ថា​ខ្លួន​ពុំ​មាន​សមត្ថកិច្ច​គ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ធ្វើ​អន្តរាគមន៍​រក្សា​ទុក ​និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក​បាន​ទេ។​

អភិបាល​សាលា​រាជធានី​ភ្នំពេញ​ លោក​ឃួង ស្រេង​ កាលពី​ថ្ងៃច័ន្ទ ​បាន​បញ្ជាក់​ថា៖ ​«ស្រះ​ទឹក​ខាង​លើ​នេះ​ពុំ​មែន​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឡើយ»​ប៉ុន្តែ​ជា​«កម្ម​សិទ្ធិ​របស់​លោក​ឧកញ៉ា​ លាង ឃុន​ និង​លោក​ឧកញ៉ា​លាង ម៉េង​ ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន​វ៉ាយ អិល ភី គ្រុប»។​

លោក​នេត្រ ភក្ត្រា ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ មាន​ប្រសាសន៍​ថា​ក្រសួង​ក៏​បាន​ទទួល​លិខិត​ពី​ពលរដ្ឋ​ដែល​ស្នើ​សុំ​ឲ្យ​ក្រសួង​បរិស្ថាន​ជួយ​អន្តរាគមន៍​ដែរ។​លោក​ថា​ ក្រសួង​នឹង​ពិនិត្យ​តាម​វិធី​ច្បាប់ ​ ប៉ុន្តែ​លោក​ពុំ​អាច​អត្ថាធិប្បាយ​អ្វី​បាន​ទេ​នា​ពេល​នេះ​ថា​ តើ​ក្រសួង​នឹង​សម្រប​សម្រួល​យ៉ាង​ណា​ចំពោះ​ការ​ស្នើ​សុំ​អន្តរាគមន៍​មិន​ឲ្យ​លុប​ស្រះ​ទឹក​នេះ។​

បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេន​ភ្នំពេញ​ដើម​ឡើយ​ជា​គម្រោង​បណ្តាក់​ទុន​រួមគ្នា​រវាង​ក្រុម​ហ៊ុន ​YLP​ Group និង​ Ciputra Group ​ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​លោកស្រី​ ម៉ៅ ម៉ាល័យ​ ជា​ភរិយា​របស់​អតីត​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​ លោក​ កែ គឹមយ៉ាន​ និង​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី។​ នេះ​បើ​តាម​ការ​ផ្សាយ​នៅ​ឆ្នាំ​២០១៣ ​របស់​កាសែត ​The Cambodia Daily។ ​បុរី​នេះ​ត្រូវ​បាន​ទិញ​បន្ត​ដោយ​ក្រុមហ៊ុន​ជីបម៉ុង​លែន​នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១៩ ។ ​គម្រោង​សាង​សង់​ត្រូវ​ព្យួរ​មួយ​រយៈ​រហូត​ដល់​ខែ​ឧសភា ​ឆ្នាំ​២០២០​ ទើប​ចាប់​ផ្តើម​គម្រោង​សាងសង់​អភិវឌ្ឍន៍​ឡើង​វិញ។ ​នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។​

បើ​តាម​សាលា​រាជធានី​ភ្នំពេញ​ ស្រះ​ទឹក​នេះ​មាន​បណ្តោយ ​៤២៣ ​ម៉ែត្រ ​និង​ទទឹង​ ២៤៥ ​ម៉ែត្រ ​ដែល​សរុប​ទៅ​មាន​ផ្ទៃ​ក្រឡា​ជាង ​១០ ​ហិកតា។​

តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​វាយ​តម្លៃ​ អចលន​វត្ថុ​ ​ដី​នៅ​តំបន់​បុរី​នោះ​អាច​មាន​តម្លៃ​ចន្លោះ​ពី ​៨៥០ ​ដុល្លារ​ទៅ​ដល់​ ១៧០០ ​ដុល្លារ​ ឬ​ ២ ​ពាន់​ដុល្លារ​ក្នុង​មួយ​មែត្រ​ការ៉េ ​អាស្រ័យ​ទៅ​លើ​ទំហំ​ និង​ទីតាំង​របស់​ដី។​

បដារបស់ក្រុមពលរដ្ឋដែលមានផ្ទះល្វែង និងវីឡាស្កឹមស្កៃ​ក្នុងបរិវេណបុរីទីក្រុងរណប​អន្តរជាតិ​ហ្គ្រេន​ភ្នំពេញ​ តវ៉ាប្រឆាំងនឹងគម្រោងថ្មីរបស់ម្ចាស់បុរី គឺក្រុមហ៊ុន​ជីបម៉ុងលែន ​(Chip Mong Land) ទាក់ទិននឹងគម្រោងលុបស្រះបឹង។ (រូបថតដោយសហគមន៍ហ្គ្រេនភ្នំពេញ)

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា ​(CVEA)​ លោក ​ច្រឹក សុខនីម ​ប្រាប់​វីអូអេ​ថា​ ជាទូទៅ​នៅ​ពេល​ពលរដ្ឋ​ដែល​ទិញ​ផ្ទះ​នៅ​តាម​បុរី​តម្លៃ​ខ្ពស់​រមែង​ចង់​បាន​បរិស្ថាន​ជុំវិញ​ល្អ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ជា​រួម​ បើ​សិន​ជា​តថភាព​ទូទៅ ​ពាក់​ព័ន្ធ​ម្ចាស់​បុរី​ តាម​ធម្មតា​ ប្លង់​ ការ​ចេញ​ប្លង់​មេ​គឺ​ជា​Master concept ​ ដើម្បី​ធ្វើការ​សិក្សា​ដំបូង។​ អ៊ីចឹង​គាត់​អាច​សិក្សា​អំពី​ទីតាំង​លំនៅដ្ឋាន​ ឬ​ក៏​អី​អ៊ីចឹង​ទៅ។​នៅ​ពេល​ចាប់​អនុវត្ត​ទៅ​បើ​គេ​មើល​ឃើញ​ប្រសើរ​ជាង​ហ្នឹង​គាត់​អាច​propose​(ស្នើ)​ ធ្វើ​ការ​កែប្រែ​បាន​ខ្លះ​ក្នុង​កម្រិត​ណា​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា»។​

លោក​បន្ថែម​ថា៖ ​«ប៉ុន្តែ​ បើ​ការកែ​ប្រែ​អាច​បាត់​សោភ័ណ​ភាព ​ឬ​បាត់​ប្រយោជន៍​របស់​អ្នក​ទិញ​ អ៊ីចឹង​ជា​ទូទៅ ​គេ​តែង​តែ​ផ្ទុះ​ការ​តវ៉ា​ហើយ»។​

តំណាង​ក្រុម​ហ៊ុន​ជីបម៉ុងលែន​ ទទួល​បន្ទុក​ទំនាក់​ទំនង​ និង​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​នៅ​តែ​មាន​គោល​ជំហរ​បន្ត​អភិវឌ្ឍ​ស្រះ​ទឹក​នេះ​ ដោយ​បញ្ជាក់​ថា​ជា​«អាង​ស្តុក​ទឹក»​ ដែល​នឹង​ត្រូវ​លុប​ «ដើម្បី​ធ្វើ​ជា​តំបន់​រស់​នៅ​ ផ្លូវ​ថ្នល់ ​និង​ឧទ្យាន​ទំហំ​មួយ​ហិកតា»។​

តំណាង​ក្រុម​ហ៊ុន​ជីបម៉ុងលែន​រូប​នោះ​ និយាយ​ដោយ​សុំ​មិន​ប្រាប់​ឈ្មោះ​ថា ក្រុមហ៊ុន​មិន​មាន​គម្រោង​យក​តារាង​វាយ​កូន​ហ្គោល​ទៅ​ធ្វើ​ជា​ផ្ទះ​នោះ​ទេ។​

តំណាង​រូប​នោះ​មាន​ប្រសាសន៍​ថា៖​ «ចង់​ហៅ​ស្រះ​ ចង់​ហៅ​បឹង​ អាស្រ័យ​ទៅ​តាម​(ការ​យល់​ឃើញ)​តែ​អាហ្នឹង​តួនាទី​កន្លែង​ហ្នឹង​ជា​អាង​ស្តុក​ទឹក​បណ្តោះ​អាសន្ន។​ [...] ​អាង​នេះ​ វា​ជា​អាង​ស្តុក​ទឹក​ ដែល​នៅ​ក្នុង​បណ្ណ​កម្មសិទ្ធិ​ស្ថិត​ក្នុង​ដី​ប្រភេទ​សាងសង់។​វា​មិន​មែន​ជា​ទ្រព្យ​សម្បត្តិ​ធម្មជាតិ មិនមែន​ជាទ្រព្យ​សម្បត្តិ​សាធារណៈ​ទេ»។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​សូម​បញ្ជាក់​ថា​ ទិញ​ផ្ទះ​ មិន​មែន​ទិញ​ស្រះ។​ គាត់​ធ្លាប់​នៅ​ផ្ទះ​មើល​ឃើញ​ស្រះ​ដល់​ពេល​ អត់​ឃើញ​ស្រះ។​គាត់​ថា​ បាត់​ស្រះ​គាត់​ទៅ​ណា។ ​ មិន​មែន​ស្រះ​គាត់​ទេ​ ស្រះ​ក្រុមហ៊ុន​តើ!​មិន​មែន​ស្រះ​ទៀត​ អាង​ស្តុក​ទឹក​តើ!»​

លោក ​អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​ជា​ តំណាង​ពលរដ្ឋ​នៅ​ក្នុង​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេន​ភ្នំពេញ​ បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ ​WhatsApp​ ថា៖​«ឥឡូវ​នេះ​ ពលរដ្ឋ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ការ​ជជែក​ជាមួយ​ក្រុមហ៊ុន»។​

គួរ​បញ្ជាក់​ដែរ​ថា​ក្រុម​ហ៊ុន​ជីបម៉ុងលែន​ ជាក្រុម​ហ៊ុន​មួយ​នៃ​ក្រុម​ហ៊ុន​ជីបម៉ុង​គ្រុប​ ​ដែល​រកស៊ី​ក្នុង​វិស័យ​ជា​ច្រើន​ដូចជា​ផលិត​ស្រាបៀរ ​ផលិត​ស៊ីម៉ងត៍ គ្រឿង​សំណង់ ​អគារ​ពាណិជ្ជ​កម្ម​ និង​ធនាគារ៕