សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​បញ្ជូន​ដល់​រដ្ឋសភា

  • នៅ វណ្ណារិន

រូប​ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​បន្ត​ចេញ​ពី​សាល​ប្រជុំ​ក្នុង​បង្ហាញ​ពី​តំណាងរាស្រ្ត​នៅ​ក្នុង​រដ្ឋ​សភាជាតិ​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​ នៅ​ឯ​រដ្ឋសភា​ជាតិ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​បញ្ជូន​ដល់​រដ្ឋ​សភា​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារនេះដើម្បី​ពិភាក្សា​បន្ត​ និង​អនុម័ត។​ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​អះអាង​ថា​ សិក្ខា​សាលា​ជា​សាធារណៈ​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ទទួល​មតិ​យោបល់​បន្ថែម។​

លោក ​ឈាង វុន​ អ្នក​នាំពាក្យ​រដ្ឋសភា ​និង​ជា​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​បញ្ជូន​ដល់​រដ្ឋសភា​នាព្រឹក​ថ្ងៃ​អង្គារ​នេះ​ ហើយ​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃសភា​ជាតិ​ នឹង​បញ្ជូន​ទៅ​គណៈ​កម្មាធិការជំនាញ​របស់​រដ្ឋសភា​ជាតិ​ដើម្បី​ពិនិត្យ​ មុន​ពេល​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​នោះ។​

«គេ​ផ្ញើរ​មក​ហើយ។​ ខ្ញុំ​បាន​ដឹង​ហើយ។ ​កាល​ពី​ព្រឹក​មិញ​ មក​ដល់​រដ្ឋសភា​ ដល់​រដ្ឋសភា​ហើយ។​ គេ​ដាក់​ចូល​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​ហើយ​គណៈ​កម្មការ​អចិន្ត្រៃយ៍​គេ​នឹង​ប្រ​ជុំ​គ្នា​ថា ​តើ​នឹង​ត្រូវ​បញ្ជូន​ទៅគណៈ​កម្មាធិការជំនាញ​មួយ​ណា​ដើម្បី​ពិនិត្យ។​ ហើយ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​អត់​ទាន់​ប្រជុំ​ផង​ អត់​ដឹង​ពេល​ណា​គេ​ប្រជុំ​ផង»។​

លោក​ឈាង វុន​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​សេចក្តី​ព្រាង​ច្បាប់​ដែល​ទទួល​ការ​រិះ​គន់​ដ៏​ច្រើន​នេះ​ នឹង​អាច​បញ្ជូន​ទៅ​គណៈ​កម្មាធិការ​ទី​៤​ ឬ​ទី​៥​នៃ​រដ្ឋ​សភា នា​ពេល​ឆាប់ៗ​នេះ។​

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​ រដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​លើសេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ ដែល​មាន​៩​ជំពូក​ និង​៣៩​មាត្រា។​ ការ​ឯកភាព​របស់​រដ្ឋាភិបាល​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ធ្វើ​ឡើងមិន​បាន​ប៉ុន្មាន​ខែ​ទេ​ បន្ទាប់ពី​លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន​ប្រកាស​ដាក់​កំហិត​ឲ្យ​មន្ត្រី​របស់​លោកបញ្ចប់​សេចក្តី​ព្រាង​នេះ​ឲ្យ​បាន​មុន​ដំណាច់ខែ​ឧសភា​កន្លង​ទៅ​ជា​កំហិត។

នៅ​ក្នុង​ការ​ប្រជុំ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នា​ដើម​ខែ​មិថុនា​នេះ លោក ហ៊ុន សែន​ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​កែ​សម្រួល​ពាក្យ​ពេចន៍ និង​ដក​មាត្រា​ចំនួន​ពីរ​ចេញ​ពី​សេចក្តី​ព្រាង​ច្បាប់​នោះ ​រួម​មាន​ការ​ដាក់​កំហិត​លើ​ការ​ចំណាយ​ថវិកា​រដ្ឋបាល​របស់​អង្គការ ​សមាគម​ និងនីតិវិធី​នៃ​ការ​ចុះ​បញ្ជី​របស់​អង្គការ​អន្តរជាតិ។​

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​អង្គការ​សង្គម​ស៊ីវិលនៅ​កម្ពុជា​នៅ​តែ​មាន​ក្តី​បារម្ភ​ពី​ការ​រឹតត្បិត​ និង​ការ​ដាក់​សម្ពាធ​មក​លើ​ខ្លួន​ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​នោះ។​

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់ពី​ការ​បារម្ភ​របស់​ខ្លួ​នចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមា​គមនិង​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ថ្មី​នេះ​ ដោយ​ថ្លែង​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មីគឺ​មិន​មាន​ចែង​ច្បាស់​ក្នុង​មាត្រា​មួយ​ចំនួន ​ដែល​ទុក​ឱកាស​ឲ្យ​មាន​ការ​គាប​សង្កត់​លើ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។​ ​ យោង​តាម​បទ​វិភាគ​ប្រវែង​៤​ទំព័រ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ មាត្រា​មួយ​ចំនួន​ដែល​អាច​ជា​ការដាក់​សម្ពាធ​នោះ ​រួមមាន​មាត្រា​ទី៤​ ដែល​មិនបាន​ចែងពី​អង្គការ​សហគមន៍​មូលដ្ឋាន​ មាត្រា​ទី៩​ ដែល​តម្រូវ​ឲ្យ​មាន​ស្ថាបនិក​យ៉ាង​ហោច​ណាស់​៥​រូប​ក្នុង​ស្ថាប័នមួយៗ​សម្រាប់​ការ​ចុះ​បញ្ជីនោះ។​ ​ មាត្រា​ទី​២៦​ដែល​ចែង​ពី​ឯករាជ្យ​ភាព​ និង​ការ​ជ្រៀតជ្រែក​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​មាន​ចែង​ច្បាស់លាស់។​ ​ ​ជាង​នេះ​ទៀត ​អង្គការ​សង្គម​ស៊ីវិល​អាច​ប្រឈម​នឹង​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី រួម​ទាំង​ការ​ប្រ​ឈម​នឹងទោស​បញ្ញត្តិ​ផង​ដែរ។​

លោក​ស្រី ​ចក់ សុខភាព ​នាយិកា​ប្រតិបត្តិ​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា​ សេចក្តី​ព្រាងច្បាប់​ចុង​ក្រោយ​ដែល​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ទទួល​គឺ​មាន​សភាព​ «ធ្ងន់ធ្ងរ»និងរឹតត្បិត​ជាង​សេចក្តី​ព្រាង​ច្បាប់ឆ្នាំ​២០១១​ទៅ​ទៀត​ ដោយ​មាន​បញ្ចូលមាត្រា​ថ្មី​មួយ​ចំនួន​ថែម​ទៀត។

«ច្បាប់​ថ្មី​នេះ​គឺមាន​បញ្ចូល​បញ្ញត្តិ​ថ្មី​ជាច្រើន ​ហើយ​ដែល​វា​អាច​ប៉ះពាល់​ដល់​លទ្ធភាព​ដែល​អង្គការ​សង្គម​ស៊ីវិល​អាចដំណើរ​ការ​ដោយ​សេរី​ ហើយ​ដែល​បំពាន​ទៅ​លើសិទ្ធិ​សេរីភាព​ខាង​សមាគម​ ​ដែល​អាច​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ​របស់​សង្គម​ជាតិ​យើង​ហ្នឹង»។​

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​វៀរលៀម ថត​ (William Todd)​ ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ទស្សនៈ​របស់​លោក​ក្នុង​ប្រព័ន្ធ​អ៊ីនធើណិត​កាល​ពី​ថ្ងៃអាទិត្យកន្លង​ទៅ​ថា៖ ​«រដ្ឋសភា​កម្ពុជា​គួរ​គិត​រឿង​ផ្សេង​ទៀត ​រួមមាន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការ​អប់រំ​ ​បញ្ហាសុខុមាល​ភាព ​និង​ការ​ការ​ពារ​បរិស្ថានជាជាងផ្តោត​លើ​ការ​ធ្វើ​ច្បាប់​អង្គការ​ ​ដែល​ខ្ញុំ​ជឿ​ថា​ វា​មិន​មាន​ការ​ចាំ​បាច់​នោះ​ទេ»។​

លោក​ឈាង វុន​ អ្នក​នាំពាក្យ​រដ្ឋសភា​ និង​ជា​តំណាង​រាស្ត្រ​មកពី​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​លោកឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​វៀរលៀម ថត ដោយ​ចោទ​ថា ​លោក​ឯក​អគ្គ​រដ្ឋទូត​«ព្រហើន»​ ហ៊ាន​លូក​ដៃ​ចូល​កិច្ចការ​របស់​ប្រទេស​កម្ពុជា​ឯករាជ្យ។​ ​ ទោះ​ជា​មិន​ទាន់​បាន​ឃើញ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​នេះ​ក៏​ដោយ​ ក៏​លោក​ឈាង វុន​អំពាវ​នាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​ពាក់​ព័ន្ធ​«កុំ​ខ្វាយ​ខ្វល់​ពេក»​ចំពោះ​ច្បាប់​នេះ​ ដោយសភា​ជាតិ​នឹង​បើក​ឲ្យ​មាន​សិក្ខា​សាលា​មួយ​ បន្ទាប់​ពី​គណៈ​កម្មាធិការ​ជំនាញ​របស់​រដ្ឋសភា​ពិនិត្យ​រួច​នោះ។​

លោក​ស្រី​ចក់ សុភាព​សង្ឃឹម​ថា​ សិក្ខាសាលា​របស់រដ្ឋសភា​នា​ពេល​ខាង​មុខ​នេះ​នឹង​ផ្តល់​ពេល​វេលា​ឲ្យ​គ្រប់​គ្រាន់​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​បញ្ចេញ​មតិ​ យោបល់​ជា​ជាង​រៀបចំ​សិក្ខា​សាលា​មួយ​ដែល​ជា​បទ​បង្ហាញ​ដែល​មាន​រយៈ​ពេល​ខ្លី​នោះ។​

«ការ​ពិគ្រោះ​យោបល់​មួយ​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​ សមរម្យ​និង​មាន​ពេល​វេល​គ្រប់គ្រាន់​សម្រាប់ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ និងរដ្ឋ​សភា​ខ្លួន​ឯង​ហ្នឹង​អាច​ទទួល​ស្តាប់​នូវ​ក្តី​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល​ ហើយ​បញ្ចូល​អនុសាសន៍​នានា​ហ្នឹង​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដែល​អាចធានា​ថា ​ច្បាប់​នោះ​ធ្វើ​ឡើង​ដើម្បីសម្រួល​ដល់​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល»។​

គួរ​បញ្ជាក់ផង​ដែរ​ថា ​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ព្រាងច្បាប់ដ៏​ចម្រូង​ចម្រាសស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។​ សេច​ក្តីព្រាង​ច្បាប់​នេះ​បាន​ទទួល​រង​ការ​រិះគន់​ជាច្រើន​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល ប្រទេស​ម្ចាស់​ជំនួយ​ និង​ ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ ​និង​គម្រោង​អភិឌ្ឍន៍​ធំៗ​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ៕