ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈរដ្ឋ​មន្ត្រី​ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់​អង្គការ

លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (ឆ្វេង) ​ថ្លែង​នៅ​ក្នុង​សន្និសីទ​​ព័ត៌មាន​អំពី​យុទ្ធនាការ​​«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់​​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

គណៈរដ្ឋ​មន្ត្រី​កម្ពុជា​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ ថ្ងៃ​សុក្រ​នេះ​ បើ​ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភពី​សហគមន៍​អន្តរជាតិ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ហើយ​ស្នើឱ្យ​ពន្យា​ពេល​ និង​បើក​ការ​ពិភាក្សា​ឱ្យ​បាន​ទូលំទូលាយ​ក៏​ដោយ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។

លោក ​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ច្បាប់​នេះ​អាច​នឹងត្រូវ​គណៈរដ្ឋ​មន្ត្រី​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ​ ហើយ​នឹងទៅ​ដល់​សភា​យ៉ាង​យូរ​បំផុត​នៅ​ដើម​សប្តាហ៍​ក្រោយ។​

«ពេល​គណៈរដ្ឋ​មន្ត្រី​គាំទ្រ​អនុម័ត​ច្បាប់​ហ្នឹង​បើ​តាម​រដ្ឋបាល​នឹង​ផ្ញើ​ទៅជូន​រដ្ឋ​សភា​។ តាមរយៈ​អ្វី ដែល​យើង​មាន​ការ​ពិសោធន៍​ បើ​គ្មាន​ការ​កែប្រែ​គ្មាន​អ្វី​ទេ​ភាគច្រើន​ ថ្ងៃ​ច័ន្ទ​ ថ្ងៃអង្គារ​ ឬពុធ​ទៅដល់​រដ្ឋសភា​ហើយ‍»។​

នីតិវិធី​ក្នុង​ការ​តាក់​តែង​កែលម្អ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល​ចូលរួម​បញ្ចេញ​យោបល់​បន្ថែម​ទៀតទេ ​បើ​ទោះបី​ជា​មាន​ការ​ទទូចសុំ​យ៉ាង​ណាក៏ដោយ​ ដោយសារ​តែ​រដ្ឋាភិបាល​លើក​ហេតុផល​ថា​បាន​ជួប​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​ពីរ​ដង​រួច​មក​ហើយ​ និង​មាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ស្ថានទូត​មួយ​ចំនួន​ផង​ដែរ។​

លោកស្រី ចក់ សុភាព ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជានៅ​តែ​បន្ត​ទាមទារ​ឱ្យ​បើកចំហរ ​ទទួល​យក​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល ​បើ​ទោះបី​ជា​ច្រក​នៃ​ការ​ទទួល​យក​ហាក់​បាន​ផុត​ទៅ​ហើយ​នៅ​ក្នុង​កម្រិត​រាជរដ្ឋាភិបាល។

លោក​ស្រី បន្ថែម​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​បន្ត​ទាមទារ​នៅ​កម្រិត​សភាជាតិ​ នៅ​ពេល​ដែល​ច្បាប់​នេះ​ទៅដល់​សភាជាតិ​មុន​នឹង​មាន​ការ​អនុម័ត​ណាមួយ។​

លោកស្រី ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅក្នុង​បន្ទប់​ថត​សំឡេង​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោកស្រី ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅក្នុង​បន្ទប់​ថត​សំឡេង​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

«សម្រាប់​យើង​គឺ​មាន​ជម្រើស​ចុងក្រោយ​បន្ត​ទៀត​ គឺ​រដ្ឋ​សភា​ ហើយ​យើង​សង្ឃឹម​ថា​នៅ​កម្រិត​រដ្ឋ​សភា​ ដែល​បច្ចុប្បន្ននេះ​យើង​មាន​គណបក្ស​ជំទាស់​នៅ​ក្នុង​នោះ​ដែរ​នឹង​ធ្វើ​ការ​យ៉ាង​ម៉េច​ធានា​ថា ​នឹង​មាន​ការ​បើកចំហរ ​និង​មាន​ការ​ពិគ្រោះ​យោបល់​ឱ្យ​បាន​ពេញលេញ។ ខ្ញុំ​សង្ឃឹម​ថា​ មិន​យក​តាម​គំរូ​ច្បាប់​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​តុលាការ ​ឬច្បាប់​បោះឆ្នោត​ដែល​ធ្វើ​ការ​អនុម័ត​ក្នុង​ពេល​មួយ​ដ៏ខ្លី​រហូតដល់​ច្បាប់​ខ្លះ​មាន​រយៈពេល​មួយ​ម៉ោង​អញ្ចឹង​ ខ្ញុំ​គិត​ថា​ វាអត់​មាន​ន័យ​អ្វី​ទេ​ បាន​ន័យ​ថា ​សភា​ទៅ​ជា​កន្លែង​មួយ​គ្រាន់​តែ​ប្រ​ថាប់​ត្រា​នូវ​អ្វី ​ដែល​នីតិប្រតិបត្តិគាត់​បាន​ព្រាងចេញ​តែប៉ុណ្ណោះ‍»។​

ចំណុច​ដែល​បង្ក​ឱ្យ​មាន​ជា​ការ​ព្រួយ​បារម្ភ​គឺ​ ការ​កំហិត​លើ​ការ​ចំណាយ​រដ្ឋបាល​ដែល​មិន​ឱ្យ​លើ​សពី​២៥ភាគរយ ​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​របស់​អង្គការ និង​សមាគម​ និង​ការ​ធ្វើ​របាយការណ៍​ស្តី​ពី​ហិរញ្ញ​វត្ថុ​របស់​អង្គការ​ផង​ដែរ។​

លោកស្រី ធីតា ឃិះ នាយិកា​អង្គការ​សីលកា (SILAKA) ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA លើ​ប្រធានបទ​ស្តី​អំពី «ការ​ចូលរួម​របស់​ស្ត្រី​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​រួម​នៅ​ចុង​ឆ្នាំ២០១៥» កាល​ពី​ថ្ងៃព

លោកស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលកា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​តស៊ូមតិ​ ការ​ជួយ​សង្គ្រោះ ការ​ជួយ​តាម​ដាន​ និង​ការ​ផ្តល់​យោបល់​ទាំងអស់​នេះ​ឯង​ គឺ​ជា​អង្គការ​ដែល​ត្រូវ​ការ​ខាង​ផ្នែក​ធនធាន​មនុស្ស​ច្រើន​។ ដូច្នេះ​នៅ​ពេល​ណា​ដែល​មាន​កម្រិត​នៅ​ក្នុង​ការ​ចាយ​លុយ ថា​រដ្ឋបាល​មិន​ឱ្យ​លើស​២៥​ភាគរយ នោះ​នឹង​ប៉ះពាល់​ដល់​ទៅដល់​សេវា​អ្នក ​ដែល​ធ្វើ​ការងារ​ខាង​ផ្នែក​តាមដាន​ និង​ជួយ​សង្គ្រោះ​ ពីព្រោះ​បើ​ឱ្យ​តែ​២៥ភាគរយ​គឺ​មាន​ន័យ​ថា​ យើង​ទាំង​អស់​គ្នា​ដើរ​ជា​អ្នក​ចែក​អំណោយ​ហើយ‍»។

​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ និង​គាំទ្រ​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​ ដែល​ចង់​ឱ្យ​មាន​ការ​ពិភាក្សា​បើក​ចំហរ។​

លោក​ស្គុត បើសប៊ី​ (Scott Busby) ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ។
លោក​ស្គុត បើសប៊ី​ (Scott Busby) ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ។

លោក ស្កត ប៊ឺសប៊ី ឧបការីរង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស​ និង​ការងារ ​បាន​ចំណាយ​ពេល​ពីរថ្ងៃ​នៅប្រទេស​កម្ពុជា​កាលពី​ដើម​សប្តាហ៍​នេះ ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ព្រួយ​បារម្ភ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

លោក ​ផៃ ស៊ីផាន បាន​ច្រាន​ចោល​ក្តី​កង្វល់​ ដែល​ភាគី​ពាក់​ព័ន្ធ​នានា​ បាន​លើកឡើង​ក្នុង​ពេល​កន្លង​មក​ទាក់​ទង​នឹង​ការ​បាត់​សិទ្ធិ​ និង​បាត់​ជំនួយ​អភិវឌ្ឍន៍៖​

«អ្វី​ដែល​ជា​ទម្លាប់​គឺ​រាជរដ្ឋាភិបាល​មិន​ដែល​ធ្វើ​ច្បាប់​ណា​ ដែល​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ឬ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ ប្រជាពលរដ្ឋ​ខ្លួន​ឯង​ទេ​។ ដូច្នេះ​អ្វី ដែល​ខ្ញុំ​មើល​ឃើញ​ដូចជា​គ្មាន​ហេតុផល​ណា​ទៅ​ប្រឆាំង​នឹង​ម្ចាស់​ជំនួយ​ ដែល​ប្រឆាំង​នឹង​សកម្មភាព​ណា​ទទួល​ថវិកា​ពី​ម្ចាស់​ជំនួយ​មក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ឯង​ទេ​ គឺ​អត់​មាន​ទេ។ មាន​តែ​រដ្ឋាភិបាល​ហ្នឹង​ ជួយ​ពង្រឹង​តម្លា​ភាព​ ជួយ​ពង្រឹង​សកម្មភាព​មួយ​ដែល​ម្ចាស់​ជំនួយ​ត្រូវ​តែ​ដឹង‍»។​

លោក ​ផៃ ស៊ីផាន​ បាន​លើក​ឡើង​ថា ​យោង​តាម​សេចក្តីព្រាង​ដែល​លោក​បាន​ឃើញ​ គឺ​មិន​មាន​អ្វី​ដូចជា​ការ​ព្រួយបារម្ភ​ដែល​អង្គការ ​និង​សហគមន៍​អន្តរជាតិ​បាន​លើកឡើង​ទេ៖

«ដូច​សម្តេច​តេជោ​លោក​បាន​មាន​ប្រសាសន៍ ​ហើយ​ថា​គួរ​កុំ​ព្រួយ​បារម្ភ​ពេក​ រៀន​ទុក​ចិត្ត​គ្នា​ឯង​ផង​ហើយ​ចាំមើល​ៗ​ថា​ច្បាប់​ហ្នឹង​វា​យ៉ាង​ម៉េច​ដែរ? ខ្ញុំ​ជឿ​ថា​ នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅដល់​រដ្ឋ​សភា​ អ្នក​ដែល​ព្រួយ​បារម្ភ​អាច​នឹង​ក្លាយ​ទៅ​ជា​សប្បាយ​រីករាយ ហើយ​យើង​ទាំងអស់​គ្នារួម​ធ្វើ​ការ​កសាង​ជាតិ​ទាំងអស់​គ្នា‍»។

អង្គការ​សង្គមស៊ីវិល​បាន​រៀបចំ​យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា«ឈប់​ និង​ពិគ្រោះ​‍យោបល់» ឬ (Stop and Consult)​ ‍‍​ទាំង​នៅ​ឆាក​ជាតិ​ និង​អន្តរជាតិ ដោយ​សារ​គេ​ព្រួយបារម្ភ​ថា​ គម្រោង​អភិវឌ្ឍន៍​ជាង​៤០០០ នឹង​រង​ផល​ប៉ះពាល់ ហើយ​អ្នក​ទទួល​ផល​ពី​គម្រោង​ជាង​មួយ​លាន​នឹងបាត់​ប្រយោជន៍​ផងដែរ៕

XS
SM
MD
LG