ការបន្ត​សវនាការ​លោក កឹម សុខា នាំឲ្យ​មាន​មតិ​ចម្រុះ​ពី​អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ ជួប​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​គេហដ្ឋាន​របស់​លោក មុន​នឹង​ចេញ​ទៅ​ចូលរួម​ក្នុង​សវនាការ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២០។

អនាគត​នយោបាយ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិលោក​ កឹម សុខា ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ បន្ទាប់​ពី​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​សវនាការ​ជាថ្មី​នៅ​ដើម​ឆ្នាំ​ក្រោយ​ ជា​ពេល​ដែល​កម្ពុជា​ នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​នេះ ​បើ​តាម​អ្នក​វិភាគ​ និង​អ្នក​ឃ្លាំ​មើល​នយោបាយ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​ប្លង់ សុផល ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ ឆ្នាំ​២០២១ ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​ កឹម សុខា​ ចូល​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​មករា​ ឆ្នាំ​២០២២។​

ការ​ប្រកាស​ឲ្យ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​ចូល​សវនាការ​នៅ​ដើម​ឆ្នាំ​២០២២​ខាង​មុខ​ កើត​មាន​បន្ទាប់​ពី​សវនាការ​របស់​លោក​ដែល​បាន​ធ្វើ​ឡើង​កាលពី​ដើម​ឆ្នាំ​២០២០​ អស់​រយៈពេល​ជាច្រើន​សប្តាហ៍​នោះ​ ត្រូវ​បាន​លើក​ពេល​ជិតពីរ​ឆ្នាំ​កន្លង​មក ​ដោយ​ហេតុផល​ថា​ បារម្ភ​អំពី​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩។​

អ្នក​តាម​ដាន​នយោបាយ​នៅ​កម្ពុជា​លោក ឯម ​សុវណ្ណារ៉ា​ លើក​ឡើង​ថា ​ការ​ប្រកាស​បន្ត​សវនាការ​លើ​លោក ​កឹម សុខា ​គ្រាន់​តែ​ជា​ការ​បំពេញ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី​នៃ​ការ​ជម្រះ​ក្តី​ប៉ុណ្ណោះ ​ហើយ​ការ​សម្រេច​របស់​តុលាការ​លើ​រឿង​ក្តី​លោក​ កឹម សុខា​ ក៏​ទំនង​ជា​មិន​អាច​ធ្វើ​ឡើង​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​មេ​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​ខាង​មុខ​នោះ​ដែរ។​

លោក​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖​ ​«ខ្ញុំ​គិត​ថា ​នីតិវិធី​ច្បាប់​របស់​ប្រព័ន្ធ​តុលាការ​គ្រាន់​តែ​ជា​នីតិវិធី​ទេ ​ ...​ឲ្យ​ចេញ​ជា​លទ្ធផល​ ឬ​ការ​សម្រេច​បែប​ណា ​បច្ចុប្បន្ន​ខ្ញុំ​គិត​ថា ​មិន​មើល​ឃើញ​តម្រុយ ​ឬ​ក៏​ដំណោះ​ស្រាយ​ណា​ដែល​តុលាការ​អាច​ចេញ​សេចក្តី​សម្រេច​សម្រាប់​ទោស​លោក​ កឹម សុខា​ ទេ​ នៅ​ក្នុង​រង្វង់​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ»។​

ចំណែកអ្នក​វិភាគ​នយោបាយ​ លោក​ សេង សារី ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ការ​ប្រកាស​បើក​សវនាការ​សំណុំ​រឿង​លោក​ កឹម សុខា​ឡើង​វិញ​ នៅ​ដើម​ឆ្នាំ​២០២២​ខាង​មុខ​នេះ ​អាច​មាន​សេណារីយ៉ូ​ចំនួន​ពីរ ​(ពីរច្រក ឬផ្លូវ)។​

លោក​លើក​ឡើង​អំពី​សេណារីយ៉ូ​ (ច្រក ​ឬ​ផ្លូវ)​ ទី​១​ថា ​ លោក​ កឹម សុខា ​អាច​នឹង​មិន​មាន​ទោស ​ប៉ុន្តែ​សេណារីយ៉ូ​ (ច្រក ​ឬ​ផ្លូវ) ​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​ពាក់​ព័ន្ធ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។​

លោក​ថ្លែង​ថា៖​ «បើ​សិន​ជា​លោក ​កឹម សុខា ​គ្មាន​ទោស ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​អត់​មាន​កំហុស​ដែរ ​ព្រោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​ដោយសារ​តែ​ប្រធាន​បក្ស​ហ្នឹង ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ​មាន​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។​ អ៊ីចឹង​សង្គ្រោះ​ជាតិ​ត្រូវ​ត្រឡប់​មក​ចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ ​ឆ្នាំ​២០២៣​ ឡើង​វិញ។ ​ក៏​ប៉ុន្តែ ​ខ្ញុំ​មិន​សង្ឃឹម​ថា សេណារីយ៉ូ​ (ច្រក ​ឬ​ផ្លូវ)​ នេះ ​កើត​ឡើង​ទេ»។​

អ្នក​វិភាគ​នយោបាយ​រូប​នេះ​ ពន្យល់​អំពី​សេណារី​យ៉ូ​ (ច្រក ​ឬ​ផ្លូវ)​ ទី​ពីរ​ថា ​លោក​ កឹម សុខា​ អាច​នឹង​ត្រូវ​បាន​កាត់​ទោស ​ហើយ​ព្រះ​មហា​ក្សត្រ​ ប្រកាស​លើកលែង​ទោស​ដើម្បី​លោក​អាច​ត្រឡប់​ចូល​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​ណា​មួយ​ដែល​មិនមែន​ជា​គណបក្ស​សង្រ្គោះ​ជាតិ។​

លោក​និយាយ​ថា៖ ​«ព្រះ​មហា​ក្សត្រ​ អាច​លើកលែង​ទោស​ឲ្យ​តែ​បុគ្គល​ មិន​អាច​លើក​លែង​ទោស​ឲ្យ​បក្ស​បាន​ទេ។​ អ៊ីចឹង​ហើយ​ខ្ញុំ​គិត​ថា​ សេណារីយ៉ូ ​(ច្រក ​ឬ​ផ្លូវ)​ ទី​ពីរ​ អាច​កើត​ឡើង។ ​អ៊ីចឹង​ហើយ​លោក ​កឹម សុខា​ អាច​ត្រឡប់​ចូល​សង្វៀន​នយោបាយ​ឡើង​វិញ ​ក៏​ប៉ុន្តែ ​មិន​ចូល​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ​ពាក្យ​ថា​សង្គ្រោះជាតិ ​នៅ​តែ​ជាប់​ទោស​ដដែល​ហ្នឹង។​ ប៉ុន្តែ​ លោក​ កឹម សុខា​ អាច​ចូល​ក្នុង​នាម​ជា​ប្រធាន​សម្ព័ន្ធ​ណា​មួយ ​ឬ​ក៏​ការ​រួម​គ្នា​នៃ​គណបក្ស​តូចៗ​ ហើយ​គេ​អញ្ជើញ​លោក​ កឹម សុខា​ ជា​ប្រធាន​ទៅ»។​

ដោយ​ឡែក​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត ​ប្រាប់ ​VOA ​ថា ​ការ​បន្ត​សវនាការ​លើ​លោក ​កឹម សុខា ​អាច​ជា​សញ្ញាណ​ល្អ​ក្នុង​ការ​ពន្លឿន​ការ​បញ្ចប់​វិបត្តិ​នយោបាយ។​

«សហគមន៍​អន្តរជាតិ​ ក៏​ដូចជា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ គេ​នៅ​តែ​មើល​ឃើញ​ថា ​វា​ជារឿង​នយោបាយ។ ​អ៊ីចឹង​សវនាការ​នេះ​ វា​ជា​រឿង​ល្អ​មួយ​ដែរ​ ដែល​ពន្លឿន​នីតិវិធី ​ហើយ​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​ដើម្បី​បញ្ចប់​នូវ​វិបត្តិ​នយោបាយ»។​

ការ​ប្រកាស​បន្ត​សវនាការ​កាត់ទោស​លោក​ កឹម សុខា​ ធ្វើ​ឡើង ​បន្ទាប់​ពី​មាន​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ចំនួន​ដោយ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​នោះ​រួម​មាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​របស់​លោក​ អ៊ូ ច័ន្ទរ័ត្ន​ និង​គណបក្ស​កម្ពុជា​និយម​របស់​លោក ​យ៉ែម បុញ្ញឫទ្ធិ​ ជាក្រុម​អ្នក​នយោបាយ​ស្និទ្ធ​នឹង​លោក ​កឹម សុខា។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ​គណបក្ស​ភ្លើង​ទៀន​ដែល​បង្កើត​ឡើង​ដោយ​លោក ​សម រង្ស៊ី ​និងកំពុង​ត្រូវ​បាន​ដឹក​នាំ​ដោយ​មនុស្ស​ស្និទ្ធ​នឹង​លោក ​សម រង្ស៊ី ​ក៏​កំពុង​ដំណើរ​ការ​សម្រាប់​ការ​បោះឆ្នោត​នា​ឆ្នាំ​២០២២​ ខាង​មុខ​ផង​ដែរ។​

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​លោក​ អ៊ូ ច័ន្ទរ័ត្ន ​យល់​ថា ​បើ​តាម​ស្ថានភាព​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន ​លោក​ កឹម សុខា ​អាច​នឹង​ត្រូវ​តុលាការ​ពិចារណា​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្នុង​សវនាការ​ដែល​គ្រោង​ធ្វើ​នា​ចុង​ខែ​មករា​ ឆ្នាំ​២០២២។​

បើ​តាម​លោក​ អ៊ូ ច័ន្ទរ័ត្ន​ គណបក្ស​កែទម្រង់​កម្ពុជា ​ទទួល​ស្វាគមន៍​លោក​ កឹម សុខា​ឲ្យ​មក​ធ្វើ​ជា​មេ​ដឹកនាំ​ ប្រសិន​បើ​លោក​ កឹម សុខា​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព។​

«ខ្ញុំ​មិន​ដឹង​ថា​ គាត់​អាច​សម្រេច​យ៉ាង​ណា​ទេ ​ព្រោះ​យើង​អត់​ដឹង។ ​ប៉ុន្តែ ​គណបក្ស​ណា​ក៏​ដោយ​ក្នុង​ចំណោម​គណបក្ស​ប្រឆាំង​ ខ្ញុំ​ជឿ​ថា​ នឹង​ទទួល​ស្វាគមន៍​លោក​ [កឹម សុខា]»។​

អ្នកស្រី ​ម៉េង សុភារី​ មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ ថ្លែង​ថា ​ ​ក្រុម​មេធាវី​ មិន​ទាន់​អាច​កំណត់​ថា​ តើ​សវនាការ​ខាង​មុខ​នេះ​ នឹង​មាន​លទ្ធផល​បែប​ណា​នៅ​ឡើយ​ទេ​ ដោយ​សារ​សំណុំ​រឿង​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោបាយ។ ​ អ្នកស្រី​ប្រាប់ ​VOA ​បន្ថែម​ដោយ​រំពឹង​ថា​ សំណុំ​រឿង​របស់​លោក​ កឹម សុខា ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​នយោបាយ។​ ​

«យើង​ដឹង​ហើយ​ថា​ សំណុំ​រឿង​របស់​ឯកឧត្តម​ កឹម សុខា ​ហ្នឹង ​អ្នក​ណា​ក៏​ដឹង​ថា​ ជា​សំណុំ​រឿង​នយោបាយ​ដែរ។ ​អ៊ីចឹង​បើ​ជា​រឿង​នយោបាយ​ទេ​ ខ្ញុំ​គិត​ថា​ ការ​ដោះ​ស្រាយ​តាម​បែប​នយោបាយ ​គឺ​ជា​ជម្រើស​មួយប្រសើរ​សម្រាប់​ករណី​ហ្នឹង។ ​ហើយ​យើង​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​លើ​ករណី​ហ្នឹង​ ពីព្រោះ​ថា​ កន្លង​មក​ខ្មែរ​យើង​ ក៏​ធ្លាប់​មាន​ប្រវត្តិ​ប្រឈម​មុខ​គ្នា​ជា​ច្រើន ​ហើយ​ក៏​មាន​ប្រវត្តិ​ជូរ​ចត់​ជា​ច្រើន​ដែរ​រវាង​ខ្មែរ​ និង​ខ្មែរ​យើង​ហ្នឹង​ ប៉ុន្តែ​នៅ​តែ​អាច​ស្វែង​រក​ដំណោះ​ស្រាយ​បាន»។​

លោក​ កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៧ ​ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។ ​ក្រោយ​ការ​ចាប់​ខ្លួន លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ ​ក្រោយ​មក​លោក​ត្រូវ​បាន​ដោះ​លែង​ តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​មាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ មិន​អនុញ្ញាត​ឲ្យ​ទៅ​ក្រៅ​ប្រទេស ​និង​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន៕