កម្ពុជា​រក​ឃើញ​កូវីដ​បម្លែង​ថ្មី​ក្នុង​ចង្កោម​ឆ្លង​សហគមន៍​ធំ​បំផុត

បុគ្គលិកសុខាភិបាលកំពុងណែនាំស្ត្រីម្នាក់ដែលបានតម្រង់ជួរដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​សុខាភិបាលបាន​បញ្ជាក់​ពី​វត្ត​មានវីរុស​កូរ៉ូណា​បម្លែង​ខ្លួន​ថ្មី ក្នុង​ចង្កោម​ផ្ទុះ​ឆ្លង​វីរុស​រាត​ត្បាត​នេះ​ក្នុង​សហគមន៍​លើក​ទី​ ៣ ជា​កំណត់ត្រា​ធំ​បំផុត​របស់​កម្ពុជា។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ផង​ដែរ​ថា ចង្កោម​នៃ​ការ​ផ្ទុះ​ឆ្លង​ថ្មី​ ដែល​រដ្ឋ​ហៅ​ថា​ជា​ព្រឹត្តិការណ៍​សហគមន៍ ​«២០​កុម្ភៈ» ​នេះ អាច​រាលដាល​ជា​ការ​ផ្ទុះ​ឆ្លង​ទ្រង់​ទ្រាយ​ធំ។

រាប់​ចាប់​តាំង​ពី​ការ​ផ្ទុះ​ការ​ឆ្លង​សហគមន៍​កាល​ពី​ថ្ងៃ​សៅរ៍​មក កម្ពុជា​មាន​ករណី​វិជ្ជមាន​រក​ឃើញ​អ្នក​ឆ្លង​ជិត​ ១០០​ នាក់ក្នុង​សហគមន៍ នា​រយៈពេល​ ៤ ​ថ្ងៃ​ចុង​ក្រោយ។

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា​ អាជ្ញាធរ​បាន​រក​ឃើញ​ ២៣​ ករណី​វិជ្ជមាន​ថ្មី ​ក្នុង​ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​លើក​ទី​ ៣ ​នេះ ដែល​នាំ​ឱ្យ​ករណី​ឆ្លង​ថ្មី​សរុប​ចុងក្រោយ​ឡើង​ដល់ ​៩៩ ករណី។

ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ថា ​ក្នុង​ចំណោម​ករណី​វិជ្ជមាន​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ មាន ​៣ ​ករណីវីរុស​កូរ៉ូណា​វ៉ារ្យ៉ង់ (Variant) ​ថ្មី ដែល​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស ជា​ប្រភេទ​វីរុស​បម្លែង​ខ្លួន ដែល​មន្ត្រី​សុខាភិបាល​កម្ពុជា​បារម្ភ​អំពី​លទ្ធភាព​ឆ្លង​រហ័ស។

លោកស្រី​អ្នកនាំពាក្យ​រូបនេះ​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​យើង​បាន​ដាក់​ការ​សង្ស័យ​រួច​មក​ហើយ ដោយ​សារ​តែ​ស្ថាន​ភាព​នៃ​ការ​ឆ្លង វា​ខុសពី​ព្រឹត្តិការណ៍ ​៣ វិច្ឆិកា វា​ខុស​ពី​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា ហើយ​ឥឡូវ​នេះ​ការ​ឆ្លង​នេះ ​វា​លឿន»។​

លោកស្រី​វេជ្ជ​បណ្ឌិត​បញ្ជាក់​ថា ​វីរុស​កូវីដ​១៩ ​បម្លែង​ខ្លួន​ថ្មី​នេះ ងាយ​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត ហើយ​ក៏​លំបាក​ព្យាបាល​ផង​ដែរ។ តែ​លោក​ស្រី​មិនទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ​វីរុស​បម្លែង​ខ្លួន​ថ្មី​នេះ​ជា​ដើម​ហេតុ​នៃ​ការ​ផ្ទុះ​ឆ្លង​ ឬ​យ៉ាង​ណា។

«ខ្ញុំ​អត់​ទាន់​និយាយ​ថា​ជា​មូល​ហេតុ​នៃ​ការ​ផ្ទុះទេ​ណា។ អត់​ទាន់​និយាយ​ទេ ព្រោះ​ក្រុម​ការងារ​កំពុង​សិក្សា»។

មន្ត្រី​សុខា​ភិបាល​រូប​នោះ​បាន​ថ្លែងបង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ «ស្ថានភាព​មិន​ល្អ​សម្រាប់​យើង​» ហើយ​«ការ​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​ដ៏​លំបាក»។

ក្រសួង​អប់រំបាន​សម្រេច​បិទ​សាលា​រៀន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្ដាល ​រយៈពេល​ពីរ​សប្ដាហ៍ ជា​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​វិធាន​ការ​ទប់​ស្កាត់​ការ​រាតត្បាត​ក្នុង​កំណត់​ត្រា​ធំ​បំផុត​លើក​នេះ។

សារមន្ទីរ រោង​ភាព​យន្ត រោង​ល្ខោន នៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល ក៏​ត្រូវ​បិទ​ទ្វារ​ពីរ​សប្ដាហ៍​ដូច​គ្នា ស្រប​តាម​បញ្ជា​របស់​ក្រសួង​វប្បធម៌។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​សុខភាព​ពិភពលោក​សម្ដែងក្ដី​ព្រួយ​បារម្ភ​និង​ព្រមាន​ថា ​ស្ថានភាព​នៃ​ចង្កោម​ឆ្លង​លើក​នេះ​អាច​នឹ​ង​ជួប «ស្ថាន​ភាព​អាក្រក់​បំផុត» ​ដែល​រដ្ឋ​អំណាច​និង​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ចៀស​វាង​ឱ្យ​ខាន​តែ​បាន។

ក្នុង​សន្និសីទ​ដដែល​នៅ​ក្រសួង​សុខាភិបាល​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ លោក​ស្រី​វេជ្ជ​បណ្ឌិត Li Ailan បានលើក​ឡើង​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ច្បាស់​នៅ​ទី​នេះ​ថា ​យើង​កំពុង​ជួប​ហានិភ័យ​នៃ​ការ​ផ្ទុះ​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​ធំ​ធេង​ជាង​នេះ។ យើង​ត្រូវ​ធ្វើ​ការ​រួមគ្នា​ដើម្បី​បញ្ចៀស​នូវ​សេណារីយោ​អាក្រក់​បំផុត​នៃ​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ នៅ​ក្នុង​សហគមន៍»។

លោកស្រី Li Ailan ក៏​បាន​បន្ថែម​ដែរ​ថា ករណី​វិជ្ជមាន​នៃ​ការ​ផ្ទុះ​ឆ្លង​វីរុស​កូវីដ​១៩ ​ក្នុង​សហគមន៍​ថ្មី​នេះ​នឹង​ហក់​ឡើង​លើស​ពី​ ១០០ ​ករណី។

«វីរុស​ធ្វើ​ដំណើរ​លឿន​ណាស់ ដែល​យើង​ត្រូវ​តែ​រត់​ទៅ​ឱ្យ​បាន​មុន​វា ហើយ​បើ​សិន​ជា​វិធានការនានាត្រូវ​បាន​អនុវត្ត​ព្រមៗ​គ្នា​ក្នុង​ពេល​ដ៏​ខ្លី យើង​អាច​កាត់​ផ្ដាច់​ខ្សែ​ចង្វាក់​នៃ​ការ​ឆ្លង​នេះ​បាន»។

បើ​តាម​រដ្ឋាភិបាល​កម្ពុជា ការ​ផ្ទុះ​ឆ្លង​ក្នុង​កំណត់​ត្រា​ធំបំផុត​ដែល​ខ្លួន​បាន​ជួប​ប្រទះ​នេះ ក្នុងចំណោម ​៩៩ ​ករណី មាន​យ៉ាងតិច​ ៨១ ​ករណី​ជា​ជនជាតិ​ចិន ដែល​ក្នុង​នោះ​ក៏​មាន​ផង​ដែរអ្នកដំណើរជនជាតិ​ចិន​ សូកប៉ាន់​សន្ដិសុខ​សណ្ឋាគារ​ធ្វើ​ចត្តាឡីស័ក ដើម្បី​ចេញ​ដើរ​ទៅ​ក្រៅ​ផង​ដែរ។

រដ្ឋាភិបាល​ប្រកាស​ថា​ ចង្កោម​ឆ្លង​ធំ​បំផុត​នៃ​ព្រឹត្តិការណ៍​សហគមន៍​លើក​នេះ កើត​ឡើង​ក្នុង​ក្លឹប​កម្សាន្ត​N8 ក្នុង​ខណ្ឌ​បឹង​កេង​កង រាជធានី​ភ្នំពេញ។

ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​នេះ កើត​មាន​ឡើង​ ស្រប​ពេល​កម្ពុជា​កំពុង​បន្ត​ពង្រាយ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ស៊ីណូហ្វាម​ (Sinopharm) ដែល​កម្ពុជា​ទើប​ទទួល​បាន​ ៦០ ​ម៉ឺន​ដូស​ពី​រដ្ឋាភិបាល​ចិន។

លោកស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា ​វ៉ាក់សាំង​ទាំង Sinopharm ទាំង​វ៉ាក់​សាំង​ដទៃ មិន​ទាន់​មាន​ទិន្នន័យ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ច្បាស់នៅ​ឡើយ​ថា ​វ៉ាក់​សាំង​ទាំង​នេះ​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ១៩ ​បម្លែង​ថ្មី​បាន​កម្រិត​ប្រសិទ្ធភាព​ប៉ុន្មាន​ភាគរយ។

លោកស្រី​បញ្ជាក់​ថា៖ «វ៉ាក់សាំង​នៅ​តែ​មាន​ផល​ប្រយោជន៍​សម្រាប់​បុគ្គល​ក្នុង​ការ​បង្កើត​កង​ការ​ពារ សម្រាប់​ទប់​ស្កាត់​នឹង​ការ​វាយ​លុក សម្រាប់​ទប់​ស្កាត់​នូវ​ភាព​ធ្ងន់ធ្ងរ​ពី​ការ​វាយ​លុក​ដោយ​វីរុស​កូវីដ​១៩ មិន​ថា​ឥឡូវ​ឬ​ក៏​បម្លែង​ទេ»។

លោកស្រី Li Ailan តំណាង​អង្គការសុខភាព​ពិភព​លោក ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ពង្រាយ​ចាក់​វ៉ាក់​សាំង Sinopharm នៅ​កម្ពុជា ជា​ប្រការ «ជំរុញ​ទឹក​ចិត្ត» ហើយ​ថា ​ជំនួយ​វ៉ាក់សាំង​ដែល​ធានា​ដោយ​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​កម្ពុជា​នឹង​ជា​ម៉ាក​វ៉ាក់​សាំង AstraZeneca ដែល​នឹង​មក​ដល់​ក្នុង​«ពេល​ឆាប់ៗ»ខាង​មុខ៕