សហរដ្ឋអាមេរិកកំពុងពិចារណារកជម្រើសថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឱ្យអ៊ីរ៉ង់និងកម្លាំងគាំទ្រខ្លួនក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីទទួលខុសត្រូវ លើការវាយប្រហារតាមដ្រូនដ៏ប្រល័យមួយ ទៅលើមូលដ្ឋានយោធាអាមេរិកមួយកន្លែង នៅភាគខាងកើតប្រទេសហ៊្សកដានី ខណៈដែលខ្លួនកំពុងព្យាយាមកំណត់ថា តើដ្រូនវាយប្រហារនោះអាចឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសនៃមូលដ្ឋានយោធាអាមេរិកបានយ៉ាងដូចម្តេច។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃចន្ទនិយាយថា ទាហានបម្រុងអាមេរិក ៣ នាក់នៃកងអនុសេនាធំវិស្វកម្ម ៧១៨ នៃមូលដ្ឋានយោធា Fort Moore ក្នុងរដ្ឋ Georgia បានស្លាប់ នៅពេលដែលយន្តហោះដ្រូនបានបើកបំបុកកន្លែងស្នាក់នៅនៃចំណុចប៉ម ២២ (Tower 22) ដែលជាមូលដ្ឋានដឹកជញ្ជូននៅជិតព្រំប្រទល់ប្រទេសស៊ីរី ដែលធ្វើកិច្ចប្រឹងប្រែងសម្របសម្រួលប្រឆាំងនឹងក្រុមភេរវជនរដ្ឋអ៊ិស្លាម។
មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះលើការរកឃើញជាបឋមនោះ បានថ្លែងថា ដ្រូនវាយប្រហារនោះទំនងដូចជាបានឆ្លងចូលក្នុងរង្វង់ប្រព័ន្ធការពាររបស់អាមេរិកដោយសំណាងមួយ ហើយហោះសំដៅមករកមូលដ្ឋាននេះស្របពេលគ្នា ដែលមានដ្រូនអាមេរិកមួយគ្រឿងទៀតបានវិលត្រឡប់ចូលមកមូលដ្ឋានវិញពីបេសកកម្មរបស់ខ្លួនផងដែរ។
មន្ត្រីអាមេរិករូបនេះនិយាយទៀតថា ការណ៍នេះទំនងដូចជាធ្វើឱ្យមានការភាន់ច្រឡំពីដំបូង ដែលធ្វើឱ្យមានការបង្អាក់ដល់ប្រព័ន្ធការពារ ហើយអនុញ្ញាតឱ្យដ្រូននេះហោះចូលមកនិងវាយប្រហារលើបន្ទាយយោធាអាមេរិកមួយនៅពេលជិតភ្លឺ ក្នុងពេលដែលកងកម្លាំងអាមេរិកនៅមិនទាន់ចេញពីបន្ទាយរបស់ខ្លួនទៅបំពេញការងារដូចធម្មតា។
កាសែតអាមេរិកាំង The Wall Street Journal ជាអ្នករាយការណ៍មុនគេ ពីវត្តមានដ្រូនអាមេរិកដែលវិលចូលមូលដ្ឋានវិញ ជួនគ្នានឹងដ្រូនវាយប្រហាររបស់សត្រូវផងដែរនោះ។
ក្រសួងការពារជាតិអាមេរិកនិយាយថា ខ្លួននឹងចាត់វិធានការបន្ថែមទៀត ដើម្បីការពារមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ និងបានដាក់ប្រទេសអ៊ីរ៉ង់និងកងកម្លាំងគាំទ្រប្រទេសនេះ ថាជាអ្នកទទួលខុសត្រូវ ក្នុងការវាយប្រហារដែលបណ្តាលឱ្យមានទាហានអាមេរិកស្លាប់នោះ។
ក្រុមអ្នករិះគន់នៃគណបក្សសាធារណរដ្ឋក្នុងសភាអាមេរិក បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក ដែលមកពីបក្សប្រជាធិបតេយ្យ ឱ្យវាយប្រហារផ្ទាល់ទៅលើអ៊ីរ៉ង់វិញ ប៉ុន្តែមន្ត្រីអាមេរិកដទៃទៀតនិងក្រុមអ្នកជំនាញផ្សេងទៀត មានការប្រយ័ត្នប្រយែងលើការវាយប្រហារតបវិញតាមរបៀបនេះ ដែលអាចនាំទៅធ្វើឱ្យមានសង្គ្រាមរីករាលដាលយ៉ាងឆាប់រហ័សក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល បើទោះបីជាស្ថានភាពនាពេលបច្ចុប្បន្ននេះ ពិបាកនឹងធ្វើឱ្យជៀសផុតពីសង្គ្រាមរីករាលដាលមួយក៏ដោយ។
រីឯកងកម្លាំងអ៊ីស្រាអែលវិញបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ពួកគេបានសម្លាប់យុទ្ធជនប៉ាឡេស្ទីន ៣ នាក់ នៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលគ្រប់គ្រង ដែលក្នុងនោះក៏មានម្នាក់ ដែលយោធាអ៊ីស្រាអែលនិយាយថា ជាសមាជិករបស់ក្រុមហាម៉ាស់ផងដែរ។
ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់យុទ្ធជនទាំង ៣ នាក់នោះ បន្ទាប់ពីសម្រុកចូលទៅក្នុងមន្ទីរពេទ្យ Ibn Sina ក្នុងទីក្រុង Jenin មក។
កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សប្រមាណ ៣៧០ នាក់ ក្នុងតំបន់ West Bank ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។
នៅក្នុងតំបន់ហ្កាហ្សាឯណោះវិញ ការវាយតបរបស់កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២ម៉ឺន ៦ពាន់នាក់ ហើយរហូតមកដល់ពេលនេះ ដោយបំផ្លាញទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់នេះ និងធ្វើឱ្យមនុស្សជិត ៨៥ ភាគរយ រត់ភៀសខ្លួនគ្មានទីជម្រក។
ក្រុមអង្គការផ្តល់ជំនួយអន្តរជាតិចំនួន ២០ កាលពីថ្ងៃចន្ទ បានសម្តែងការគាំទ្រដល់ទីភ្នាក់ងារផ្តល់ជំនួយប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ខណៈពេលដែលប្រទេសម្ចាស់ជំនួយជាច្រើន បានផ្អាកការគាំទ្ររបស់គេដល់អង្គការនេះ ក្រោយពីមានការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិកជាច្រើននាក់របស់អង្គការផ្តល់ជំនួយមួយនេះ អាចមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ។
អង្គការសង្គ្រោះកុមារ Save the Children អង្គការ ActionAid អង្គការ Norwegian Refugee Council និងអង្គការ Oxfam and American Friends Service Committee ស្ថិតក្នុងចំណោមក្រុមអង្គការ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍គាំទ្រដល់ទីភ្នាក់ងារផ្តល់ជំនួយប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ។
ប្រទេសជាច្រើនដែលរួមមានសហរដ្ឋអាមេរិក ដែលជាប្រទេសផ្តល់ជំនួយសំខាន់ផងដែរនោះ និយាយថា គេបានផ្អាកផ្តល់ថវិកាគាំទ្រដល់អង្គការនេះ ក្នុងពេលដែលការស៊ើបអង្កេតមួយកំពុងត្រូវបានធ្វើឡើង៕
វីអូអេសេវាកម្មពែក្សបានចូលរួមផ្តល់ព័ត៌មានសម្រាប់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Associated Press និង Reuters។