ការវិភាគថ្មីមួយអំពីស្ថានភាពនៃការស្រេកឃ្លានសាកលរកឃើញថា សង្គ្រាម ការប្រែប្រួលធាតុអាកាសនិងការធ្លាក់ចុះខាងសេដ្ឋកិច្ចបាននាំឱ្យមនុស្សច្រើនជាងមុនមានការស្រេកឃ្លានធ្ងន់ធ្ងរ នាំឱ្យអន្តរាយដល់សមិទ្ធផលដែលមានកាលពីប៉ុន្មានឆ្នាំមុនៗក្នុងការធ្វើឱ្យសម្រេចគោលដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អ.ស.ប.មិនឱ្យហួសពីឆ្នាំ២០៣០។
ដោយត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃពុធ ទី២៤ ខែមេសា របាយការណ៍សាកលឆ្នាំ២០២៤អំពីវិបត្តិស្បៀងអាហាររកឃើញថា មនុស្ស២៨១លាន៦សែននាក់ឬ២១,៥% នៃមនុស្សត្រូវធ្វើវិភាគកាលពីឆ្នាំ២០២៣ ប្រឈមនឹងកម្រិតខ្ពស់នៃអសន្តិសុខធ្ងន់ធ្ងរក្នុងប្រទេសនិងដែនដី៥៩ដែលមានវិបត្តិម្ហូបអាហារ។
លោក Dominique Burgeon ជានាយកអង្គការស្បៀងអាហារនិងកសិកម្មឬ FAO នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ លោកបាននិយាយថា៖ «នៅពេលយើងនិយាយអំពីអសន្តិសុខស្បៀងធ្ងន់ធ្ងរ គឺយើងនិយាយអំពីការស្រេកឃ្លានសែនធ្ងន់ធ្ងរដែលនាំឱ្យមានការគំរាមកំហែងបន្ទាន់ដល់ជីវភាពនិងជីវិតប្រជារាស្ត្រ»។
លោកបានថ្លែងថា៖ «នេះជាការស្រេកឃ្លានដែលនាំឱ្យមានទុរភិក្សនិងបណ្តាលឱ្យមានមនុស្សស្លាប់ច្រើន។ របាយការណ៍នេះក៏ប្រាប់យើងដែរថាកុមារ៦០%កំពុងមានបញ្ហាទទួលអាហារមិនគ្រប់គ្រាន់នៅក្នុងប្រទេស១០ដែលប្រឈមនឹងកម្រិតខ្ពស់បំផុតនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ»។
សេចក្តីរាយការណ៍នេះនិយាយថា៖ «វិបត្តិស្បៀងអាហារបានកើនឡើងខ្លាំងនៅកន្លែងមានសង្គ្រាម»ក្នុងឆ្នាំ២០២៣ ដូចជានៅតំបន់ហ្កាហ្សានិងប្រទេសស៊ូដង់ជាដើម។ របាយការណ៍នេះថ្លែងថា នៅដំណាច់ឆ្នាំ២០២៣ តំបន់ហ្កាហ្សាបានក្លាយទៅជាកន្លែងមានវិបត្តិស្បៀងអាហារធ្ងន់ធ្ងរជាងគេក្នុងប្រវត្តិសាស្ត្រ។
លោក Gian Carlo Cirri ជានាយកកម្មវិធីស្បៀងអាហារពិភពលោកនៅក្រុងហ្សឺណែវ។ លោកបាននិយាយថា៖ «ស្ថានភាពនៅតំបន់ហ្កាហ្សានាំឱ្យមានការព្រួយបារម្ភខ្លាំង។ យើងទាំងអស់គ្នាដឹងថា យើងជិតមានស្ថានភាពទុរភិក្សហើយ»។
«ការទទួលអាហារមិនគ្រប់គ្រាន់ក្នុងចំណោមកុមារកំពុងរាលដាល។ យើងស្ទង់ប្រមាណថា៣០%នៃក្រុមកុមារអាយុតិចជាង២ឆ្នាំខ្វះអាហារយ៉ាងធ្ងន់ធ្ងរឬមានទម្ងន់តិច ហើយចំនួន៧០%នៃប្រជារាស្ត្រក្នុងប៉ែកខាងជើងតំបន់ហ្កាហ្សាកំពុងប្រឈមនឹងការស្រេកឃ្លានខ្លាំង។
លោក Gian Carlo Cirri បានថ្លែងថា៖ «មានភស្តុតាងសមហេតុផលថា ការចាប់ផ្តើមទាំងបីនៃទុរភិក្សគឺអសន្តិសុខស្បៀង ការមានអាហារមិនគ្រប់គ្រាន់និងការស្លាប់នឹងកើតមានក្នុងពេល៦អាទិត្យទៀត» ដោយលោកបានកត់សម្គាល់ថា មនុស្សនៅហ្កាហ្សាមិនអាចមានអាហារមូលដ្ឋានបំផុតរបស់ពួកគេទេ។ មនុស្សភាគច្រើនបានលក់របស់របររបស់ពួកគេដើម្បីទិញអាហារ។
លោកបានថ្លែងថា៖ «ពួកគេក្រីក្រណាស់ហើយជនខ្លះក្នុងបណ្តាពួកគេកំពុងស្លាប់ដោយសារការស្រេកឃ្លាន»។ លោកបានបន្ថែមថា៖ «នៅពេលយើងប្រកាសអំពីទុរភិក្ស វាហួសពេលណាស់ទៅហើយ។ យើងបានបាត់បង់មនុស្សច្រើននាក់ទៅហើយ»។
លោកស្រី Courtney Blake ទីប្រឹក្សាជាន់ខ្ពស់ខាងមនុស្សធម៌នៅស្ថានបេសកកម្មសហរដ្ឋអាមេរិកនៅក្រុងហ្សឺណែវបាននិយាយប្រាប់ពួកអ្នកកាសែតថា ពួកមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយច្បាស់លាស់ថា ត្រូវមានវិធានការថែមទៀតដើម្បីបន្ធូរបន្ថយស្ថានភាពនេះ។
លោកស្រីបានថ្លែងថា៖ «អ៊ីស្រាអែលត្រូវតែបើកឱ្យមានការដឹកជញ្ជូនស្បៀងអាហារដោយគ្មានការបង្អាក់ទៅកាន់ប៉ែកខាងជើងនិងផ្នែកខាងត្បូងនៃតំបន់ហ្កាហ្សាដើម្បីប្រែក្រឡះស្ថានភាពស្បៀងដែលធ្ងន់ធ្ងរយ៉ាងលឿននិងបញ្ចៀសកុំឱ្យមានមនុស្សស្លាប់ដោយសារទុរភិក្ស ការមានអាហារមិនគ្រប់គ្រាន់ធ្ងន់ធ្ងរនិងការមានជំងឺរាលដាល»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបដិសេធថា គ្មានមនុស្សមានទុរភិក្សនៅក្នុងតំបន់ហ្កាហ្សាទេ ហើយលោកបានបន្ទោសក្រុមហាម៉ាស់អំពីការគ្មានជំនួយមនុស្សធម៌ដឹកជញ្ជូនចូលក្នុងដែនដីត្រូវកាន់កាប់នេះ។
លោក Burgeon នៃអង្គការ FAO និយាយថាប្រទេសស៊ូដង់កំពុងប្រឈមនឹងវិបត្តិស្រេកឃ្លាននិងតម្រូវឱ្យមានសកម្មភាពបន្ទាន់ដើម្បីបញ្ឈប់ការចុះថមថយយ៉ាងលឿននៃស្ថានភាពសន្តិសុខស្បៀងអាហារនៅក្នុងប្រទេសនេះ។
លោក Burgeon បាននិយាយថា៖ «យើងមានមនុស្សប្រមាណ១៨លាននាក់កំពុងមានអសន្តិសុខស្បៀងធ្ងន់ធ្ងរ...ហើយយើងមានមនុស្សប្រមាណ៥លាននាក់ដែលឋិតក្នុងលំដាប់ IPC 4 គឺថា ជិតមានទុរភិក្សហើយ ហើយមនុស្ស៩នាក់ក្នុងចំណោមមនុស្ស១០នាក់នៃក្រុមជនទាំងនេះ...កំពុងឋិតនៅក្នុងកន្លែងមានបញ្ហានេះធ្ងន់ធ្ងរគឺតំបន់ Darfur, Kordofan, Al Jazirah និងតំបន់ Khartoum។
លោក Burgeon បានថ្លែងថា៖ «អ្វីដែលនាំឱ្យយើងបារម្ភខ្លាំងណាស់នោះគឺមនុស្សទាំងនេះពឹងពាក់លើកសិកម្មសម្រាប់ជីវភាពពួកគេ។ នៅតែពីរបីអាទិត្យទៀតនឹងដល់រដូវដាំដុះហើយ។ វាជាការសំខាន់ណាស់ដែលយើងត្រូវតែផ្តល់ធាតុចូលខាងកសិកម្មឱ្យទាន់ពេលវេលាដើម្បីឱ្យពួកគេអាចដាំដំណាំរបស់ពួកគេបាន»។
លោក Stefano Fedele ជាអ្នកសម្របសម្រួលខាងអាហារូបត្ថម្ភសាកលនៃអង្គការ UNICEF នៅក្រុងហ្សឺណែវ។ លោកកត់សម្គាល់ថា កុមារ៣៦លាន៤សែននាក់ក្រោមអាយុ៥ឆ្នាំនៅក្នុងប្រទេស៣២មានវិបត្តិកំពុងខ្វះអាហារធ្ងន់ធ្ងរ ហើយមាន៩លាន៨សែននាក់ខ្វះអាហារធ្ងន់ធ្ងរហើយត្រូវការឱ្យមានការព្យាបាលបន្ទាន់។
លោកបាននិយាយថា៖ «កុមារទាំងនេះប្រថុយប្រថាននឹងការស្លាប់។ ហើយទោះជាពួកគេរើបពីកង្វះអាហារូបត្ថម្ភក៏ដោយ ក៏ពួកគេទំនងជាមិនមានសក្តានុពលនៃការលូតលាស់ទេ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតបុគ្គល តែក៏ប៉ះពាល់ដែរដល់សក្ដានុពលនៃការអភិវឌ្ឍប្រទេសមួយបាន»៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ