ខណៈមនុស្សនៅជុំវិញពិភពលោកស្វាគមន៍ឆ្នាំថ្មីជាមួយនឹងការជូនពរឲ្យមានសន្តិភាពនិងវិបុលភាព មនុស្សជាច្រើនដែលរស់នៅតាមតំបន់មានជម្លោះនៅតំបន់អាស៊ីខាង ត្បូងគិតថាតំបន់ Kashmir កំពុងប្រឈមនឹងឆ្នាំដ៏លំបាកមួយ។ ភាពតានតឹងរវាងប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នានោះ នឹងប៉ះពាល់ដល់កសិករដាំផ្លែឈើនៅក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ។
ខណៈផ្លែប៉ោមទុំរលួយពេញដើម លោក Khwaja Maqsood Qadir ដែលជាម្ចាស់ចំការមានអារម្មណ៍សោកសៅចំពោះការខាតទាំងពេលវេលា និងលុយកាក់ដែលលោកបានចំណាយទៅលើចំការនេះ។ នៅឆ្នាំនេះលោកប្រឹងប្រែងថែទាំចំការយ៉ាងល្អបំផុត ដោយរំពឹងថានឹងបានផលច្រើនជាងរាល់ឆ្នាំ។ ឈ្មួញទិញផ្លែឈើជាច្រើននាក់បានទាក់ទងម៉ៅទិញផ្លែឈើទាំងចំការពីលោកដូចសព្វដង។
ជាអកុសលសម្រាប់លោក ស្ថានភាពរវាងឥណ្ឌានិងប៉ាគីស្ថានបានធា្លក់ចុះកាន់តែដុនដាប នៅមុនពេលលោកចុះកិច្ចព្រមព្រៀងលក់ផ្លែឈើឲ្យឈ្មួញ។ ពួកឈ្មួញបានចាក ចេញដោយសារខ្លាចការបាញ់គ្នា»។
លោក Khwaja Maqsood Qadir ដែលជាម្ចាស់ចំការបាននិយាយថា៖ «ខ្ញុំប្រាប់ពួកគេថាខ្ញុំម៉ៅលក់តម្លៃ៧០០០ដុល្លារ។ ពួកឈ្មួញដូចជាចាប់អារម្មណ៍នឹងតម្លៃនេះ។ ខណៈយើងកំពុងចរចាគ្នារឿងតម្លៃ ការបាញ់គ្នាបានចាប់ផ្តើម។ ពួកឈ្មួញ ថាក្នុងស្ថានភាពដូចនេះ ពួកគេមិនអាចបេះផ្លែប៉ោមទាំងអស់បានទេ។ ការបាញ់គ្នាកាន់តែខ្លាំងឡើងធ្វើឲ្យពួកគេខ្លាច និងបានរត់ចេញទៅសូម្បីតែតែមួយពែងក៏មិនហាននៅផឹកផង»។
ការបាញ់គ្នាបានកើតឡើងនៅទូទាំងតំបន់ដែលគេស្គាល់ថាជាខ្សែបន្ទាត់ត្រួតពិនិត្យព្រំដែនរវាងឥណ្ឌានិងប៉ាគីស្ថាននៅក្នុងតំបន់ Kashmir បានក្លាយជារឿងធម្មតា។
កាលពីឆ្នាំមុនភាគីទាំងពីរបានបាញ់ដាក់គ្នាទៅវិញទៅមករាប់ពាន់ដង ដោយបាន សម្លាប់មនុស្សរាប់រយនាក់។
ដោយសារតែមានចំនួនពលរដ្ឋច្រើនជាងនៅខាងព្រំដែនប៉ាគីស្ថាន ធ្វើឲ្យជនស៊ីវិលច្រើនរងគ្រោះថ្នាក់នៅទីនោះ។ ពលរដ្ឋរាប់ពាន់នាក់នៅក្នុងតំបន់នេះពឹងផ្អែកលើប្រាក់ ចំណូលពីចំការប៉ោម។ ពួកគេមានសង្ឃឹមច្រើនពីចំការ មុនពេលមានភាពតានតឹង។
លោក Tariq Saeed មកពីនាយកដ្ឋានកសិកម្មបាននិយាយថា៖«កាលឆ្នាំមុនរដូវរងារមានរយៈពេលយូរ ដែលអំណោយផលខ្លាំងដល់ដើមប៉ោម ដូច្នេះឆ្នាំនេះទន្និផលផ្លែឈើគ្រប់មុខមានការកើនឡើង។ ជាធម្មតាយើងប្រមូលផល ផ្លែប៉ោមបានចន្លោះពី២០ពាន់តោនទៅ២៥ពាន់តោនពីតំបន់នេះ។ ឆ្នាំនេះយើងរំពឹងថានឹងអាចប្រមូលផលបានដល់ទៅជាង៤០ពាន់តោន»។
ការបេះផ្លែប៉ោមនិងការវេចខ្ចប់ត្រូវប្រើពេលរាប់ខែ។ គេត្រូវការពេលជាច្រើនខែដើម្បីបេះផ្លែប៉ោមដែលទុំមុនក្រោយគ្នា។ ហើយត្រូវការមួយខែទៀតដើម្បីវេចខ្ចប់ដាក់ក្នុងប្រអប់ និងមួយខែទៀតដើម្បីដឹកវាទៅលក់នៅតាមផ្សារបោះដុំ។ ការងារទាំងអស់នេះមិនអាចធ្វើបានក្នុងស្ថានភាពបាញ់គ្នាជាប្រចាំដូច្នេះទេ។
ទោះបីជាម្ចាស់ចំការខ្លះអាចបេះផ្លែប៉ោមនៅរដូវនេះក៏ដោយ ក៏ពួកគេនៅតែខាតបង់នៅពេលលក់ចេញ។ លោក Zakir Naqvi ជាអ្នកស្រុករស់នៅក្នុងតំបន់បាននិយាយថា៖ «ខណៈពួកឈ្មួញដឹកផ្លែប៉ោមពីចំការនៅតាមផ្លូវពេលយប់ ភាគីឥណ្ឌាបានចាប់ផ្តើម បាញ់។ ពួកឈ្មួញបានចាក់ចោលផ្លែប៉ោមទាំងអស់នៅលើថ្នល់ និងបានរត់ទៅពួននៅក្រោមស្ពាន»។
តំបន់នេះល្បីខាងផ្លែឈើ។ ប៉ុន្តែនៅឆ្នាំនេះ ដោយសារតែមិនអាចបេះផ្លែប៉ោមបាន សូម្បីតែទីផ្សារក្នុងតំបន់ក៏នាំចូលផ្លែឈើគ្រប់មុខពីខាងក្រៅដែរ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា