ប្រទេសជាច្រើនបានចេញសេចក្តីណែនាំថ្មីស្តីពីការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនឱសថ AstraZeneca បន្ទាប់ពីនិយ័តករឱសថសហភាពអឺរ៉ុបបានប្រកាសពីការទាក់ទងរវាងវ៉ាក់សាំងនិងការកកឈាមដ៏កម្រនិងអាចមានគ្រោះថ្នាក់។
ចក្រភពអង់គ្លេសទីដែលវ៉ាក់សាំងនេះត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស និងស៊ុយអែត និងអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford បាននិយាយថា វានឹងផ្តល់ជម្រើសសម្រាប់មនុស្សពេញវ័យអាយុក្រោម ៣០ ឆ្នាំ។ អ្នកស្រាវជ្រាវនៅ Oxford បានផ្អាកការសាកល្បងវ៉ាក់សាំង AstraZeneca នៅគ្លីនិកទាក់ទងនឹងកុមារនិងក្មេងជំទង់ ខណៈនិយ័តករឱសថអង់គ្លេសធ្វើការត្រួតពិនិត្យសុវត្ថិភាពថ្នាំពីរដូសនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) រាយការណ៍ថា ប្រទេសអេស្ប៉ាញនិងហ្វីលីពីន នឹងកំណត់ប្រើវ៉ាក់សាំងនេះសម្រាប់តែមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំ ខណៈកាសែត The Washington Post រាយការណ៍ថា ប្រទេសអ៊ីតាលីបានចេញគោលការណ៍ណែនាំស្រដៀងគ្នានេះដែរ។
ទីភ្នាក់ងារឱសថអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ការកកឈាមគួរតែត្រូវបានចុះបញ្ជីជាផលប៉ះពាល់ដ៏កម្រមួយនៃវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ប៉ុន្តែបានបន្តសង្កត់ធ្ងន់ថា វាមានអត្ថប្រយោជន៍ទូទៅលើសហានិភ័យទាំងអស់។ បញ្ហាកំណកឈាមកម្រនេះពាក់ព័ន្ធនឹងការស្លាប់របស់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ នៅទូទាំងទ្វីបអឺរ៉ុប៕