ក្រុម​ឧទ្ទាម​កុំម្មុយនិស្ត​ហ្វីលីពីន​ប្រយុទ្ធ​កាន់​តែ​ខ្លាំង​ជាង​មុន គ្រាដែល​​រដ្ឋាភិបាល​មមាញឹក​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩

  • Ralph Jennings

បុគ្គលិក​សុខាភិបាល​ធ្វើ​តេស្ត​នៅ​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

ក្រុម​ឧទ្ទាម​កុំម្មុយនិស្ត​ប្រដាប់​ដោយ​អាវុធ កំពុង​ឆ្លៀតឱកាស​ក្នុងពេល​ដែល​រដ្ឋាភិបាល​ហ្វីលីពីន ព្យាយាម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដោយ​ចាប់ផ្តើម​ធ្វើ​ការ​វាយប្រហារ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​ការ​តស៊ូ​រយៈពេល​ជាង​៥០ឆ្នាំ​រឹតតែ​តឹងតែង និង​មិន​មាន​ដំណោះស្រាយ។

កងទ័ព​ប្រជាជន​ថ្មី ឬ ជា​ភាសា​អង់គ្លេស​ថា New People’s Army ដែល​មាន​សកម្មភាព​អស់​រយៈពេល​៥១ឆ្នាំ​មក​ហើយ នៅ​ក្នុង​តំបន់​ក្រីក្រ​ដាច់ស្រយាល​នៃ​ប្រជុំ​កោះ​ក្នុង​ប្រទេស​ហ្វីលីពីន នៅ​រក្សា​ការ​លបឆ្មក់​វាយប្រហារ និង​ធ្វើ​ការ​ថ្កោលទោស​ជា​សាធារណៈ​ដល់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Rodrigo Duterte ចំពោះ​វិធី​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩។

លោក Enrico Cau ដែល​ជា​អ្នក​ស្រាវជ្រាវ​ជំនាញ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សមាគម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​តៃវ៉ាន់​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«នេះ​ជា​ផ្នែក​នៃ​មនោគមវិជ្ជា​ជា​មូលដ្ឋាន​របស់​ពួកគេ។ នៅ​ពេល​ដែល​ពួកគេ​មាន​ឱកាស​វាយប្រហារ​ទៅ​លើ​សត្រូវ ពួកគេ​នឹង​ធ្វើ។ នេះ​ជា​មូលដ្ឋាន​នៃ​ប្រតិបត្តិការ​របស់​ពួកគេ។ ជំងឺ​កូវីដ១៩ គឺជា​ឱកាស​បែប​យុទ្ធសាស្ត្រ​មួយ»។

បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ​ថា Rappler.com បាន​រាយការណ៍​ថា នៅ​ចុង​ខែ​មីនា និង​ខែមេសា យុទ្ធជន​នៃ​កងទ័ព​ប្រជាជន​ថ្មី​ចំនួន​១៨នាក់ និង​ទាហាន​រដ្ឋាភិបាល​ចំនួន​៣១នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាច្រើន​លើក។ សារព័ត៌មាន​ Rappler.com រាយការណ៍​ទៀត​ថា កាលពី​ថ្ងៃទី១ ខែឧសភា គណបក្ស​កុំម្មុយនិស្ត​ហ្វីលីពីន​ដែល​ជា​ស្ថាប័ន​ធំ​មួយ​នៃ​កងទ័ព​ឧទ្ទាម​បាន​បញ្ចប់​ជា​ផ្លូវការ​នូវ ​«បទ​ឈប់​បាញ់» ហើយ​បាន​បញ្ជា​ឲ្យ​វាយប្រហារ។

គណបក្ស​កុំម្មុយនិស្ត​បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ការ​បះបោរ​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​ចំនួន​២១៩ ក្នុង​ខេត្ត​ចំនួន​៣១ ក្នុង​ចំណោម​ខេត្ត​ទាំង​៨១​របស់​ប្រទេស​នេះ គិត​ត្រឹម​ថ្ងៃទី១០ ខែមេសា។

ក្រុម​ឧទ្ទាម កំពុង​បង្កើន​ការ​រិះគន់​ដោយ​ពាក្យ​សម្តី​ផង​ដែរ។ គេហទំព័រ​របស់​ក្រុម​ឧទ្ទាម​បាន​ថ្កោលទោស​ដល់​រដ្ឋាភិបាល​លោក Duterte ចំពោះ​ការ​ចែកចាយ​ស្បៀងអាហារ​ និង​បរាជ័យ​ដែល​គេ​មើល​ឃើញ​ក្នុង​ការ​ធ្វើ​ការ​តេស្ត ការ​តាមដាន និង​ការ​ដាក់​មនុស្ស​ដែលឆ្លង​ជំងឺ​កូវីដ​១៩​ដ៏​កាចសាហាវ​នេះ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក។

អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ University of the Philippines Diliman បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«វា​អាច​ជា​ផលប្រយោជន៍​របស់​ពួកគេ​ក្នុង​ការ​ព្យាយាម​យក​ចំណេញ​ពី​ស្ថានភាព​នេះ​ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​គ្រប់គ្រាន់ ដោយសារ​តែ​ពួកគេ​អាច​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​មាន​ការ​មិន​ពេញ​ចិត្ត​ ជាពិសេស​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់»។

សារព័ត៌មាន​អនឡាញ​ឈ្មោះ​ថា ASEAN Post បាន​រាយការណ៍​ថា គិត​ត្រឹម​ខែ​មេសា គ្រួសារ​ក្រីក្រ​ប្រមាណ​១៨លាន​គ្រួសារ មិន​ទាន់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ចំនួន​៩៨​ដុល្លារ ដែល​បាន​សន្យា​នៅ​ក្នុង​ខែ​មីនា​នោះ​នៅ​ឡើយ​ទេ។

គណបក្ស​កុំម្មុយនិស្ត​ហ្វីលីពីន​ និង​កងទ័ព​ប្រជាជន​ថ្មី​និយាយ​ថា ពួកគេ​សង្ឃឹម​ថា នឹង​ផ្តួល​រំលំ​រដ្ឋាភិបាល និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ហ្វីលីពីន​ថ្នាក់កណ្តាល​ដឹកនាំ​ប្រទេស​របស់​ពួកគេ។ គណបក្ស​កុំម្មុយនិស្ត​នេះ ក៏​សង្ឃឹម​ថា នឹង​លុបចោល​ឥទ្ធិពល​អាមេរិក​ចេញ​ពី​ប្រទេស​ហ្វីលីពីន​ផង​ដែរ។

ក្រុម​ដែល​មាន​ជន​សកម្ម​ប្រយុទ្ធ​ប្រមាណ​៤.០០០នាក់​នេះ បាន​សម្លាប់​មនុស្ស​សរុប​ប្រមាណ​៣០.០០០នាក់​ហើយ។

អ្នក​វិភាគ​និយាយ​ថា ការ​ប្រយុទ្ធ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទំនង​មិន​បាន​ជួយ​ឱ្យ​មាន​ការ​គាំទ្រ​ពី​អ្នក​នៅ​ក្រៅ​តំបន់​ក្រីក្រ ដែល​ជា​តំបន់​គាំទ្រ​ដល់​បុព្វហេតុ​របស់​ពួកគេ​នោះ​ទេ។ លោក Cau​ បាន​និយាយ​ថា ពួកគេ​គួរតែ​ជ្រើស​យក «មធ្យោបាយ​អភិរក្ស​និយម​ជាង​នេះ» ដើម្បី​ជំរុញ​ឱ្យ​មាន​ការគាំទ្រ​ដល់​បុព្វហេតុ​របស់​ពួកគេ​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ Duterte កំពុង​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​វិញ។ លោក Harry Roque អ្នក​នាំ​ពាក្យ​ការិយាល័យ​ប្រធានាធិបតី​បាន​និយាយ​កាលពី​ខែ​មេសា​ថា លោក [ប្រធានាធិបតី ]​ នឹង​ «មិន​ស្ទាក់ស្ទើរ» ក្នុង​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នោះ​ទេ​ ប្រសិនបើ​ក្រុម​ឧទ្ទាម​នៅ​តែ​បន្ត​វាយប្រហារ​ទៅ​លើ​ទាហាន​នោះ។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​ថា លោក Duterte បាន​សម្រេច​ចិត្ត​កាលពី​ខែ​មេសា​ប្រឆាំង​នឹង​ការ​បន្ត​កិច្ចចរចា​សន្តិភាព ដោយសារ​តែ​ក្រុម​ឧទ្ទាម​បាន​វាយប្រហារ​លើ​ទាហាន​ ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​បញ្ជូន​ស្បៀង​អាហារ៕