បក្ស​កុម្មុយនិស្ត​ចិន​និង​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ថយ​ការ​អាក់អន់​ចិត្ត​គ្នា​លើ​ករណី​ដែនសមុទ្រ

  • Ralph Jennings

លោក​ Eng Hongwei (រូបស្តាំ​) អនុរដ្ឋមន្រ្តី​សន្តិសុខ​សាធារណៈចិន​ ចាប់ដៃ​ជាមួយ​លោក​ Nguyen Quang Dam មេ​បញ្ជាការ​នៃកងល្បាត​សមុទ្រ​វៀតណាម ក្នុង​រដ្ឋធានីប៉កាំង​ ប្រទេសចិន​ (រូបថតថ្ងៃ​ទី២៦ ខែសីហា​ ឆ្នាំ២០១៦​)។

ប្រទេសចិន​ផ្តើម​វាយប្រហារ​ដោយ​ពាក្យពេចន៍​សាជាថ្មី​លើ​ប្រទេស​វៀតណាម​ ដែលជា​គូ​ជម្លោះ​ដ៏ធំជាងគេ​ក្នុងជម្លោះ​ដែនសមុទ្រ​ចិនខាងត្បូង​ បន្ទាប់​ពីមានភាព​ស្ងប់ស្ងាត់​រយៈពេល​មួយឆ្នាំ​មក ប៉ុន្តែ​ក្រុមអ្នកវិភាគ​ជឿថា​បក្សកុម្មុយនិស្ត​នៃប្រទេស​ទាំងពីរ​នឹងជួបប្រជុំ​គ្នាដើម្បី​បង្ការនូវ​ការ​រាលដាល​ជម្លោះ​នេះ។

ការ​ខឹង​សម្បា​ភ្លាមៗ​បាន​បញ្ចប់​ទៅវិញ​តាមរយៈ​ទស្សនកិច្ច​របស់​មន្រ្តី​យោធា​ចិន​ម្នាក់​ក្នុង​ប្រទេស​វៀតណាម និង​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ខែ​នេះ​ដើម្បី​ឲ្យ​វៀតណាម​បោះបង់​ចោល​ការ​ទាញ​យក​ប្រេង​ពី​ក្នុង​ដែនសមុទ្រ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ប្រឈម​មុខ​ដាក់​គ្នា​។ ភាព​តានតឹង​ថ្មី​នេះ​ កើតឡើង​មួយ​ឆ្នាំ​បន្ទាប់ពី​ក្រុម​មន្រ្តី​នៃ​ប្រទេស​ទាំងពីរ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ដែនសមុទ្រ​ និង​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត។

បើ​ទោះ​ជា​មាន​ការ​ភ័យខ្លាច​ថា​អាច​មាន​ជម្លោះ​ម្តង​ទៀត​ដូច​កុបកម្ម​ប្រឆាំង​នឹង​ចិន​នៅ​ឆ្នាំ២០១៤​ក្នុង​ប្រទេស​វៀតណាម ឬ​ការ​ប៉ះទង្គិច​ក្នុង​ដែនសមុទ្រ​ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ក្នុង​ឆ្នាំ​១៩៧៤និង​ឆ្នាំ១៩៨៨ក៏ដោយ​ ក៏​ក្រុម​អ្នក​ឃ្លាំមើល​រំពឹង​ថា​មេដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​កុម្មុយនិស្ត​ទាំង​ពីរ​នេះ​ នឹង​អាច​ជួប​ប្រជុំ​គ្នា​ដើម្បី​បង្អាក់​ដល់​ជម្លោះ​នេះ។
លោក​ Oh Ei Sun សាស្រា្តចារ្យ​បង្រៀន​មុខវិជ្ជា​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ Nanyang ក្នុង​ប្រទេស​សិង្ហបុរី​ថ្លែង​ថា យន្តការ​បែបនេះ​ធ្លាប់​បាន​ធ្វើ​កាល​ពី​៥​ទៅ​១០ឆ្នាំ​មុន ។

លោក​ Oh បាន​និយាយ​ថា​៖ «ជាទូទៅ​ អ្នក​អាច​មើល​ឃើញ​ថា​ រឿង​នេះ​ជា​ការ​ខ្វែង​គំនិត​គ្នា​ធ្ងន់ធ្ងរ​ ប៉ុន្តែ​ក្រោយ​មក​ក្លាយ​ទៅ​ជា​ទំនាក់ទំនង​ដ៏​ពិសេស​មួយ ដែល​ហៅ​ថា ទំនាក់ទំនង​រវាង​គណបក្ស​នយោបាយ​និង​គណបក្ស​នយោបាយ​រវាង​គណបក្ស​កុម្មុយ​និស្ត​ចិន​និង​គណបក្សកុម្មុយនិស្ត​វៀតណាម​ដែល​ជា​ដៃគូ​ ដូច្នេះ​ខ្ញុំ​រំពឹង​ថា​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ឬ​អាច​នឹង​ប៉ុន្មាន​សប្តាហ៍​ផង អ្នក​នឹង​ឃើញ​មាន​ប្រតិភូ​គណបក្ស​ប្រជុំ​គ្នា»។

លោក​បាន​បន្ត​ថា៖ «នៅ​ពេល​នោះ ពួកគេ​នឹង​និយាយ​ពី​បញ្ហា​ទាំងអស់​នោះ បន្ទាប់​មក​អ្នក​នឹង​ឃើញ​ថា​ជម្លោះ​បែប​នោះ​នឹង​ត្រូវ​បាន​ដោះស្រាយ ​យ៉ាង​ហោច​ណាស់​ក៏​ជា​បណ្តោះ​អាសន្ន​ដែរ»។

ប្រទេស​ចិន​អាច​នឹង​មិន​បណ្តោយ​ឲ្យ​វៀតណាម​ទាញ​យក​ប្រេង​ដោយ​ស្រួលៗ​ឡើយ​ ប៉ុន្តែ​ប្រទេស​វៀតណាម​ក៏​កំពុង​តែ​សាកល្បង​ប្រទេស​ចិន​ដែរ​ នេះ​បើ​តាម​សម្តី​របស់​លោក​ Collin Koh អ្នក​សិក្សាស្រាវជ្រាវ​សន្តិសុខ​ដែនសមុទ្រ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang ក្នុង​ប្រទេស​សិង្ហបុរី។ លោក​បាន​ព្យាករ​ថា ប្រទេស​ទាំងពីរ​នឹង​បញ្ចៀស​ជម្លោះ​ពិត។

លោក​ Koh បាន​និយាយ​ថា​៖ «អ្នក​នឹង​នៅ​តែ​ឃើញ​មាន​កិច្ចពិភាក្សា​សម្ងាត់​នានា​រវាង​ប្រទេស​ទាំងពីរ​ ​គឺ​រវាង​គណបក្ស​នៃ​ប្រទេស​ទាំងពីរ​តែ​ម្តង។ ជា​រឿយៗ​ ប្រទេស​ទាំងពីរ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​នានា​ ដូចជា​ពួកគេ​ព្រមព្រៀង​គ្នា​ដោះស្រាយ​ជម្លោះ​នោះ​ឲ្យ​បាន​ល្អ។ អ្វីៗ​កំពុង​ដំណើរការ​យ៉ាង​រលូន មិន​បាច់​បារម្ភ​អំពី​ការ​ឈ្លោះ​គ្នា​រវាង​បង​ប្អូន​បក្ស​កុម្មុយនិស្ត​ទាំងពីរ​នេះ​ឡើយ​ ដូច្នេះ​យើង​មិន​បាច់​បារម្ភ​ខ្លាំង​ពេក​ថា​មាន​សង្គ្រាម​នោះ​ទេ»។

ជាក់ស្តែង​ ក្នុង​ខែ​មេសា​ឆ្នាំ​២០១៥​ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កុម្មុយនិស្ត​ទាំង​ពីរ​នេះ​ បាន​ប្តេជ្ញា​ថា​នឹង​ប្រើ​ការ​សន្ទនា​ដើម្បី​បញ្ចប់​ជម្លោះ​ដែន​សមុទ្រ​នេះ។ មិន​ដល់​មួយ​ឆ្នាំ​ផង​ ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​ប្រទេស​វៀតណាម​ តាមរយៈ​ការអនុញ្ញាត​ឲ្យ​មាន​កន្លែង​ជីក​ប្រេង​ក្នុង​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ ដែល​ស្ថិត​ក្នុង​ចម្ងាយ​២៤០​គីឡូម៉ែត្រ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​នេះ។

​លោក​ Murray Hiebert នាយករង​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន បាន​និយាយ​ថា៖

«ច្បាស់​ណាស់​ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​កងទ័ព​ជើង​ទឹក​តិចតួច​ជាង​ ប្រទេស​វៀតណាម​ច្បាស់​ជា​ចង់​សន្ទនា​គ្នា ជាជាង​ប្រើ​សកម្មភាព​ហិង្សា​ណា​មួយ។​ វា​ពិបាក​នឹង​ទស្សន៍ទាយ​ថា​ជម្លោះ​កំប៉ិកកំប៉ុក​វា​នឹង​បន្ត​រហូតដល់​ពេលណា​ ប៉ុន្តែ​ប្រទេស​ទាំងពីរ​មានបំណង​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​ក្នុង​ពេល​នេះ»។

ប្រទេស​វៀតណាម​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ នៃ​បណ្តា​ប្រទេស​ទាំង២១​ ក្នុង​ខែ​វិច្ឆិកា​នេះ​ ហើយ​ប្រទេស​ចិន​ត្រៀមខ្លួន​រួច​ជាស្រេច​សម្រាប់​មហាសន្និបាត​គណបក្ស​កុម្មុយនិស្ត​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក Hiebert។

ប៉ុន្តែ​លោក​ Koh បាន​បង្ហាញ​នូវ​ការ​ប្រុងប្រយ័ត្ន​ថា សេចក្តីថ្លែងការណ៍​រវាង​គណបក្ស​និង​គណបក្ស​ «មិន​សូវ​មាន​ន័យ​ទេ» ហើយ​ចិន​នៅ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ទាមទារ​ដូចគ្នា​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ៣លាន៥សែន​គីឡូម៉ែត្រ​ការ៉េ។ ប្រទេស​ទាំង​ពីរ​បាន​ចាក់​ដី​បំពេញ​ជា​កូនកោះ​សិប្បនិម្មិត​តូចៗ​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួកគេ​រៀងៗ​ខ្លួន។ ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​គឃ្លើន​បំផុត​ដែល​ប្រឆាំង​នឹង​ចិន​ដែល​ទាមទារ​យក​ដែនសមុទ្រ​ជាង៩០​ភាគរយ​នៃ​សមុទ្រ​ទាំងមូល​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេង​ ឧស្ម័ន​ និង​ជា​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់។

របាយការណ៍​កាល​ពី​សប្តាហ៍​មុន​បាន​សរសេរ​ថា​ ប្រទេស​វៀតណាម​បាន​ប្រាប់​ដល់​ក្រុមហ៊ុន​ប្រេង​បរទេស​មួយ​ឲ្យ​ផ្អាក​ការ​សិក្សា​ស្រាវជ្រាវ​រក​ប្រេងឥន្ធនៈ​ផូស៊ីល​នៅ​ជុំវិញ​Vanguard Bank ក្នុង​ប្រជុំកោះ​ Spratly ដែល​ប្រហែល​មក​ពី​តំបន់​នេះ​ស្ថិត​ក្រោម​ការដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ពី​ប្រទេស​ចិន។

លោក​ Le Hong Hiep អ្នក​សិក្សាស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា ប្រទេស​វៀតណាម​អាច​នឹង​បោះជំហាន​ថយក្រោយ​ដើម្បី​លួង​ចិត្ត​ប្រទេស​ចិន​ ឬ​ក៏​អាច​នឹង​បញ្ចប់​គម្រោង​ការ​របស់​ខ្លួន​តែ​ម្តង។

ប៉ុន្តែ​ប្រទេស​វៀតណាម​រំពឹង​ថា នឹង​បន្ត​ការ​រុករក​ប្រេង​តាមរយៈ​ការ​ការពារ​ពី​សាលក្រម​របស់​តុលាការ​អាជ្ញា​កណ្តាល​ពិភពលោក​កាល​ពី​ខែកក្កដា​ ឆ្នាំ២០១៦​ ដែល​បាន​កាត់​សេចក្តី​ថា ប្រទេស​ចិន​មិន​មាន​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ទាមទារ​យក​ភាគច្រើន​នៃ​ដែន​សមុទ្រ​តាម​ការ​ដែល​ខ្លួន​អះអាង​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Le។ ប្រទេស​ចិន​បាន​ច្រានចោល​នូវ​សាល​ក្រម​នោះ។

ក្រុម​អ្នកវិទ្យាសាស្រ្ត​នយោបាយ​បាន​កត់​សម្គាល់​ថា​ បណ្តា​ប្រទេស​ទាំងអស់​ដែល​ទាមទារ​យក​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​មាន​ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​កោះ​តៃវ៉ាន់ ​ត្រូវ​តែ​បង្ហាញ​ជា​រឿយៗ​ថា ពួកគេ​នៅ​តែ​ទាមទារ​ដដែល។

លោក​ Le បាន​មាន​ប្រសាសន៍​ថា​៖ «តាម​ទស្សនៈ​របស់​ប្រទេស​វៀតណាម​ សាលក្រម​នោះ បាន​បញ្ជាក់​ថា តំបន់​នេះ​មិនមែន​ជា​តំបន់​ជម្លោះ​ទៀត​ឡើយ​ ហើយ​ប្រទេស​វៀតណាម​មាន​អធិបតេយ្យភាព​ផ្តាច់​មុខ​លើ​តំបន់​នោះ។ អញ្ចឹង​ហើយ​ បាន​ជា​ប្រទេស​វៀតណាម​មាន​ចិត្ត​ក្លាហាន​និង​ជឿជាក់​ថា​សកម្មភាព​របស់​ខ្លួន​ក្នុង​តំបន់​នោះ​សមហេតុ​សមផល​ណាស់»។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ Xinhua របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រាយការណ៍​ថា កាល​ពី​ខែ​មុន អនុប្រធាន​នៃ​គណៈកម្មាធិការ​កងទ័ព​មជ្ឈិម​ចិន​ បាន​មក​ចូលរួម​ក្នុង​ «កិច្ចប្រជុំ​ការពារ​ព្រំដែន​» ក្នុង​ប្រទេស​វៀតណាម ដែល​បញ្ចប់​មុន​ការ​គ្រោង​ទុក។ ក្រុម​អ្នក​ជំនាញការ​គិត​ថា លោក​ចាកចេញ​លឿន​មុន​ការ​កំណត់​ដើម្បី​ព្រមាន​ដល់​ប្រទេស​វៀតណាម​ចំពោះ​ការ​រុករក​ប្រេង​ក្នុង​ដែនសមុទ្រ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​